៥ខេត្តដំបូង នៃយុទ្ធនាការ«សៀវភៅមួយ សហគមន៍មួយ» ទទួលបានជោគជ័យ
  • ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
៥ខេត្តដំបូង នៃយុទ្ធនាការ«សៀវភៅមួយ សហគមន៍មួយ» ទទួលបានជោគជ័យ
រូបផ្ដល់ឱ្យ

ភ្នំពេញ៖ បេសកកម្ម២៥ថ្ងៃ នៃយុទ្ធនាការសៀវភៅមួយសហគមន៍មួយ (OB OC) បានធ្វើដំណើរឆ្ពោះទៅទិសភាគពាយ័ព្យ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ។ ដំណើរនេះទទួលបានការស្វាគមន៍ពីម្ចាស់ស្រុក យ៉ាងកក់ក្ដៅ។
TTN-Free-Banner-In-Article-PC

អ្នកស្រី ហ៊ាង វត្តី សហស្ថាបនិកា សៀវភៅមួយសហគមន៍មួយ បានប្រាប់សារព័ត៌មានថ្មីៗថា បេសកកម្ម៥ខេត្តនេះ អ្នកស្រីទទួលបានការស្វាគមន៍ និងការយកចិត្តទុកដាក់ សម្របសម្រួលរៀបចំកម្មវិធី ។ អ្វីដែលអ្នកស្រីចាប់អារម្មណ៍ គឺការចូលរួមរបស់យុវជន ដើម្បីស្ដាប់ការធ្វើបទបង្ហាញ អំពីការប្រកួតប្រជែងអំណាន។ អ្នកស្រីថា យុវជនត្រេកអរនៅពេលបានដឹងថា មានការប្រកួតប្រជែងអំណាន ។ 
 
«សិស្សានុសិស្ស នៅខេត្តពោធិ៍សាត់ គាត់មានសេចក្ដីរំភើប គាត់ថាគាត់ចង់ប្រឡងយូរហើយ គាត់មិនដែលបានប្រឡងបញ្ចេញស្នាដៃទេ ដូច្នេះគាត់ចង់ប្រឡង។ យើងបានទទួលអារម្មណ៍កក់ក្ដៅ។ ក្មេងៗខ្លះ ហែកក្រដាសសៀវភៅ មកសុំហត្ថលេខាពីពួកយើង ធ្វើដូចពួកយើងជាតារាអ៊ីចឹង»។ នេះជាការអះអាងរបស់អ្នកស្រី វត្តី។

អ្នកស្រី ហ៊ាន វត្តី សហស្ថាបនិកា សៀវភៅមួយសហគមន៍មួយ

ថ្ងៃទី១៧ សីហា គឺជាបេសកកម្មឆ្ពោះទៅទិសឧត្តរ មានខេត្តកំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ។ អ្នកស្រី ហ៊ាង វត្តី សង្ឃឹមថា បេសកកម្មទៅបណ្ដាខេត្តផ្សេងទៀត កាន់តែមានការចូលរួមច្រើនកុះករ។
 
សូមបញ្ជាក់ថា បេសកកម្ម នៃយុទ្ធនាការសៀវភៅមួយសហគមន៍មួយ (OB OC) ក្រោមប្រធានបទ “២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍” បាន​ផ្ដើមធ្វើដំណើរ ពីថ្ងៃទី១០ ខែសីហា រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ 
 


បេសសកម្មនេះ ធ្វើឡើងដើម្បីជំរុញការអាននៅទូទាំងប្រទេស ក៏ដូចជាការប្រកួតអំណាន ។ ក្នុងនោះអ្នកជាប់លេខ១ ក្នុងវគ្គ”ជើងឯកបំបែកជើងឯក” នឹងមានឱកាស បានធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសជប៉ុន។
 
គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ បាន​ចូលរួមគាំទ្របណ្ណាល័យសហគមន៍ ជាង៤០កន្លែង និងបានចែកសៀវភៅ ជាង១ម៉ឺនក្បាល នៅទូទាំងប្រទេស៕
 



អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ប៉ូ សាគុន