ភាពតានតឹងផ្នែកយោធារវាងឥណ្ឌា និងចិន នៅតែបន្តកើតមាន ទោះបីជាពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង
- ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១០:២៩ នាទី យប់

ឥណ្ឌា ធ្វើដំណើរនៅតាមផ្លូវហាយវ៉េ Ladakh តំបន់ Kashmir កាលពីថ្ងៃពុធ កាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០២០។
ខណៈដែលភាពតានតឹងរវាងប្រទេសឥណ្ឌា និងចិន នៅតែបន្តកើតមានដោយមានទាហានរាប់ម៉ឺននាក់ ដែលកំពុងប្រឈមមុខដាក់គ្នា នៅតាមព្រំដែនជួរភ្នំហេមពាន្ត (Himalayas) អស់រយៈពេលប្រាំឆ្នាំមកហើយនោះ អ្នកវិភាគនិយាយថា ពួកគេឃើញមានសញ្ញាតិចតួចនៃការថយចុះនៃភាពតានតឹងផ្នែកយោធា រវាងគូប្រជែងទាំងពីរនៅតំបន់អាស៊ីនេះ ទោះបីជាមានការអំពាវនាវពីភាគីទាំងពីរ ឱ្យរក្សាស្ថិរភាពទំនាក់ទំនងក៏ដោយ។ ក៏ប៉ុន្តែពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង។

លោក Srikanth Kondapalli ព្រឹទ្ធបុរសនៃសាលាសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យ Jawaharlal Nehru នៅក្នុងទីក្រុងញូវដែលី បានប្រាប់វីអូអេថា៖ «ការពិតជាក់ស្តែងគឺថា ជនជាតិចិន កំពុងផ្តោតលើការកសាងហេដ្ឋារចនាសម្ពន្ធ រារាំងនៅតំបន់ជួរភ្នំហេមពាន្ត ដើម្បីបង្កើនសមត្ថភាពយុទ្ធសាស្ត្រ ផ្នែកយោធារបស់ពួកគេ។ ពួកគេកំពុងសាងសង់ផ្លូវ ស្ពាន និងសំណង់ ដែលទាក់ទងនឹងផ្នែកយោធាផ្សេងៗទៀត។ នោះជាការព្រួយបារម្ភដ៏ធំមួយ សម្រាប់ប្រទេសឥណ្ឌា»។
ទំនាក់ទំនងរវាងគូប្រជែងទាំងពីរនៅតំបន់អាស៊ីនេះ បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងទាហាននៃប្រទេសទាំងពីរ នៅក្នុងខែមិថុនា ឆ្នាំ២០២០។ តាមរយៈការប្រើកាំភ្លើងធំ និងយន្តហោះចម្បាំងធុនធ្ងន់ ទាហានប្រមាណ ៥០.០០០នាក់ នៃភាគីនីមួយៗនៅតែប្រមូលផ្តុំនៅចំណុចក្ដៅៗ នៅតំបន់ជួរភ្នំហេមពាន្ត ដែលជាកន្លែងដែលប្រទេសឥណ្ឌា និងចិន មានព្រំដែនរួមគ្នាដ៏វែង។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyan Jaishankar បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងតូក្យូ ទីដែលលោកបានចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃសម្ពន្ធ Quad កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនេះថា៖ «ខ្ញុំត្រូវតែនិយាយដោយស្មោះត្រង់ថា ទំនាក់ទំនងរបស់យើង ជាមួយប្រទេសចិន កំពុងដំណើរការមិនល្អទេ។ ទំនាក់ទំនងយើងមិនល្អទេ។ ទំនាក់ទំនងយើង មិនធម្មតាទេឥឡូវនេះ»។
លោក Jaishankar បានកត់សម្គាល់ដូចនេះ គឺនៅប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានជួបសមភាគីចិនរបស់លោក គឺលោក Wang Yi នៅខាងក្រៅកិច្ចប្រជុំកំពូលនៃប្លុកអាស៊ាន នៅប្រទេសឡាវ កាលពីចុងខែកក្កដា ដែលភាគីទាំងពីរ បានសង្កត់ធ្ងន់ទៅលើតម្រូវការ ក្នុងការធ្វើឱ្យទំនាក់ទំនង មានភាពធម្មតាឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំនោះ លោក Wang បាននិយាយថា៖ «វាគឺជាផលប្រយោជន៍ សម្រាប់ភាគីទាំងពីរ ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសចិន និងឥណ្ឌា ត្រឡប់មកភាពធម្មតាវិញ»។ លោក Jaishankar បាននិយាយអំពីតម្រូវការក្នុងការដោះស្រាយបញ្ហាទ្វេភាគី របស់ប្រទេសទាំងពីរ«ដោយមានគោលបំណងជាក់លាក់ និងភាពបន្ទាន់»។
ក៏ប៉ុន្តែ អ្នកវិភាគចង្អុលបង្ហាញថា គ្មានសញ្ញានៃការថយចុះភាពតានតឹងនៅតាមព្រំដែននោះទេ។ ទោះបីជាទាហានបានដកខ្លួនចេញពីតំបន់ជម្លោះមួយចំនួននៅចន្លោះឆ្នាំ២០២០ និង២០២២ ក៏ដោយ ក៏មានការវិវឌ្ឍតិចតួចនៅក្នុងការដោះស្រាយជម្លោះរបស់ប្រទេសទាំងពីរនៅចំណុចមានជម្លោះផ្សេងទៀតដែលត្រូវបានទាមទារដោយភាគីទាំងពីរ។
លោក Kondapalli បានចង្អុលបង្ហាញថា៖ «យើងមានកិច្ចប្រជុំចំនួន២១លើករវាងមេបញ្ជាការយោធានៃប្រទេសទាំងពីរចាប់តាំងពីមានការប៉ះទង្គិចគ្នាកាលពី៤ឆ្នាំមុនដើម្បីដោះស្រាយបញ្ហា ក៏ប៉ុន្តែ ការរីកចម្រើនមានកម្រិតតិចតួច»។
ទោះបីជាព្រំដែនឥណ្ឌានិងចិននៅតាមជួរភ្នំហេមពាន្តបន្តប្រែប្រួលក៏ដោយ ក៏ការនាំចូលរបស់ឥណ្ឌាពីប្រទេសចិនបានកើនឡើងជាលំដាប់ ថ្វីបើមានការទប់ស្កាត់យ៉ាងតឹងរ៉ឹងដែលទីក្រុងញូវដែលីបានដាក់ទៅលើទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន បន្ទាប់ពីការប៉ះទង្គិចគ្នានៅឆ្នាំ២០២០ក៏ដោយ។
ប្រទេសឥណ្ឌាបានបង្កើនការត្រួតពិនិត្យទៅលើការវិនិយោគរបស់ចិន រារាំងភ្ញៀវទេសចរចិនស្ទើរតែទាំងអស់ បញ្ឈប់គម្រោងធំៗរបស់ចិននៅក្នុងប្រទេសឥណ្ឌា និងបានបិទកម្មវិធីបណ្តាញសង្គមដែលមានជនជាតិចិនជាម្ចាស់ដូចជា TikTok ជាដើម។
ទោះបីជាមានការរឹតត្បិតទាំងនោះក៏ដោយ ក៏ទីក្រុងប៉េកាំងបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ទីក្រុងញូវដែលីកាលពីឆ្នាំមុន។ ការនាំចូលរបស់ឥណ្ឌាពីប្រទេសចិនមានចំនួនជាង១០០ពាន់លានដុល្លារកាលពីឆ្នាំមុន។ រីឯការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសចិនវិញមានត្រឹមតែ១៦ពាន់លានដុល្លារប៉ុណ្ណោះ។
លោក Biswajit Dhar ជាអ្នកវិភាគពាណិជ្ជកម្មនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម និងជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅក្នុងទីក្រុងញូវដែលីបាននិយាយថា៖ «នៅពេលដែលប្រទេសឥណ្ឌាចាត់វិធានការទប់ស្កាត់ទាំងនោះនៅឆ្នាំ២០២០ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលគឺថា យើងគួរតែកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលរបស់យើងពីប្រទេសចិន។ ក៏ប៉ុន្តែ ការកាត់បន្ថយមិនបានកើតឡើងទេ ដូច្នេះយុទ្ធសាស្ត្រនោះមិនបានទទួលជោគជ័យទេ ហើយឥឡូវនេះ យើងដឹងថា គ្មានវិធីគេចពីការពិតដែលថា វាពិបាកក្នុងការដកខ្លួនចេញពីប្រទេសចិន ដែលនៅតែជាប្រទេសដែលមានការផលិតដ៏ធំបំផុតនៅក្នុងពិភពលោក»។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដឹកនាំការជំរុញមួយដើម្បីធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាមជ្ឈមណ្ឌលផលិតកម្មមួយផ្សេងក្រៅពីប្រទេសចិន ហើយក្រុមហ៊ុនដូចជា Apple បានបង្កើតកន្លែងផលិតនៅក្នុងប្រទេសឥណ្ឌានៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ក៏ប៉ុន្តែ ឧស្សាហកម្មមួយចំនួន រួមទាំងរោងចក្រថ្មីៗដែលនឹងបង្កើតនៅក្នុងប្រទេសនេះ នៅតែពឹងផ្អែកលើការនាំចូលពីប្រទេសចិន រួមទាំងគ្រឿងម៉ាស៊ីនដែលត្រូវការក្នុងការផលិតផងដែរ។
ក្រុមឧស្សាហកម្មនានាបានអំពាវនាវឱ្យរដ្ឋាភិបាលបន្ធូរបន្ថយការរឹតបន្តឹងទិដ្ឋាការលើជនជាតិចិន ខណៈដែលពួកគេនិយាយថា ពួកគេត្រូវការវិស្វករ និងអ្នកបច្ចេកទេសចិនដើម្បីដំឡើងឧបករណ៍ និងបណ្តុះបណ្តាលអ្នកធ្វើការជនជាតិឥណ្ឌា។ រដ្ឋាភិបាលក្រុងញូវដែលីកំពុងពិចារណាទៅលើការបង្កើនល្បឿនក្នុងការផ្តល់ទិដ្ឋាការដល់អ្នកធ្វើការជាជនជាតិចិន នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។
ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួននឹងមិនបន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួនលើការវិនិយោគរបស់ចិនទេ បន្ទាប់ពីធ្វើការស្ទង់មតិសេដ្ឋកិច្ចរបស់ខ្លួនដែលបង្ហាញពីគំនិតផ្តួចផ្តើមគោលនយោបាយដោយបានលើកហេតុផលគាំទ្រដល់ការទាក់ទាញមូលនិធិចិនដើម្បីដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មដែលកំពុងកើនឡើងរបស់ឥណ្ឌា។
ការស្ទង់មតិផ្នែកសេដ្ឋកិច្ចដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា៖ «ដើម្បីជំរុញការផលិតរបស់ឥណ្ឌា និងដាក់ឥណ្ឌាទៅក្នុងសង្វាក់ផ្គត់ផ្គង់សាកល វាជារឿងជៀសមិនរួចដែលឥណ្ឌាត្រូវបញ្ចូលខ្លួនទៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ចិន។ ថាតើយើងធ្វើដូច្នេះបានដោយពឹងផ្អែកតែលើការនាំចូល ឬតាមរយៈការវិនិយោគផ្នែកខ្លះរបស់ចិននោះ គឺជាជម្រើសដែលឥណ្ឌាត្រូវជ្រើសរើស»។
ទោះជាយ៉ាងនេះក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal បានប្រាប់អ្នកសារព័ត៌មានថា នឹងមិនមានការគិតឡើងវិញលើការវិនិយោគរបស់ចិនទេ។
ខណៈពេលដែលប្រទេសចិននិយាយថា ប្រទេសទាំងពីរគួរតែចាប់ផ្តើមទំនាក់ទំនងធម្មតាឡើងវិញនោះ ទោះជាក្នុងខណៈពេលពួកគេបន្តការពិភាក្សាអំពីជម្លោះទឹកដីរបស់ពួកគេក៏ដោយ ក៏ឥណ្ឌានៅតែអះអាងថា ការធ្វើឱ្យមានទំនាក់ទំនងឡើងវិញនឹងអាស្រ័យទៅលើការដោះស្រាយភាពជាប់គាំងនៃជម្លោះព្រំដែន។
អ្នកវិភាគនិយាយថា ទីក្រុងញូវដែលីប្រឈមនឹងបញ្ហា។ លោក Manoj Joshi អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមូលនិធិ Observer Research Foundation នៅក្នុងទីក្រុងញូវដែលីបានប្រាប់វីអូអេថា៖ «សំណួរគឺថា តើឥណ្ឌានឹងប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួនក្នុងការមិនធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាលុះត្រាតែបញ្ហាព្រំដែនត្រូវបានដោះស្រាយ ឬថា តើពួកគេនឹងកែប្រែគោលនយោបាយសេដ្ឋកិច្ចដ៏តឹងរ៉ឹងរបស់ពួកគេចំពោះប្រទេសចិន។ ក៏ប៉ុន្តែ ការគិតថា យើងត្រូវបានដាក់ក្នុងស្ថានភាពមួយដែលមិនស្រួលសម្រាប់យើង គឺកាន់តែមានខ្លាំងឡើង»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com