សាលាវត្តរាជបូណ៌ ផ្សារភ្ជាប់ការអប់រំសិស្ស នឹងសិល្បៈចម្រៀង និងតន្ត្រី
- ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី ព្រឹក

សៀមរាប៖ ការបង្រៀនតន្រ្តីជាផ្នែកមួយនៃការអប់រំ នៅសាលាបឋមសិក្សាវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប។ អ្នកស្រី ម៉ា ផល្លា នាយិការងសាលាបឋមសិក្សាវត្តរាជបូណ៌ លើកឡើងថា សាលាបានបង្កើតក្រុមតន្ត្រីប្រចាំសាលា ហើយមានការបង្រៀនតន្រ្តីបុរាណ និងសម័យ ទៅដល់សិស្សស្រឡាញ់សិល្បៈតន្ត្រីនេះ។ អ្នកស្រី ម៉ា ផល្លា បញ្ជាក់ ការផ្សារភ្ជាប់តន្ត្រី ទៅនឹងការអប់រំនេះ ក៏ដើម្បីផ្ដល់ឱកាសដល់សិស្សដែលមានទេពកោសល្យផ្នែកតន្ត្រី បានរៀន និងបង្ហាញទេពកោសល្យផងដែរ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖
មិនមានមានគ្រឹះស្ថានសិក្សារដ្ឋកម្រិតបឋមសិក្សាច្រើនឡើយ នៅកម្ពុជា ដែលបណ្ដុះបណ្ដាលផ្នែកតន្ត្រីបុរាណ និងសម័យសម្រាប់សិស្ស និងបង្កើតក្រុមតន្ត្រី។ សាលារាជបូណ៌ បានបង្រៀនតន្ត្រីដល់សិស្សជាបន្តបន្ទាប់ ក្រោយទទួលបានការបណ្ដុះបណ្ដាលពីអ្នកស្ម័គ្រចិត្តជនជាតិជប៉ុន កាលពីប្រហែលឆ្នាំ២០០៦ ឬ២០០៧មក។
ដើម្បីឱ្យការអប់រំសម្រាប់សិស្សបឋមសិក្សាទទួលបានប្រសិទ្ធភាព សាលាបឋមសិក្សា វត្តរាជបូណ៌ ក្រុងសៀមរាប អនុវត្តការអប់រំទៅលើ៥ចំណុចគឺ ការអប់រំបញ្ញា, អប់រំកាយ, អប់រំសិល្បៈ, អប់រំឥរិយាបថ និងអប់រំពលកម្ម។ នេះជាការលើកឡើងរបស់ នាយិការងនៃសាលាបឋមសិក្សាវត្តរាជបូណ៌។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី ម៉ា ផល្លាបញ្ជាក់ទៀតថា៖«ប្រសិនបើយើងមិន រក្សាតន្ត្រីនោះវាបាត់សមាសភាពមួយក្នុងការអប់រំបាត់ហើយ។ នៅពេលមានបង្រៀនភ្លេង ធ្វើឱ្យក្មេងចូលចិត្ត ហើយសប្បាយរីករាយក្នុងការរៀន ហើយអ្នកដែលមានដុង (ទេព កោសល្យ) មានឱកាសបញ្ចេញសមត្ថភាពរបស់គាត់»។
នៅសាលាបឋមសិក្សាវត្តរាជបូណ៌ មានទាំងការបង្រៀនតន្ត្រីបុរាណ និងសម័យ ទាំងផ្នែក ច្រៀង និងផ្នែកលេងឧបករណ៍តន្ត្រី។ ចំពោះការបង្រៀនតន្ត្រី និងសិល្បៈ គឺរៀនចាប់ពីថ្នាក់ មេតេយ្យ រហូតដល់ថ្នាក់ទី៦ និងរៀនតន្ត្រី១ម៉ោង ក្នុងមួយថ្ងៃ លើកលែងថ្ងៃអាទិត្យ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ