វណ្ណដា ជានរណា? កាសែតល្បីៗនៅបារាំងណែនាំអ្នកអានឱ្យស្គាល់តារាចម្រៀងរ៉េបខ្មែរកាន់តែច្បាស់
- ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១១:៥២ នាទី ព្រឹក

ដោយមិនមានការប្រកាសឱ្យដឹងមុន វត្តមានរបស់តារាចម្រៀងរ៉េបខ្មែរ វណ្ណដា (VannDa) នាពិធីបិទកីឡាអូឡាំពិកក្រុងប៉ារីស ជារឿងមួយដែលមិននឹកស្មានដល់ និងភ្ញាក់ផ្អើលបំផុត។ ពលរដ្ឋខ្មែរដែលបានតាមដានទស្សនាការផ្សាយផ្ទាល់អំពីព្រឹត្តិការណ៍នៅកីឡដ្ឋាន Stade de France សុទ្ធតែបង្ហាញពីអារម្មណ៍រំភើប ហើយស្ទើរតែមិនជឿខ្លួនឯង នៅពេលដែលបានឮសំឡេង និងឃើញវត្តមានរបស់វណ្ណដានៅលើឆាកតន្ត្រីក្នុងកម្មវិធីកីឡាដ៏ធំជាងគេលើពិភពលោក ជាមួយនឹងតារាល្បីៗជាច្រើនរូបទៀត។ កាសែតបារាំង និងបណ្តាញសារព័ត៌មានអន្តរជាតិនានា ក៏បានសរសេររៀបរាប់ដើម្បីឱ្យអ្នកអានរបស់ខ្លួនស្គាល់កាន់តែច្បាស់អំពីតារារ៉េបលំដាប់កំពូលរបស់កម្ពុជារូបនេះផងដែរ។


វណ្ណដា ជាមួយក្រុមសិល្បករអន្តរជាតិ ជាពិសេសក្រុមតន្ត្រី Phoenix។ រូបថត X Phoenix
វណ្ណដា ជានរណា? Le Parisien បានដាក់ចំណងជើងជាចំណោទសួរ ដោយដឹងច្បាស់ថា ពលរដ្ឋបារាំងភាគច្រើនពិតជាពិភាល់ក្នុងចិត្តអំពីវត្តមានតារាពីទ្វីបអាស៊ីវ័យ២៧ឆ្នាំរូបនេះនៅលើឆាកតន្ត្រីដ៏អស្ចារ្យក្នុងបរិវេណ Stade de France ជាពិសេសការបកស្រាយបទចម្រៀង «Time to Rise» អមដោយការប្រគំតន្ត្រីរបស់ក្រុម Phoenix ដ៏ល្បីល្បាញលើពិភពលោក។
មិនមែនត្រឹមកម្ពុជា តែជាតារាដ៏លេចធ្លោនៅអាស៊ីអាគ្នេយ៍
Diverto, 20 Minutes, CNews, Le Figaro និងសារព័ត៌មានជាច្រើនទៀត ក៏បានប្រើក្បួនសន្ទេហវិធីដូចគ្នា ដើម្បីទាក់ទាញអ្នកអានឱ្យមើលអត្ថបទរបស់ខ្លួនដែលសរសេរពីវណ្ណដា។ «ល្បីល្បាញខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងចំនួនតាមដានជាង៤លាននៅលើ YouTube»។ Le Parisien បានលើកយកចំណុចខ្លាំងមួយនេះមកសរសេរ។

ដោយពិព័រណ៌នាបន្ថែមអំពីភាពលេចធ្លោរបស់ វណ្ណដា នៅពិភពសិល្បៈខ្មែរ និងលើឆាកអន្តរជាតិចាប់តាំងពីឆ្នាំ២០០៩មក កាសែតបារាំងដដែល ដាក់កូនចំណងជើងក្នុងអត្ថបទរបស់ខ្លួនថា «និមិត្តរូបនៃវប្បធម៌ខ្មែរ»។ ត្រង់ន័យនេះ កាសែតបានរំលេចអំពីជោគជ័យនៃបទចម្រៀង «Time to Rise» ជាភាសាខ្មែរ និងអង់គ្លេស ដែលមានការចូលទស្សនាប្រមាណ១២៣លានលើ YouTube នារយៈពេល៣ឆ្នាំកន្លងមក ដោយឃ្លីបវីដេអូបង្ហាញឱ្យឃើញនូវការបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីចាប៉ីបុរាណ ជាមួយនឹងសំនៀងរ៉េបបែបទំនើប។
«ទោះសាធារណជនបារាំង មិនស្គាល់តារាចម្រៀងវ័យក្មេងរូបនេះ ក៏មិនថ្វីដែរ តែវត្តមានដ៏ភ្ញាក់ផ្អើលរបស់គេ បានផ្តល់ភាពសប្បាយរីករាយពេញមួយប្រទេសទៅហើយនោះ គឺ កម្ពុជា»។ លោកស្រី Elodie Falco និពន្ធនាយិកាព័ត៌មាននៃទូរទស្សន៍ Diverto បានលើកឡើងយ៉ាងដូច្នេះក្នុងអត្ថបទខ្លួន ដោយផ្តល់ព័ត៌មានបន្ថែមពីអំពីប្រវត្តិរូបសង្ខេបរបស់ វណ្ណដា ដែលមានកំណើតពីខេត្តព្រះសីហនុ ហើយទៅរស់នៅភ្នំពេញ ដើម្បីសម្រេចមហិច្ចតាក្នុងវិស័យតន្ត្រី និងបានចូលរួមជាមួយផលិតកម្មបារមី ចាប់ពីឆ្នាំ២០១៨មក។
ក្រៅពីកោតសរសើរស្នាដៃបទចម្រៀង Time to Rise ដែលមានការចូលរួមពីសំណាក់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ គេហទំព័រ Diverto បានដាក់តំណភ្ជាប់អត្ថបទ Radio France ដែលមានចំណងជើងថា «វណ្ណដា តារាចម្រៀងរ៉េបនាំមុខគេនៅកម្ពុជា»។ ក្នុងអត្ថបទដែលចុះផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ វិទ្យុបារាំង បានបង្ហាញបទចម្រៀងដ៏ជោគជ័យជាច្រើនរបស់វណ្ណដា ចាប់តាំងពីឆ្នាំ២០២០ មក រួមមាន J+0, Hot Boy, Catch Me if You Can, Bong, Run the Town, J+O II និង Time to Rise។
ក្នុងអត្ថបទរបស់ខ្លួន គេហទំព័រនៃទូរទស្សន៍ BFM បានចង្អុលបង្ហាញពីចំណុចខ្លាំងមួយរបស់វណ្ណដា គឺកិច្ចសហការដ៏ល្អក្នុងភាពជាដៃគូជាមួយសិល្បករអន្តរជាតិ លើការផលិតបទចម្រៀងជាបន្តបន្ទាប់។ BFM ក៏បានលើកយកសម្រង់សម្តីមួយឃ្លារបស់វណ្ណដា ក្នុងបទសម្ភាសជាមួយ VICE កាលពីខែកក្កដា ឆ្នាំ២០២២ ដែលបានលើកឡើងថា វណ្ណដា បានសម្រេចដើរតាមក្តីសុបិនសិល្បៈរបស់ខ្លួន ខណៈក្រុមគ្រួសារចង់ឱ្យគេក្លាយជាមេធាវី ឬគ្រូពេទ្យ។

Le Figaro បានសរសេរព័ត៌មានលម្អិតបន្តិចទៀតផងដែរអំពីការតស៊ូរបស់វណ្ណដា ដែលមានប្រភពពីគ្រួសារប្រកបអាជីវកម្មលក់ដូង រហូតដល់ក្លាយជាតារាចម្រៀងដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ តាមរយៈបទចម្រៀងជាច្រើនបទជាភាសាអង់គ្លេស និងភាសាខ្មែរ។
ដូចជា Le Figaro ផងដែរ CNews ក៏បានចាត់ទុក វណ្ណដា ជានិមិត្តរូបនៃសិល្បៈជំនាន់ថ្មីរបស់កម្ពុជាដំបូងបំផុតដែលបានចូលរួមសម្តែងក្នុងមហោស្រពតន្ត្រី និងវប្បធម៌អាស៊ីអាគ្នេយ៍ Sabadaidee Fest នៅក្រុង Chino រដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាម៉េរិក កាលពីពាក់កណ្តាលខែមិថុនា។
ក្នុងប្រទេសដែលមានប្រជាជនប្រមាណ១៦លាននាក់ YouTube របស់ វណ្ណដា មានចំនួនតាមដានដល់ទៅជាង ៤,៤លានទៅហើយ។ ដូច្នេះជាមួយនឹងវត្តមានត្រឹមតែ២០វិនាទីនៅលើវេទិកាតន្ត្រី Stade de France ក្នុងសម្លៀកបំពាក់ប្រពៃណី កម្លាំងគាំទ្រចំពោះតារាចម្រៀងដែលមានឈ្មោះពេញថា ម៉ាន់ វណ្ណដា នឹងកាន់តែកើនឡើងយ៉ាងឆាប់រហ័ស។ នេះជាការកត់សម្គាល់របស់សារព័ត៌មាន 20 Minutes។
«តារារ៉េប វណ្ណដា ត្រូវបានអញ្ជើញចូលរួមយ៉ាងភ្ញាក់ផ្អើលនាពិធីបិទ [អូឡាំពិក]»។ Paris Match បានសរសេរយ៉ាងដូច្នេះក្នុងមាតិកាតន្ត្រី (Musique) របស់ខ្លួន។ អត្ថបទបានផ្សារភ្ជាប់ វណ្ណដា ទៅនឹងក្រុមតន្រ្តី Phoenix ដ៏ល្បីល្បាញ ដោយលើកឡើងថា សិល្បករខ្មែររូបនេះ អាចត្រូវគេស្គាល់តិចជាងគេនាពិធីបិទអូឡាំពិកនៅបារាំង ប៉ុន្តែក៏អាចក្លាយជាតារាដែលមានប្រជាប្រិយភាពជាងគេលើពិភពលោកផងដែរ។
មានប្រភពពីក្រុង Versailles ក្រុម Phoenix គឺជាក្រុមតន្ត្រីរ៉ក់ដ៏ល្បីល្បាញរបស់បារាំង និងនៅទូទាំងពិភពលោក ដោយមានសមាជិកដែលមិនមានការផ្លាស់ប្តូរ៤រូប គឺ អ្នកចម្រៀង Thomas Mars រួមជាមួយតន្ត្រីករ Deck d'Arcy, Christian Mazzalai និង Laurent Brancowitz។
ក្នុងឧស្សាហកម្មតន្ត្រីរយៈពេលជាង២៥ឆ្នាំ Phoenix បានចេញចម្រៀងថ្មី៧អាល់ប៊ុម និងមានចម្រៀងជាង៧០បទ ហើយទទួលបានពានរង្វាន់ធំៗចំនួន២ គឺពាន Grammy Award ឆ្នាំ២០១០ និងពាន Victoires de la Musique ឆ្នាំ២០១៤។
វណ្ណដា ស្ថិតក្នុងចំណោមតារាពិភពលោក
Phoenix ត្រូវបានជាក្រុមតន្ត្រីដ៏លេចធ្លោជាងគេនៅពិធីបិទអូឡាំពិកឆ្នាំ២០២៤នេះ។ ចម្រៀង៦បទក្នុងរយៈពេល១៧នាទី Phoenix បានប្រគំបទ «Lisztomania» ដ៏ល្បីល្បាញរបស់ខ្លួន ហើយបន្តចូលរួមជាមួយតារាចម្រៀងបែលហ្ស៊ិក Angele, តារាចម្រៀង Ezra Koenig នៃក្រុម Vampire Weekend របស់អាម៉េរិក, ក្រុម Air របស់បារាំង និងតារារ៉េបកម្ពុជា វណ្ណដា។
មិនអាចប្រកែកបាន វត្តមានរបស់ វណ្ណដា នៅ Stade de France បានទាក់បេះដូងប្រជាជនកម្ពុជា ជាងតារាលំដាប់ពិភពលោកជាច្រើនរូបទៀត ដូចជា Snoop, Dr. Dre, Billie Eilish, Red Hot Chili Peppers ជាដើម។
កីឡាការិនីកាយសម្ព័ន្ធអាម៉េរិក Simone Biles និងអភិបាលក្រុង Los Angeles លោកស្រី Karen Bass បានទទួលយកទង់អូឡាំពិកផ្លូវការ ដោយសហរដ្ឋអាម៉េរិក ជាម្ចាស់ផ្ទះបន្តវេនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៨ នៅក្រុង Los Angeles។ តារាភាពយន្តហូលីវូដ Tom Cruise ជាទទួលទង់បន្ត បន្ទាប់ពីគាត់បានសម្រូតខ្លួនចុះពីដំបូងកីឡដ្ឋាន ហើយបើកម៉ូតូធំចេញទៅជាមួយនឹងទង់ដែលដោតនៅពីក្រោយម៉ូតូ។ H.E.R. ជាច្រៀងភ្លេងជាតិអាម៉េរិក រីឯតារាចម្រៀងបារាំង Yseult បកស្រាយបទ «My Way» របស់ Frank Sinatra ដែលជាចម្រៀងបិទកម្មវិធី។
សហរដ្ឋអាម៉េរិក ចិន នាំមុខគេ ម្ចាស់ផ្ទះបារាំងស្ថិតនៅលេខ៥លើតារាងមេដាយ
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ Paris 2024 បានប្រព្រឹត្តទៅពថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ដោយមានអត្តពលិកចូលជាង១ម៉ឺននាក់លើប្រភេទកីឡាជាង៣០។ សហរដ្ឋអាម៉េរិក និងចិន ទទួលបានមេដាយមាសចំនួន៤០ដូចគ្នា ប៉ុន្តែអាម៉េរិកឈរលេខមួយលើតារាង ដោយសារលើសចំនួនមេដាយប្រាក់ និងសំរឹទ្ធ។
ជប៉ុនឈរចំណាត់ថ្នាក់លេខ៣ ដោយឈ្នះមេដាយមាស២០ ប្រាក់១២ សំរឹទ្ធ១៣, អូស្ត្រាលីលេខ៤ ជាមួយមេដាយមាស១៨ ប្រាក់១៩ សំរឹទ្ធ១៦ រីឯម្ចាស់ផ្ទះបារាំង ស្ថិតនៅលេខ៥ ដោយបានឈ្នះមេដាយមាស១៦ ប្រាក់២៦ សំរឹទ្ធ២២។ ហូឡង់ អង់គ្លេស កូរ៉េខាងត្បូង អ៊ីតាលី និងអាល្លឺម៉ង់ ស្ថិតក្នុងចំណោមប្រទេសកំពូលតារាងទាំង១០។
កម្ពុជា មានអត្តពលិក៣រូបបានចូលរួមក្នុងនោះរួមមានកីឡាអត្តពលកម្ម ឈុន ប៊ុនថង, កីឡាការិនីហែលទឹកខ្មែរ-បារាំង កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ និងកីឡាការិនីហែលទឹកខ្មែរ-អាម៉េរិក សាក់ប៊ុន អប្សរា កាតារីណា។ អង់ត្វ័ន និងអប្សរា ទទួលបានកំណត់ត្រាថ្មីលើវិញ្ញាសារៀងៗខ្លួន ប៉ុន្តែកម្ពុជានៅតែជាប្រទេសដែលមិនទាន់ទទួលបានមេដាយអូឡាំពិក បើគិតចាប់តាំងពីវត្តមានលើកដំបូងនៅឆ្នាំ១៩៥៦មក៕
អ្នកសរសេរអត្ថបទ
លោក អ៊ឹង ចំរើន (Ung Chamroeun) មានកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ខ្ញុំចូលប្រឡូកក្នុងវិស័យសារព័ត៌មានចាប់តាំងពីឆ្នាំ២០០៣មក នៅពេលដែលខ្ញុំរៀនឆ្នាំទី៤នៅវិទ្យាស្ថានភាសាបរទេសផ្នែកភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញសារព័ត៌មាន និងទេសចរណ៍។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ