ដើម្បីឱ្យប្រទេសអភិវឌ្ឍលឿន ទាល់តែប្រជាពលរដ្ឋគ្រប់រូបអានសៀវភៅ
- ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ល្ងាច

ខេត្តបន្ទាយមានជ័យ៖ ការអានសៀវភៅ គឺជាស្នូលនៃការទទួលបានចំណេះដឹង និងចំណេះធ្វើ ដែលនាំឱ្យប្រទេសជាតិ មានការអភិវឌ្ឍលឿន។ ក្នុងដំណាក់កាលនេះ ប្រជាជនកម្ពុជា ទាមទារឱ្យមានទម្លាប់អានជាចាំបាច់ ដើម្បីពង្រឹងសមត្ថភាពគិតពិចារណា និងអនុវត្តការងារផ្សេងៗ។

អ្នកស្រី ស ចិន្តា នាយិការងនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ បានអះអាងថា យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ គឺជាសកម្មភាពដ៏សំខាន់ ដែលផ្សព្វផ្សាយគុណប្រយោជន៍នៃការអានសៀវភៅ នៅទូទាំងប្រទេសកម្ពុជា។
ដោយសារមើលឃើញគុណប្រយោជន៍នេះហើយ ទើបបានជាវិទ្យាស្ថានរបស់អ្នកស្រី កៀរគរសិស្សចំនួន២១០រូប ឱ្យចូលរួមស្ដាប់ពីអត្ថប្រយោជន៍ និងបទពិសោធល្អៗ ដែលវាគ្មិនចែករំលែក សម្រាប់យុទ្ធនាការ នេះ។
អ្នកស្រីថា ការអានដែលមានគុណភាព គឺទាមទារឱ្យមានពេលវេលាគ្រប់គ្រាន់ គឺយ៉ាងហោចណាស់ក្នុងមួយថ្ងៃ អានឱ្យបានមួយម៉ោង ហើយត្រូវអានជារៀងរាល់ថ្ងៃ។ អ្នកស្រី ចិន្តា អះអាងទៀតថា បើអាចធ្វើបែបនោះបាន ការអាននឹងមានប្រសិទ្ធភាពខ្ពស់ ដែលអាចអភិវឌ្ឍសមត្ថភាពខ្លួនលឿន។
«ការអានជាផ្នែកដ៏សំខាន់ ក្នុងការអភិវឌ្ឍជាតិ ឱ្យមានការរីកចម្រើន។ ទាល់តែប្រជាពលរដ្ឋគ្រប់រូបមានចំណេះដឹង ទើបអាចអភិវឌ្ឍប្រទេសបាន។ ហើយចំណេះទាំងនោះកើតឡើង តាមរយៈការអានសៀវភៅ»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី ស ចិន្តា។
ជាអ្នកយល់ពីតម្លៃ នៃការអានសៀវភៅ និងជាអ្នកដែលមានទម្លាប់អានសៀវភៅ ជាប្រចាំថ្ងៃ អ្នកស្រី ស ចិន្តា នាយិការងនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ជំរុញនិងលើកទឹកចិត្ត ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅតាមបណ្ដាខេត្តនានា ដែលចូលរួមគាំទ្រយុទ្ធនាការ សៀវភៅមួយសហគមន៍មួយ ឱ្យបានផុសផុល។ អ្នកស្រីជំរុញទៅដល់យុវជនយុវនារី ឱ្យចូលរួមស្ដាប់ការធ្វើបទបង្ហាញនានា ពីវាគ្មិនដើម្បីអភិវឌ្ឍខ្លួន ឱ្យក្លាយជាមនុស្សមានគុណភាពខ្ពស់៕

អ្នកស្រី ស ចិន្តា នាយិការងនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ

សិស្សិតស្រី កំពុងកត់ត្រា ខណៈវាគ្មិននៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ កំពុងធ្វើបទបង្ហាញ

និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ កំពុងស្ដាប់វាគ្មិនធ្វើបទបង្ហាញ ក្នុងយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ

និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ កំពុងស្ដាប់វាគ្មិន ធ្វើបទបង្ហាញ ក្នុងយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: