ប្រឈម​នឹងការ​គំរាមកំហែង​ចិន តៃវ៉ាន់ប្តូរវិធី​សាស្ត្រ​​ធ្វើ​សម​យុទ្ធ​ប្រចាំ​ឆ្នាំ
  • ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
ប្រឈម​នឹងការ​គំរាមកំហែង​ចិន តៃវ៉ាន់ប្តូរវិធី​សាស្ត្រ​​ធ្វើ​សម​យុទ្ធ​ប្រចាំ​ឆ្នាំ
ប្រឈម​នឹងការ​គំរាមកំហែង​ចិន តៃវ៉ាន់ប្តូរវិធី​សាស្ត្រ​​ធ្វើ​សម​យុទ្ធ​ប្រចាំ​ឆ្នាំ​​ AP

ដោយ៖អៀង សុខម៉ិញ (RFI ខេមរភាស)
 
តៃវ៉ាន់​កំពុង​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​ ក្នុង​ទម្រង់​ជា​ការ​ការពារ​ខ្លួន​ពី​ការ​វាយ​ប្រហារ​ចូល​ឈ្លាន​ពាន​​ជា​យថាហេតុរបស់​ចិន។ សមយុទ្ធ​ បាន​​ចាប់​ផ្តើម​ពី​​ថ្ងៃ​ចន្ទ​ទី​២២ ខែ​កក្កដា មាន​រយៈ​ពេល​៥​ថ្ងៃ។ ប៉ុន្តែ​ឆ្នាំ​នេះ តៃវ៉ាន់​បានប្តូរ​ផ្លាស់​វិធីសាស្ត្រ​ធ្វើ​​​លំហាត់​សឹក​ ដើម្បី​សម្រប​ទៅ​នឹង​ស្ថានភាព​គំរាមកំហែង​មក​ពី​ខាង​ចិន និង​​បាន​លុប​ចោល​កម្មវិធី​ខ្លះ ដោយ​ហេតុ​តែ​មាន​ព្យុះ​កំណាច។
TTN-Free-Banner-In-Article-PC
 
តៃវ៉ាន់ ​តែង​បើក​ធ្វើ​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិត​ Han Kuang ត្រៀម​ប្រឈម​នឹង​ការ​ឈ្លាន​ពាន​ជា​យថា​ហេតុ​មក​ពី​ខាង​ចិន ជា​រៀង​រាល់​ឆ្នាំ​។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ សមយុទ្ធ​មាន​លក្ខណៈ​ខុស​ពី​ឆ្នាំ​មុនៗ។ យោធា​តៃវ៉ាន់​ មិន​ធ្វើ​លំហាត់ប្រយុទ្ធ​ ជា​របៀប​បង្ហាញ​សកម្មភាព​ឱ្យ​អ្នក​កាសែត​ថត​ទេ និង​ក៏​គ្មាន​ដែរ​ លំហាត់​ទាហាន​ដើរ​តាម​ចង្វាក់ និង​កាន់​កាំភ្លើង​ភ្ជង់សត្រូវ ជា​ជួរៗ​ ព្រោះ​វា​មិន​ស៊ី​នឹង​ស្ថានភាព​ទំនើប​បច្ចុប្បន្នទេ។ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​តៃវ៉ាន់ថ្មី ចង់​ឃើញ​ទាហាន​អនុវត្ត​កាយវិការ ដែល​នឹងអាច​​កើត​ឡើង​ពិត ហើយ​ត្រូវ​នឹង​សង្គ្រាម​ជាក់​ស្តែង។
 
ការ​ប្តូរ​ផ្លាស់​ចម្បង​មួយ​ទៀត​ គឺ​ការ​ដក​ពិសោធ​ន៍​ធ្វើ​លំហាត់​សឹក​ក្រោម​រចនា​សម្ព័ន្ធ​ថ្មី​ដែល​ទី​បញ្ជាការ​ដ្ឋាន​មិន​ស្ថិត​ក្រោម​អំណាច​កណ្តាល​តែ​មួយ។ ពោល​គឺ​ការ​ហាត់​ហ្វឹក​ហ្វឺន​ឱ្យ​ទាហាន​តៃវ៉ាន់មាន​ភាព​វៀង​វៃ​ចេះជំនះភាព​ស្មុគស្មាញ​​​ និង​សម្រេច​ទៅ​តាម​ស្ថានការណ៍​ជាក់​ស្តែង​នៅ​លើ​សមរភូមិ​​ ដែល​មាន​លក្ខណៈ​កាន់​តែ​មិន​ច្បាស់លាស់ឡើង បើ​យោល​ទៅ​លើ​សមត្ថភាព​របស់​សត្រូវ។ នៅ​ក្នុង​សមយុទ្ធមុនៗ កងទ័ព​តៃវ៉ាន់​បាន​ទទួល​បញ្ជា​ជាមុន ប្រាប់​នូវ​រាល់​ឆាក​ឈុត​ដែល​ត្រូវ​ធ្វើ តែ​ពេល​នេះ​យោធា​ត្រូវ​បញ្ចេញសកម្មភាព​តប​នឹង​ព្រឹត្ត​ការណ៍​ដោយ​ភ្លាមៗ​ ប្រកប​ដោយ​ទំនុក​ចិត្ត​ និង​ភាព​ក្លាហាន។
 
​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ជា​ការ​ប្រមូល​ផ្តុំ​កងទ័ព​ជើង​គោក ជើង​ទឹក​និង​ជើង​អាកាស។ កង​ម៉ារីន បានចេញ​ធ្វើ​ប្រតិបត្តិការ​បន្ទាន់​ ​​តាំងពី​ព្រលឹម​ថ្ងៃ​ចន្ទ​ នៅ​ឆ្នេ​រ​ខាង​ជើង។ ​លំហាត់​មាន​​បាញ់​គ្រាប់​ពិត ធ្វើ​ឡើង​តែ​នៅ​ជុំ​វិញ​កោះ​តូចៗនៅ​ព័ទ្ធ​ជុំ​វិញ​​តៃវ៉ាន់ ដែល​នាវា​និង​យន្តហោះ​ចម្បាំងចិន​ឧស្សាហ៍​ចូល​មកដល់​​ នាប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ​​ប៉ុន្តែ​ទំហំ​នៃ​សមយុទ្ធត្រូវ​បាន​បង្រួម​​តូច​ជាង​រាល់​ឆ្នាំ ដើម្បី​សម្រប​ទៅ​នឹង​អាកាសធាតុ​មិន​អំណោច​ផល។ នៅ​ថ្ងៃអង្គារ​នេះ យោធា​តៃវ៉ាន់​បាន​សម្រេច​លុប​ចោល​លំហាត់​សឹក​មួយ​ចំនួន​ របស់​កង​ម៉ារីន និង​កង​ទ័ព​អាកាស។ ព្យុះ​ទីហ្វុង​ កែមី នឹង​មក​ដល់ដែន​ដី​តៃវ៉ាន់​នៅ​ពុធ​ស្អែក ជាមួយ​ទឹក​ភ្លៀង​និង​ខ្យល់ដ៏​កំណាច​ បោកបក់​ក្នុង​​ល្បឿន​១៤៤​គីឡូម៉ែត្រ​ក្នុង​ម៉ោងជាមធ្យម។​
 
ពី​មូល​ដ្ឋាន​ទ័ព​អាកាស​Hualien ប្រធានាធិបតី​តៃវ៉ាន់ លោក ឡៃឈីងទឿ ដែល​​ចូល​រួម​​ធ្វើលំហាត់​សម​ចូល​សង្គ្រោះ​ជន​រងគ្រោះនិង​បាន​ប្រកាស​ថា តៃវ៉ាន់​បន្ត​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ឱ្យ​បាន​ប្រសើរ​ឡើង​ ដើម្បីការពារ​ប្រជាជន​តៃវ៉ាន់​ផង​និង​បង្ហាញ​ពិភពលោក​អំពី​ឆន្ទៈ​ដាច់​ខាត​​ក្នុងការ​ពារដែន​ដី​​តៃវ៉ាន់​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ចិន​បានបន្ថែម​សម្ពាធ​យោធា​និង​នយោបាយ​លើ​តៃវ៉ាន់ ដោយ​ថែម​ទាំងសំឡុត​ប្រើ​កម្លាំ​ង​បាយ​ដើម្បី​បង្រួបបង្រួម​តៃវ៉ាន់​ជា​ចិន​តែ​មួយ។ ការបង្រួបបង្រួម​ដែល​មិន​អាច​បញ្ចៀស​បាន​ឡើយសម្រាប់​ប៉េកាំង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com

Other