ឆមាសទី១៖ កំណើនកម្ចីក្នុងវិស័យធនាគារធ្លាក់នៅត្រឹម២,៦ភាគរយ មិនធ្លាប់មាន នា២០ឆ្នាំនេះ
- ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី យប់

រូបតំណាង៖ សកម្មភាពប្រតិបត្តិហិរញ្ញវត្ថុរបស់ធនាគារ ABA
កំណើនឥណទាន(កម្ចី)ក្នុងវិស័យធនាគារកម្ពុជា បានថមថយជាបន្តបន្ទាប់ រហូតដល់កម្រិតទាប ក្នុងអត្រា២,៦ភាគរយ ។ នេះជាកម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ តែយ៉ាងណាមិញ កំណើនសេដ្ឋកិច្ចកម្ពុជាជាទូទៅក្នុងឆមាសទីមួយមកនេះ មានកំណើនខ្ពស់ក្នុងអត្រា៦,៣ភាគរយ។ នេះជាការលើកឡើងរបស់ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

បើតាមលោកស្រី ជា សិរី ការធ្លាក់ចុះនៃចំនួនឥណទាន បណ្ដាលមកពីការប្រុងប្រយ័ត្នរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក បណ្ដាលមកពីសង្គ្រាមនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា និងបញ្ហាភូមិសាស្ត្រនយោបាយ។
« ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ បានជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បង្កើនការប្រុងប្រយ័ត្នជាងមុនក្នុងការផ្ដល់ឥណទាន។ ហើយស្របពេលនៃការងើបឡើងយឺតនៃវិស័យមួយចំនួនផងនោះ កំណើនឥណទានបានថមថយជាបន្តបន្ទាប់ដល់កម្រិតទាបក្នុងអត្រា ២,៦ ភាគរយ ដែលជាកម្រិតទាបក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ»។ លោកស្រី ជា សិរី បានថ្លែងបែបនេះនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ កាលពីថ្ងៃទី១៩ខែកក្កដា ដែលស្របពេលជាមួយគ្នានេះ អនុបាតឥណនាមិនដំណើរការ (ការសងមិនបានតាមកាលកំណត់) បានកើនដល់ ៦,៨ ភាគរយក្នុងវិស័យធនាគារ និង ៨,៣ភាគរយក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
លោកស្រីទេសាភិបាលធនាគារជាតិបានបញ្ជាក់ថា ៖ « កម្រិតខ្ពស់នេះមួយផ្នែកក៏ដោយសារតែការធ្លាក់ចុះនៃចំនួនឥណទាន ផងដែរ»។
ទោះជាយ៉ាងនេះក្តី, សេដ្ឋកិច្ចកម្ពុជាត្រូវបានធនាគារជាតិព្យាករមានកំណើន ៦,៣ ភាគរយនៅឆមាសទី១ និងត្រូវព្យាករមានកំណើន៦ភាគរយសម្រាប់ឆ្នាំ២០២៤។ អត្រានេះ គឺកើនលើស១ភាគរយបើនឹងឆ្នាំ២០២៣។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
លោកស្រី ជា សិរី បន្តរៀបរាប់ថា កំណើនសេដ្ឋកិច្ចជាតិនេះ បានពីការគាំទ្រនៃវិស័យកាត់ដេរដែលមានកំណើន ១៧,២ភាគរយ, វិស័យទេសចរណ៍២១,២ភាគរយ និងវិស័យកសិកម្មកើនឡើង ៤៧,៨ភាគរយ។ រីឯវិស័យសំណង់ និងអចលនទ្រព្យ ដែលជាសរសេរស្ដម្ភគាំទ្រដល់វិស័យសេដ្ឋកិច្ចកម្ពុជា នៅបន្តរងការប៉ះពាល់ពីកត្តាខាងក្រៅ ដោយត្រូវបានរំពឹងនឹងកើនត្រឹមតែ១,៤ភាគរយ និង ០,៨ភាគរយរៀងគ្នា ប៉ុណ្ណោះ។
ចំណុចវិជ្ជមានដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេល៦ខែមកនេះ គឺការរក្សាអត្រាអតិផរណាទាបក្នុងកម្រិតត្រឹម០,៤ភាគរយ។ អត្រាទាបនេះ ក៏ដោយសារតែការធ្លាក់ថ្លៃនៃក្រុមទំនិញមួយចំនួន ប្រេងឥន្ធនៈ និងសេវាពាក់ព័ន្ធ។ លើសពីនេះទៀត អត្រាប្ដូរប្រាក់ក៏មានស្ថិរភាពល្អ គឺមានអត្រា ៤០៧៥ រៀលក្នុងមួយដុល្លារ កើនឡើងត្រឹម ០,៤ភាគរយ ធៀបនឹងឆ្នាំមុន។
លោកស្រីបានបញ្ជាក់ថា ៖ «ការរក្សាបានអត្រាប្ដូរប្រាក់ឱ្យនៅក្រោម១ភាគរយ គឺជាជោគជ័យមួយរបស់កម្ពុជាបើប្រៀបធៀបនឹងរូបិយប័ណ្ណមួយចំនួននៅក្នុងតំបន់។ ការរក្សាបានស្ថិរភាពនេះ ដោយសារតែការអនុវត្តនយោបាយរូបិយវត្ថុដ៏ប្រុងប្រយ័ត្ន»។
ជាមួយគ្នានេះ កម្ពុជាក៏បានពង្រឹងទំនុកចិត្តវិនិយោគិន និងសាធារណជនទៅលើស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការសម្រេចបានទុនបម្រុងអន្តរជាតិខ្ពស់រហូតប្រមាណ២០ពាន់លានដុល្លារ បើទោះប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពហិរញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិក្តី។ បើតាមលោកស្រី ជា សិរី ទុនបម្រុងអន្តរជាតិដែលកម្ពុជាមាននេះ គឺអាចធានាដល់ការនាំចូលទំនិញនិងសេវាបានដល់៧ខែសម្រាប់គ្រាបន្ទាប់ ដែលខ្ពស់ជាងកម្រិតអប្បបរិមា៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។
ប្រព័ន្ធធនាគារនៅកម្ពុជា មានធនាគារពាណិជ្ជ៥៩, ធនាគារឯកទេស៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៤, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ៨៣, គ្រឹះស្ថានឥណទានជនបទ១១៥,គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ១៦, អ្នកដំណើរការតតិយភាគី៦, គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៣, អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១, ការិយាល័យតំណាងធនាគារបរទេស ៥ និងអាជីវកម្មប្តូរប្រាក់មាន៣ ៣៥០។
របាយការណ៍ឆមាសទី១ឆ្នាំ២០២៤របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន៦,១ភាគរយ ដល់ ៣៥៦,៩ ទ្រីលានរៀល (៨៨,៣ ពាន់លានដុល្លារ)។ ក្នុងនោះ វិស័យធនាគារមាន ៩៥,៩ភាគរយនៃទ្រព្យសកម្មប្រព័ន្ធធនាគារ ខណៈវិស័យមីក្រូហិរញ្ញវត្ថុមានចំណែក ៣,៦ភាគរយនិងវិស័យភតិសន្យាហិរញ្ញវត្ថុ ០,៥ភាគរយ។ ឥណទានអតិថិជនបានកើនឡើង ២,៦ភាគរយដល់ ២៣៨,១ ទ្រីលានរៀល (៥៨,៩ ពាន់លានដុល្លារ)។ ទន្ទឹមនេះ ប្រាក់បញ្ញើ អតិថិជនមានកំណើន ១៣,៤ភាគរយដល់ទំហំទឹកប្រាក់២០៩,៩ ទ្រីលានរៀល (៥១,៩ ពាន់លានដុល្លារ) ចំណែកឯ ដើមទុនមានកំណើន ៩,៧ភាគរយ ដល់ ៤០,១ ទ្រីលានរៀល (៩,៩ ពាន់លានដុល្លារ)៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: