លោក ជា តុងហ៊ួរ បានយកសៀវភៅដែលខ្លួននិពន្ធជាភាសាខ្មែរ ទៅដាក់ក្នុងបណ្ណាល័យ ជាតិនានាលើពិភពលោក
- ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ ម៉ោង ២:៥៩ នាទី រសៀល

រូបផ្ដល់ឱ្យ
លោក ជា តុងហ៊ួរ ដែលជាអ្នកនិពន្ធវ័យក្មេង បាននាំយកសៀវភៅរបស់ខ្លួន ដែលមានចំណងជើង «ផែនទីផ្នត់គំនិត» ឬMind Map ជាភាសាខ្មែរ ទៅដាក់ក្នុងបណ្ណាល័យជាតិ នានាចំនួន ៥៣ ប្រទេស រួចមកហើយ។ អ្នកនិពន្ធរូបនេះ មានគោលដៅ យកសៀវភៅ ភាសាខ្មែរ និពន្ធដោយកូនខ្មែរ និងបង្ហាញពីផ្នត់គំនិតរបស់ខ្មែរមួយចំណងជើងនេះ ទៅដាក់ក្នុងបណ្ណាល័យជាតិនានា រហូតដល់១៩៥ប្រទេស នៅជុំវិញពិភពលោក។ លោក ជា តុងហ៊ួរ ក៏មានគោលដៅការនាំយកសៀវភៅល្អៗ របស់អ្នកនិពន្ធខ្មែរផ្សេងទៀត ទៅដាក់ក្នុងបណ្ណាល័យទាំងអស់នោះ នៅជំហានបន្តបន្ទាប់ទៀតដែរ។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង កញ្ញា ប៉ូ សាគុន នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក ជា តុងហ៊ួរ ដូចតទៅ៖
សៀវភៅ “ផែនទីផ្នត់គំនិត” (Mind Map) និពន្ធដោយ លោក ជា តុងហ៊ួរ បានចេញដំណើរពីប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ទៅបណ្ណាល័យ នៃបណ្ដាប្រទេសនានា ចំនួន៥៣ប្រទេសហើយ គិតត្រឹមឆ្នាំ២០២៤នេះ ក្នុងនោះនៅទ្វីបអាស៊ីចំនួន១៦ប្រទេស ទ្វីបអឺរ៉ុប៣៦ប្រទេស និងទ្វីបអាហ្វិក២ប្រទេស។ បេសកកម្មនេះ នឹងបន្តរហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ដើម្បីសម្រេចគោលដៅ ១៩៥ប្រទេស នៃការដាក់សៀវភៅជាភាសាខ្មែរ បង្ហាញពីផ្នត់គំនិតរបស់ខ្មែរ ក្នុងបណ្ណាល័យជុំវិញពិភពលោក។
សៀវភៅ “ផែនទីផ្នត់គំនិត” (Mind Map) និយាយពីបទពិសោធជីវិតទាំងស្រុង របស់លោក ជា តុងហ៊ួរ ដែលបានឆ្លងកាត់រយៈពេល១២ឆ្នាំ ក្នុងដំណើរជីវិតធ្វើជំនួញគ្រប់វិស័យ។ សៀវភៅនេះ ចម្រាញ់យក កលល្បិចក្នុងមុខជំនួយ ដែលលោកធ្លាប់បានផុងខ្លួនខាតបង់ប្រាក់កាស។ និយាយពីគន្លឹះធ្វើផែនការអាជីវកម្ម ការបង្កើតអាជីវកម្ម ផ្នត់គំនិតអាជីវកម្ម ការដោះស្រាយបញ្ហាអាជីវកម្ម និងការគ្រប់គ្រងបុគ្គលិកជាដើម។
សៀវភៅនេះសរសេរពីការលើកទឹកចិត្ត និងវិធីសាស្ត្រដោះស្រាយបញ្ហាមួយចំនួន ស្របពេលដែលកម្លាំងចិត្តធ្លាក់ចុះ ការស្គាល់ខ្លួនឯង ការកំណត់ចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន ការកំណត់គោលដៅ ការរៀបចំផែនការជីវិត និងការដោះស្រាវបញ្ហាក្នុងជីវិតពេលលំបាកបំផុត។ បន្ថែមពីនោះ សៀវភៅនេះ ក៏បានសរសេរៀបរាប់ពី ជម្រៅចិត្តដ៏ជ្រៅរបស់មនុស្ស ដើម្បីដោះស្រាយបញ្ហាផ្សេងៗផងដែរ។

រូបផ្ដល់ឱ្យ
លោក ជា តុងហ៊ួរ ដែលជាសហគ្រិនវ័យក្មេងមួយរូបដែរនោះ ជឿជាក់ថា ដំណើរ បេសកកម្មដំបូងនេះ ជាការបើកផ្លូវ ដើម្បីសាបព្រោះ ភាសា វប្បធម៌ ប្រពៃណី និង ផ្នត់គំនិតខ្មែរ ទៅកាន់ពិភពលោក។ ជាគម្រោងបន្ទាប់ លោកគ្រោងនាំយកសៀវភៅរបស់អ្នកនិពន្ធខ្មែរ ដែលមានគុណភាពខ្ពស់ ទៅដាក់ក្នុងបណ្ដាល័យទាំងនោះបន្ថែមទៀត។
ជំហានបន្ទាប់នោះ ពុំមែនត្រឹមតែជាភាសាខ្មែរទៀតទេ គឺនឹងបកប្រែជាភាសាបរទេសបន្ថែម។ ការបកប្រែជាភាសាបរទេស គឺដើម្បីឱ្យប្រជាជនម្ចាស់ស្រុកទាំងនោះ បានយល់កាន់តែច្បាស់ ពីអក្សរសិល្ប៍ អក្សរសាស្ត្រ វប្បធម៌ ប្រពៃណី សាសនា សិល្បៈ និងផ្នត់គំនិតរបស់ខ្មែរ រួមទាំងប្រទេសកម្ពុជាផង។ លោកជឿថា នេះគឺជាវិធីសាស្ត្រមួយ ដែលអាចបង្ហាញអត្តសញ្ញាណខ្មែរ ទៅកាន់សកលលោក។ បន្ថែមពីនោះ ដំណើរនាំយកសៀវភៅខ្មែរ ទៅកាន់ពិភពលោកនេះ ក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយពីប្រទេសខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស មកកាន់កម្ពុជាផងដែរ។

រូបផ្ដល់ឱ្យ
លោក ជា តុងហ៊ួរ ពន្យល់បន្ថែម៖ «ក្រៅពីយកសៀវភៅ ទៅដាក់ក្នុងបណ្ណាល័យរបស់គេ ខ្ញុំក៏ចង់ទៅសិក្សាពីគំនិត នៃការរៀបចំបណ្ណាល័យរបស់ប្រទេសទាំងនោះដែរ ដើម្បីដឹងថាតើគេរៀបចំបណ្ណាល័យរបៀបណា ហេតុអ្វីប្រជាជនគេស្រឡាញ់សៀវភៅខ្លាំងម្ល៉េះ? ហើយខ្ញុំនឹងនាំយកគំនិតល្អៗទាំងអស់នោះ មកកម្ពុជាវិញ ដើម្បីអភិវឌ្ឍន៍បណ្ណាល័យរបស់យើង»។
ក្រោយពីដំណើរបេសកកម្មត្រូវបានបញ្ចប់ លោក តុងហ៊ួរ នឹងប្រមូលរាល់ចំណុចល្អៗ ពីបណ្ដាប្រទេសទាំង១៩៥ យកមកចងក្រងជាសៀវភៅមួយ ទុកជាមរតកសម្រាប់មនុស្សជាតិ។
ជាអ្នកឧបត្ថម្ភមួយរូប ក្នុងយុទ្ធនាការ ២៥ថ្ងៃ២៥ខេត្តក្រុង នៃយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ លោក ជា តុងហ៊ួរ លើកទឹកចិត្តដល់អ្នកនិពន្ធខ្មែរទាំងអស់ ឱ្យព្យាយាមនិពន្ធសៀវភៅ ដែលបង្ហាញពីផ្នត់គំនិតល្អៗរបស់ខ្មែរ ដើម្បីសាបព្រោះវប្បធម៌ ដ៏ល្អផូរផងទៅកាន់សាធារណជន។ បន្ថែមពីនោះ លោកក៏លើកទឹកចិត្តអ្នកនិពន្ធទាំងអស់ ឱ្យចូលរួមជាមួយបេសកកម្ម ២៥ថ្ងៃ២៥ខេត្តក្រុង យុទ្ធនាការជំរុញការអាន ទូទាំងប្រទេសផងដែរ ព្រោះយុទ្ធនាការនេះ មានគោលដៅបណ្ដុះយុវជនកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទាំងអស់ ឱ្យក្លាយជាធនធានមនុស្ស ក៏មានគុណភាពសម្រាប់ជាតិ៕

រូបផ្ដល់ឱ្យ

រូបផ្ដល់ឱ្យ

រូបផ្ដល់ឱ្យ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: