អូឡាំពិក៖ កីឡាករខ្មែរ-បារាំង អង់ត្វ័ន ប្រកួតវិញ្ញាសាហែលសេរី១០០ម៉ែត្រនៅថ្ងៃនេះ
- ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៣:៣៤ នាទី រសៀល

កីឡាករខ្មែរបារាំង អង់ត្វន់ នាពេលហ្វឹកហាត់។ រូបថត Vitiny Hemthon
កីឡាករហែលទឹកខ្មែរ-បារាំង ដឺឡាប៉ារ៉ង អង់ត្វ័ន ត្រូវប្រកួតប្រជែងលើវិញ្ញាសាហែលសេរី១០០ ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នាក្រុងប៉ារីស ប្រទេសបារាំង វេលាម៉ោង៤ និង១៨នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី៣០ ខែកក្កដា នេះ។

នៅលើទឹកដីដែលខ្លួនបានចម្រើនវ័យធំធាត់ អង់ត្វន់ បង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក និងជាកីឡាករហែលទឹកទី៣ដែលតំណាងឱ្យកម្ពុជា សម្រាប់ការប្រកួតលើវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រនៅអូឡាំពិក។
វ័យ១៨ឆ្នាំ អង់ត្វន់ ត្រូវប្រជែងជាមួយកីឡាករចំនួន៧៨រូបផ្សេងក្នុងការប្រជែងយកមេដាយហែលសេរីចម្ងាយ១០០ម៉ែត្រ ដោយរូបគេស្ថិតនៅក្នុង Heat 2 ជាមួយកីឡាករពីតង់ហ្សានី ស៊ូរីណាម អេស្តូនី ម៉ូរីស បង់ក្លាដែស អូម៉ង់ និងលីប៊ី នៅអាងទឹក Paris La Défense Arena។
សម្រាប់វិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រ កីឡាករ ប្រាក់ សំណាង បានចូលរួមលើកដំបូង ក្នុងព្រឹត្តិការណ៍អូឡាំពិកនៅក្រុងមុយនិច កាលពីឆ្នាំ១៩៧២ ដោយប្រើថិរវេលា ៥៩.១៨ វិនាទី ហើយមួយឆ្នាំក្រោយគាត់បានឈ្នះមេដាយប្រាក់លើវិញ្ញាសាកីឡាស៊ីហ្គេមឆ្នាំ១៩៧៣នៅសិង្ហបុរី ក្នុងថិរវេលា៥៧.៥០។
៤៤ឆ្នាំក្រោយមក ពោលគឺក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ កីឡាករកូនកាត់ខ្មែរ-អាម៉េរិក ពូ សុវិជ្ជា បានបញ្ចប់ទីក្នុងថិរវេលា ៥៤.៥៥ វិនាទី។
តាមកំណត់ត្រានៅក្នុង World Aquatics កីឡាករ អង់ត្វន់ ផ្ទាល់គឺជាម្ចាស់កំណត់ត្រារបស់កម្ពុជាលើវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រ ដោយគេសម្រេចបានក្នុងថិរវេលា ៥២.៥៣ កាលពីព្រឹត្តិការណ៍ International Meeting of Saint-Dizier លើកទី៣០ នៅបារាំង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា កីឡាករខ្មែរ-បារាំងរូបនេះ ប្រើថិរវេលា ៥២.៨៦។
កីឡាករចិន Zhanle Pan គឺជាម្ចាស់កំណត់ត្រាហែលសេរីចម្ងាយ១០០ម៉ែត្រ ជាមួយនឹងថិរវេលា ៤៦.៨០ ក្នុងព្រឹត្តិការណ៍ World Aquatics Championship នៅក្រុងដូហា ឆ្នាំ២០២៤។ កីឡាកររូបនេះ ក៏ជាម្ចាស់កំណត់ត្រាអូឡាំពិក ក្នុងថិរវេលា ៤៧.០២ នៅអូឡាំពិកតូក្យូ ផងដែរ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: