កងកម្លាំងសន្តិសុខបារាំង បាញ់ទម្លាក់ដ្រូនយ៉ាងហោច៦ក្នុងមួយថ្ងៃ ក្បែរទីតាំងដំណើរការអូឡាំពិក
- ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១:៥៩ នាទី រសៀល

កងកម្លាំងការពារសន្តិសុខបារាំង ដែលឈរជើងនៅក្បែរទីតាំងការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤ តែងតែបាញ់យន្តហោះគ្មានមនុស្សបើក (ដ្រូន) យ៉ាងហោចណាស់ចំនួន ៦គ្រឿង ក្នុងមួយថ្ងៃ។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal។

តាមការអះអាងបន្ថែមរបស់លោក Attal ភាគច្រើនការបង្ហោះដ្រូន ទាំងនោះគឺអ្នកទេសចរណ៍ ឬអ្នកមកទស្សនាកីឡាអូឡាំពិក បានប្រើប្រាស់ក្នុងគោលបំណងដើម្បីថតរូបភាពផ្សេងៗ។
ឆ្លៀតឱកាសបញ្ជាក់ប្រាប់អ្នកកាសែតទាក់ទងនឹងការបាញ់ទម្លាក់ដ្រូន ក្បែ ឬក្នុងតំបន់ប្រកួតកីឡាអូឡាំពិក នាយករដ្ឋមន្ត្រីបារាំង ក៏បានដាស់តឿនទៅអ្នកដែលមានបំណងកម្សាន្តក្នុងទីក្រុងប៉ារីស ក្បែរទីកន្លែងប្រកួតឱ្យស្វែងយល់ពីច្បាប់មួយចំនួនបន្ថែម។
ឆ្លៀតឱកាសបញ្ជាក់ប្រាប់អ្នកកាសែតទាក់ទងនឹងការបាញ់ទម្លាក់ដ្រូន ក្បែ ឬក្នុងតំបន់ប្រកួតកីឡាអូឡាំពិក នាយករដ្ឋមន្ត្រីបារាំង ក៏បានដាស់តឿនទៅអ្នកដែលមានបំណងកម្សាន្តក្នុងទីក្រុងប៉ារីស ក្បែរទីកន្លែងប្រកួតឱ្យស្វែងយល់ពីច្បាប់មួយចំនួនបន្ថែម។
លោក Attal បាននិយាយចំពោះមុខអ្នកកាសែត អំឡុងកម្មវិធីដាក់បង្ហាញប្រភេទយន្តហោះដ្រូនការពារអាកាស ស្ថិតក្នុងបរិវេណអាកាសយានដ្ឋានទ័ពអាកាស Velizy Villacoublay ក្រៅទីក្រុងប៉ារីស ដូច្នេះថា៖«ទាំងនេះគឺជារឿងដែលសំខាន់ ដែលយើងចង់ដាស់តឿនទៅកាន់អ្នកចូលរួមឱ្យស្វែងយល់បន្ថែមពីច្បាប់ ជុំវិញការហាមឃាត់មិនឱ្យបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន)នៅក្បែរទីតាំងប្រកួត។ ប្រព័ន្ធរង់ចាំស្ទាក់ចាប់ បានដាក់នៅនឹងកន្លែងប្រកួត ដើម្បីស្ទាក់ចាប់ដ្រូន និងឈានទៅចាប់ខ្លួនអ្នកដែលធ្វើប្រតិបត្តិការចំពោះការបង្ហោះនោះថែមទៀត។»។

លោក Attal នាយករដ្ឋមន្ត្រីបារាំង បានអះអាងបន្ថែមថា ករណីកើតឡើងកន្លងមកភាគច្រើននៅក្បែរបរិវេណភូមិកីឡាអូឡាំពិក។ ក្រុមការងារស្ថិតក្នុងក្រុមរបស់លោក Attal បានបញ្ជាក់ថា ប្រធានផ្នែកទំនាក់ទំនងប្រតិភូកីឡារបស់ប្រេស៊ីល ត្រូវបានឃាត់ខ្លួនមកសួរនាំ ចំពោះការបង្ហោះដ្រូននេះផងដែរ។
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស មិនត្រឹមតែរឹតបន្តឹងចំពោះការបង្ហោះដ្រូន លើអាកាស ក្បែរតំបន់ប្រកួតឡើយ ប្រទេសបារាំងជាអ្នករៀបចំការប្រកួត បានត្រៀមខ្លួនយ៉ាងខ្លាំងចំពោះការ ការពារសន្តិសុខដ៏តឹងរឹង ក្នុងបំណងរក្សាសុវត្ថិភាពអ្នកគាំទ្រ អត្តពលិក និងមន្ត្រីកីឡាទាំងអស់។
ប្រទេសបារាំងបានប្រើប្រាស់កងកម្លាំងកងទ័ពប្រមាណ ១៨,០០០នាក់ ដើម្បីដាក់ពង្រាយការពារសន្តិសុខជុំវិញតំបន់អូឡាំពិក ខណៈកងកម្លាំងប្រមាណ ១១,០០០នាក់ ដាក់ពង្រាយច្រើនបំផុតក្នុងតំបន់ Ile de France ជុំវិញទីក្រុងប៉ារីស។ អំឡុងពេលពិធីបើកព្រឹត្តិការណ៍ កីឡាអូឡាំពិក ដែលនឹងធ្វើឡើងលើកដំបូងនៅក្រៅកីឡដ្ឋាន ដោយរៀបពិធីដង្ហែក្រុមអត្តពលិក និងប្រតិភូ នៅលើទូក បណ្តែតតាមដងទន្លេសែន (Seine) ប្រវែង ៦,៣គីឡូម៉ែត្រ។
បារាំងក៏បានប្រកាសដែរថា ដែនអាកាសប្រវែងប្រមាណ ១៥០គីឡូម៉ែត្រ ជុំវិញបរិវេណទីក្រុងប៉ារិស ក៏នឹងត្រូវបិទផងដែរ នៅថ្ងៃទី២៦ ខែកក្កដា ចំពេលថ្ងៃរៀបចំកម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី ៣៣៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ