កីឡាការិនីខ្មែរ-អាម៉េរិក សាក់ប៊ុន អប្សរា ប្រកួតវិញ្ញាសាហែលសេរី៥០ម៉ែត្រនាថ្ងៃនេះ
- ថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី ព្រឹក

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក
កីឡាការិនីហែលទឹកខ្មែរ-អាម៉េរិក សាក់ប៊ុន អប្សរា កាតារីណា (Apsara Katarina Sakbun) នឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស លើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រនៅអាងទឹក Paris La Defense Arena នាម៉ោង៤ និង១១នាទី ថ្ងៃទី៣ ខែសីហា នេះ។

អប្សរា មានឪពុកជាជនជាតិកម្ពុជា និងម្តាយជាជនជាតិហ្សាម៉ៃអ៊ីក បានធំចម្រើនវ័យនៅសហរដ្ឋអាម៉េរិក។ ក្នុងវត្តមានជាលើកដំបូងនៅអូឡាំពិក កីឡាការិនីអាយុ២៣ឆ្នាំរូបនេះ ត្រូវប្រកួតតទល់ជាមួយកីឡាការិនី៧៩រូបផ្សេងទៀតពីទូទាំងពិភពលោក ហើយស្ថិតក្នុង Heat 6 ជាមួយកីឡាការិនីពីនីហ្សេរីយ៉ា, ហ្វីជី, ហ្កាណា, អាស៊ែបៃហ្សង់, កូសូវ៉ូ, កៀរហ្ស៊ីស្ថាន និងម៉ាដាន់ហ្កាស្កា។
អប្សរា គឺជាកីឡាការិនីទី៤របស់កម្ពុជា ដែលបង្ហាញខ្លួនលើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក បន្ទាប់ពីកីឡាការិនី ហែម រស្មី (ឆ្នាំ២០០០នៅស៊ីដនី), កីឡាការិនី កេត ស៊ីវ៉ាន (ឆ្នាំ២០០៤នៅអាតែន), កីឡាការិនីហែមថុន វិទិនី (ឆ្នាំ២០០៨នៅប៉េកាំង, ឆ្នាំ២០១២នៅឡុងដ៍, ឆ្នាំ២០១៦នៅរីយ៉ូ), កីឡាការិនី ឃឺន ប៊ុនពេជ្រមរតក (ឆ្នាំ២០២០នៅតូក្យូ)។
កំណត់ត្រាដ៏ល្អនៅអូឡាំពិកសម្រាប់កីឡាការិនីកម្ពុជាលើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រ គឺសម្រេចបានដោយ ហែមថុន វិទិនី ក្នុងថិរវេលា ២៩.៣៧វិនាទី នាអូឡាំពិកក្រុងរីយ៉ូ កាលពីឆ្នាំ២០១៦។ បច្ចុប្បន្ន វិទិនី ជាគ្រូបង្វឹកកីឡាហែលទឹកជម្រើសជាតិ ដែលកំពុងដឹកនាំក្រុមនៅអូឡាំពិកបារាំងតែម្តង។
កំណត់ត្រាថ្នាក់ជាតិលើវិញ្ញាសាហែលទឹកសេរីចម្ងាយ៥០ម៉ែត្រផ្នែកនារី គឺសម្រេចបានដោយកីឡាការិនី សាក់ប៊ុន អប្សរា ដោយផ្ទាល់ក្នុងថិរវេលា ២៦.៤១ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា កាលពីឆ្នាំ២០២៣។
ម្ចាស់កំណត់ត្រាពិភពលោកលើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រ គឺកីឡាការិនីស៊ុយអែត Sjoestroem Sarah (នៅ Heat 10) និងម្ចាស់កំណត់ត្រាអូឡាំពិក គឺកីឡាការិនីអូស្ត្រាលី McKeon Emma។
សាក់ប៊ុន អប្សរា គឺជាកីឡាការិនីដែលឆ្លងកាត់ការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ Ball State University ក្នុងរដ្ឋ Indiana សហរដ្ឋអាម៉េរិក។ អតីតនិស្សិតពីសាកលវិទ្យាល័យនេះ ដែលធ្លាប់បង្ហាញខ្លួននៅព្រឹត្តិការណ៍អូឡាំពិករួមមាន កីឡាករចំបាប់អាម៉េរិក William Marlin (Pete) Lee (ឆ្នាំ១៩៧៦), កីឡការចំបាប់អេក្វាឌ័រ Marco Teran (ឆ្នាំ១៩៦៨, ឆ្នាំ១៩៧៦), កីឡាករបាល់ទះអាម៉េរិក Phil Eatherton (ឆ្នាំ២០០៤) និងកីឡាការិនីសូហ្វបលកាណាដា Jennifer Gilbert ដែលឈ្នះមេដាយសំរឹទ្ធនាអូឡាំពិកឆ្នាំ២០២០៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: