បារាំង នឹងធ្វើម្ចាស់ផ្ទះអូឡាំពិករដូវរងាឆ្នាំ ២០៣០
- ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី ព្រឹក

បារាំង នឹងទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ ២០៣០ ស្របពេលកំពុងដំណើរការ ការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ដែលនឹងចាប់ផ្លូវការពីថ្ងៃទី២៦ ខែកក្កដា តទៅ។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

ការដេញថ្លៃរបស់បារាំង ក្នុងការក្លាយជាបេក្ខភាពឈានមុខ រៀបចំកីឡាអូឡាំពិករដូវរងា ឆ្នាំ ២០៣០ បានជ្រើសរើសតាំងពីខែ មិថុនា មកម្ល៉េះ ប៉ុន្តែព្រោះតែការបោះឆ្នោត និងរដ្ឋាភិបាលចាំផ្ទះបច្ចុប្បន្នមិនអាចផ្តល់ការធានាបានផ្នែកហិរញ្ញវត្ថុចាំបាច់របស់រដ្ឋ ទើបមានការព្យាពេលប្រកាសឱ្យទាន់ពេលវេលា។
យ៉ាងណានាកិច្ចប្រជុំថ្ងៃទី២៤ ខែកក្កដា ជាមួយនឹងគណៈកម្មាធិការ IOC លោកប្រធានធិបតីបារាំង Emmanuel Macron បាននិយាយក្នុងកិច្ចប្រជុំ IOC ដើម្បីបន្ថយក្តីបារម្ភរបស់ស្ថាប័នកីឡាពិភពលោក និងបង្ហាញការគាំទ្រចំពោះការក្លាយជាបេក្ខភាពរបស់បារាំង។
លោក Macron បាននិយាយដូច្នេះ៖«ខ្ញុំសូមបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ពេញលេញនៃប្រជាជាតិបារាំង ហើយសូមធានាចំពោះអ្នកថា ខ្ញុំនឹងស្នើឱ្យនាយករដ្ឋមន្ត្រីបន្ទាប់ ធានាឱ្យបានប៉ុណ្ណោះទេ ថែមទាំងធានាសម្រាប់ច្បាប់អូឡាំពិក ទៅក្នុងអទិភាពរបស់រដ្ឋាភិបាលថ្មីផងដែរ។ កាលពី ៧ឆ្នាំ មុខ យើងបានធ្វើការធានាស្រដៀងគ្នានេះ ដើម្បីរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។ យើងបានផ្តល់គ្រប់យ៉ាងសម្រាប់ការធានានេះ យើងនឹងធ្វើដូចគ្នានេះឆ្ពោះទៅមុខ។»។
ស្ថាប័ន IOC ក៏បានអះអាងថាខ្លួនបានទទួលយល់ព្រមចំពោះការធានា របស់លោកប្រធានាធិបតីបារាំង Emmanuel Macron ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ ២០៣០ ទាំងផ្នែកដឹកជញ្ជូនទាំងស្រុងលើកីឡាអូឡាំពិក រួមទាំងការធានាផ្នែកហិរញ្ញវត្ថុរៀបចំថែមទៀតផង។
យ៉ាងណា IOC នៅតែសង្កត់ធ្ងន់ថាខ្លួននឹងមិនទាន់ចុះហត្ថលេខា លើការជ្រើសរើសទីក្រុងរៀបចំ ដូចដែលប្រទេសបារាំងបានចុះហត្ថលេខារួចរាល់នោះទេ រហូតខ្លួនទទួលបានការធានាដ៏ជាក់លាក់ ទៅលើលក្ខខណ្ឌដែលបានទាមទាររួចជាមុនសិន។
ការសម្រេចចិត្តផ្តល់បេក្ខភាពដល់បារាំងនេះ បានន័យថា ប្រទេសបារាំងនឹងត្រូវរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងារ បន្ថែម ១ទៀត នៅ ៦ឆ្នាំ បន្ទាប់ពីការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: