បុរស​ម្នាក់ស្លាប់ ដោយសារ​ពុល​ផ្សិត​ នៅខេត្ត​រតនគិរី
  • ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១០:០៣ នាទី ព្រឹក
បុរស​ម្នាក់ស្លាប់ ដោយសារ​ពុល​ផ្សិត​ នៅខេត្ត​រតនគិរី
រូបភាពពីមន្ទីរព័ត៌មានខេត្ត​រតនគិរី។

បុរសម្នាក់បាន​ស្លាប់ និង​ស្រ្តី​ម្នាក់ ត្រូវ​បាន​គ្រូ​ពេទ្យជួយ​សង្រ្គោះ​ បន្ទាប់ពី​បរិភោគ​សម្ល​ផ្សិត​ជា​មួយ​សត្វគីង្គក់។ នេះបើតាមការបញ្ជាក់របស់ លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ​ប្រាប់​សារព័ត៌មាន​ថ្មីៗតាមទូរសព្ទនៅព្រឹក​ថ្ងៃទី​២៥ កក្កដានេះ។
TTN-Free-Banner-In-Article-PC
 
កាល​ពី​ម៉ោង៨យប់ ថ្ងៃទី​២៣​ កក្កដា បុរសស្រ្តី ជាប្ដីប្រពន្ធ​ រស់​នៅ​ស្រុកវើនសៃ ខេត្ត​រតនគិរី មានអាការ ឈឺពោះ វិលមុខ ឈឺក្បាល ក្អួត ចុកពោះ បន្ទាប់​ពី​បរិភោ​គ​សម្ល​ផ្សិត​ជាមួយ​សត្វគីង្គក់។ ក្រោយពុល បុរសស្រ្តីទាំង​ពីរ បាន​មក​ព្យាបាលនៅមណ្ឌលសុខភាពវីរៈជ័យ ប៉ុន្តែនៅ​ម៉ោង​ជិត១២យប់ ​ដោយសារ​ស្ថានភាពធ្ងន់ធ្ងរក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ 
 
​លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បាន​ឱ្យដឹង​ថា នៅម៉ោង​៣​ទៀប​ភ្លឺ បុរស​ជាប្ដី បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។ បើតាមអភិបាល​ខេត្ត​រតនគិរី ​បន្ទាប់ពីទទួលព័ត៌មានមន្ទីរសុខាភិបាល បានចុះអង្កេតសា្រវជ្រាវករណីនេះដល់ភូមិកើតហេតុ ដើម្បី​យក​វត្ថុ​វិភាគ​។ 
  
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ រូបភាពពីរដ្ឋបាលខេត្ត​រតនគិរី

មូល​ហេតុ​នាំ​ឱ្យ​ពុល​ផ្សិតនេះ លោក ញ៉ែម សំអឿន លើក​ឡើងថា ប្រជាពលរដ្ឋ​មួយចំនួន មាន​ការ​ភាន់ច្រឡំអំពី​ប្រភេទ​ផ្សិត ដែល​ដុះ​ក្នុង​ព្រៃ​នៅ​រដូវ​ធ្លាក់​ភ្លៀងនេះ។ ក្រោយ​មាន​ករណីពុល​ អភិបាលខេត្ត​រតនគិរី ក៏​បាន​ណែ​នាំមិនឱ្យ​​ប្រជាពលរដ្ឋ​យកបន្លែ ឬពពួកផ្សិត​ដែលមិនស្គាល់ និងមិនមានប្រភព​ច្បាស់លាស់មកធ្វើជាម្ហូបអាហារ។​
 
សូម​រំឭក​ថា​ កាលពី​​ថ្ងៃទី២១ ខែកក្កដា ក៏​មានករណីពុលផ្សិតលើ​មនុស្ស១៧នាក់ នៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប៉ុន្តែ​ជន​រងគ្រោះ​ត្រូវ​បាន​ជួយសង្គ្រោះទាន់ពេល​វេលា។ ជុំវិញ​ករណី​ពុល​ផ្សិត​នេះ ក្រសួង​សុខាភិបាល ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មានឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះការ​បរិភោគ​ផ្សិត។
 
បើតាម​ក្រសួង​សុខាភិបាល ក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្តាលឱ្យពុលនៅពេលបរិភោគ។ ជា​មួយគ្នានេះ ក្រសួង​ អំពាវនាវដល់ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​ស្គាល់​ឱ្យ​ច្បាស់​ពី​ប្រភេទ​ផ្សិត មុន​នឹង​យក​មក​ចម្អិន​​ជា​ម្ហូប​អាហារ៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ