លិខិតឆ្លងដែនគ្មានទិដ្ឋាការ! សិង្ហបុរីមានឥទ្ធិពលជាងគេលើលោក ខណៈកម្ពុជា​ចូលបាន​៥៣គោលដៅ
  • ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
លិខិតឆ្លងដែនគ្មានទិដ្ឋាការ! សិង្ហបុរីមានឥទ្ធិពលជាងគេលើលោក ខណៈកម្ពុជា​ចូលបាន​៥៣គោលដៅ

សិង្ហបុរី នាំមុខគេជំនួសជប៉ុន​ក្នុងនាមជាប្រទេសដែល​ប្រើ​លិខិត​ឆ្លងដែន​ដ៏មានឥទ្ធិពលបំផុត​ក្នុងពិភពលោក។ នេះ​បើ​តាម​សន្ទស្សន៍ Henley Passport Index ឆ្នាំ២០២៤។ តារាងដដែល ​បង្ហាញថា កម្ពុជា​ស្ថិតនៅ​លេខរៀងទី​៨៦ ដោយ​អ្នកកាន់លិខិត​ឆ្លងដែន​កម្ពុជា អាច​ធ្វើដំណើរទៅ​ដល់​៥៣គោលដៅដោយមិន​ចាំបាច់​សុំ​ទិដ្ឋាការ។
TTN-Free-Banner-In-Article-PC
 
នារយៈពេល​១៩​ឆ្នាំ​កន្លងមកនេះ សន្ទស្សន៍ Henley Passport Index ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​ប្រឹក្សាយោបល់​ Henley & Partners មូលដ្ឋាន​នៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស ផ្តល់ចំណាត់ថ្នាក់​លិខិត​ឆ្លងដែនក្នុងចំណោម​១៩៩ប្រទេស​/ដែន​ដី និង​២២៧គោលដៅជុំវិញពិភពលោក តាមរយៈទិន្នន័យ​ដែល​ទទួលបានពី​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូនតាម​ផ្លូវ​អាកាស​អន្តរជាតិ (AITA)។ លិខិតឆ្លងដែនដែលមានចំនួនដូចគ្នានៃគោលដៅគ្មានទិដ្ឋាការត្រូវបានចាត់ចំណាត់ថ្នាក់ដូចគ្នា ដូច្នេះចំណាត់ថ្នាក់សរុបមានត្រឹមតែ១០៣ថ្នាក់ប៉ុណ្ណោះ។
 
សម្រាប់ឆ្នាំ​២០២៤នេះ លិខិត​ឆ្លងដែន​របស់​បុរីរដ្ឋសិង្ហបុរី ឡើង​​ឈរលើ​កំពូល​តារាង Global Ranking របស់ Henley Passport Index ដែលអាច​ធ្វើ​ដំណើរ​បានទៅ​ដល់​១៩៥គោលដៅ ដោយ​មិន​ចាំបាច់​ប្រើ​ទិដ្ឋាការ។ លិខិត​ឆ្លងដែន​ជប៉ុន ដែល​ឈរលើគេតាំងពីឆ្នាំ​២០១៨ បានធ្លាក់មក​នៅ​ចំណាត់ថ្នាក់លេខ​២ ជាមួយ​បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ ដោយអ្នកកាន់អាចធ្វើ​ដំណើរទៅ​ដល់​១៩២គោលដៅ។
 
កូរ៉េខាងត្បូង​ស្ថិតនៅ​ចំណាត់ថ្នាក់ទី៣ រួមជាមួយ​អូទ្រីស ហ្វាំងឡង់ អៀរឡង់ លុចសំបួរ ហួឡង់ និងស៊ុយអែត ដែលអាចទៅ​ដល់​១៩១គោលដៅ ខណៈអង់គ្លេស នៅលេខ​៤ ដែលអាចទៅដល់​១៩០គោលដៅ ដូច​បែលហ្ស៊ិក ដាណឺម៉ាក នូវែលសេឡង់ ន័រវេស និង​ស្វីស។
 


សហរដ្ឋអាម៉េរិក ស្ថិតនៅ​លេខ​៩ ដែល​អាចទៅកាន់​១៨៦គោលដៅ។ ចិនស្ថិតលេខរៀង​៥៩ ដែលអាចទៅដល់​៨៥គោលដៅ ខណៈហុងកុង លេខរៀងទី១៨ (១៧០គោលដៅ), ម៉ាកាវ លេខរៀងទី៣៣ (១៤៣គោលដៅ), តៃវ៉ាន់ លេខ​រៀងទី​៣៣ (១៤១គោលដៅ)។
 
កម្ពុជាស្ថិតនៅ​លេខរៀងទី​៨៦ ដូចជា​សាធារណរដ្ឋអាហ្វ្រិកកណ្តាល, ឆាត និងហៃទី ដែលអាចទៅ​ដល់​៥៣គោលដៅ ដោយគ្មាន​ទិដ្ឋាការ។ រីឯប្រទេសផ្សេងទៀតនៅ​តំបន់អាស៊ីអាគ្នេយ៍ ម៉ាឡេស៊ី នៅ​លេខរៀង​ទី១២ (១៨២គោលដៅ), ព្រុយណេ លេខ​១៩ (១៦៦គោលដៅ), ថៃ​លេខ​៦០ (៨២គោលដៅ), ឥណ្ឌូណេស៊ី លេខ​៦៥ (៧៦គោលដៅ), ហ្វីលីពីន លេខ​៧៣ (៦៧គោលដៅ)។
 
លិខិត​ឆ្លងដែន​នៃប្រទេសក្នុងតំបន់​ដែលធ្វើ​ដំណើរទៅ​ដល់គោលដៅតិចជាងលិខិត​ឆ្លងដែន​កម្ពុជា រួមមាន វៀតណាម លេខរៀងទី​៨៨ (៥១គោលដៅ), ឡាវ លេខរៀង​ទី​៩០ (៤៩គោលដៅ និង​មីយ៉ាន់ម៉ា លេខរៀង​៩២ (៤៥គោលដៅ)។
 
ក្នុងចំណោម​១៩៩ប្រទេស/ដែនដី អ្នកកាន់លិខិត​ឆ្លងដែន​អាហ្វហ្គានីស្ថាន ទៅ​ដល់​គោលដៅ (ដោយមិន​បាំបាច់សុំទិដ្ឋាការ) ​តិចជាងគេ ដោយ​បានត្រឹមតែ​២៦គោលដៅ​ប៉ុណ្ណោះ ដោយនៅក្រោម ស៊ីរី (២៨គោលដៅ), អ៊ីរ៉ាក់ (៣១គោលដៅ) រីឯលិខិតឆ្លងដែនកូរ៉េខាងជើងអាចទៅដល់​៤១គោលដៅ៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រួបរួម