រដ្ឋមន្រ្តីពាណិជ្ជកម្មជំរុញឱ្យពង្រឹងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ
- ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១២:២៩ នាទី រសៀល

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ដោយ៖ ជ ដារី
ភ្នំពេញ៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោកស្រី ចម និម្មល ជំរុញឱ្យពង្រឹងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀងអាហារនិងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យសាធារណៈ និងឯកជនត្រូវរួមគ្នាធ្វើកិច្ចនេះឱ្យរលូន។

ប្រធានបទសុវត្ថិភាពម្ហូបអាហារ ត្រូវបានរដ្ឋាភិបាលចាត់ទុកជាបញ្ហាសំខាន់ទី១ ជាងពេលណាៗទាំងអស់ នៅក្នុងចំណោមបញ្ហាសំខាន់នានាត្រូវដំណោះស្រាយ។ លោកស្រី ចម និម្មល បានថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី«ការលើកកម្ពស់កិច្ចសហការសម្រាប់ការអនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព» នាថ្ងៃទី២២ ខែកក្កដា ដែលទាមទារឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ (ចាប់ពីកសិដ្ឋាន ដល់កន្លែងបរិភោគ)។
«ជាពិសេសគ្រប់ភាគីពាក់ព័ន្ធត្រូវសហការនិងផ្ដល់ព័ត៌មានដល់គ្នាក្នុងការសម្រួលដល់ការធ្វើផែនការនិងរៀបចំកម្មវិធីជាតិសម្រាប់ការអនុវត្តនិងការវិភាគ ដើម្បីគ្រប់គ្រងហានិភ័យអាចកើតមាននៅគ្រប់ខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ និងធានាបាននូវរាល់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានអនុវត្តនិងផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់»។ នេះការលើកឡើងរបស់លោកស្រីរដ្ឋមន្ត្រីពាណិជ្ជកម្ម។

បើតាមលោកស្រី ចម និម្មល បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម បានរៀបចំច្បាប់ បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាច្រើន។ ក្នុងនោះ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ និងច្បាប់សំខាន់ៗជាច្រើនទៀត កំពុងស្ថិតក្នុងសុពលភាពអនុវត្ត ដើម្បីធានាបាននូវសង្គតិភាព និងភាពអនុលោមរបស់ប្រតិបត្តិករធុរកិច្ច ព្រមទាំងបំពេញតាមកាតព្វកិច្ចរបស់កម្ពុជាជាសមាជិកអង្គការតំបន់ និងអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
លោកស្រីរដ្ឋមន្ត្រីពាណិជ្ជកម្ម បន្តជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធផ្តោតសំខាន់លើការពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀងអាហារនិងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ លើសពីនេះ ត្រូវបន្តការអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍ រឹតតែដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាព ក្នុងការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវ «កិច្ចព្រមព្រៀងស្ដីពីវិធានការអនាម័យ និងភូតគាមអនាម័យ» របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)។

ជាមួយគ្នានេះ ភាពចាំបាច់ក្នុងការធានាបានថាវិធានការនានាពាក់ព័ន្ធគុណភាព សុវត្ថិភាព ជាពិសេស វិធានការ SPS មិនត្រូវបានអនុវត្តក្នុងលក្ខណៈរើសអើងដោយគ្មានយុត្តិកម្ម ឬ ភ័ស្តុតាងបែបវិទ្យាសាស្រ្តនិងការវាយតម្លៃហានិភ័យត្រឹមត្រូវ ឬជាវិធានការរឹតត្បិតពាណិជ្ជកម្មអន្តរជាតិបែបបំភាន់អាចប៉ះពាល់ដល់សន្តិសុខស្បៀងអាហារក្នុងតំបន់ និងសកលលោកឡើយ។ ភាគីពាក់ព័ន្ធត្រូវរួមគ្នា ពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនកិច្ចប្រឹងប្រែងបន្ថែមទៀតផងដែរ ក្នុងការកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយម្ហូបអាហារ និងការគ្រប់គ្រងហានិភ័យដែលអាចកើតមាន តាមខ្សែច្រវាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ។ ទាំងនេះជាការទាមទាររបស់លោកស្រីរដ្ឋមន្ត្រីពាណិជ្ជកម្ម ចម និម្មល៕
© រក្សាសិទ្ធិដោយ thmeythmey.com