លោក ជា តុងហ៊ួរ ជំរុញឱ្យសហគ្រិន គាំទ្រយុទ្ធនាការសៀវភៅមួយសហគមន៍មួយ
  • ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ ​​ ម៉ោង ៩:១៩ នាទី ព្រឹក
លោក ជា តុងហ៊ួរ ជំរុញឱ្យសហគ្រិន គាំទ្រយុទ្ធនាការសៀវភៅមួយសហគមន៍មួយ

ភ្នំពេញ៖ លោក ជា តុងហ៊ួរ គឺជាអ្នកនិពន្ធវ័យក្មេង និងជាសហគ្រិនវ័យក្មេងផងនោះ បានចូលរួមយ៉ាងសកម្ម ជាមួយយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ ជាពិសេសបេសកកម្ម២៥ថ្ងៃ២៥ខេត្តក្រុង។ លោកលើកទឹកចិត្តដល់សហគ្រិនដទៃទៀត ដែលមានអាជីវកម្ម ទោះតូចក្ដីធំក្ដី ចូលរួមជាមួយយុទ្ធនាការនេះ ដើម្បីលើកកម្ពស់គុណភាពចំណេះដឹងទូទាំងប្រទេស។
TTN-Free-Banner-In-Article-PC


គឺជាវាគ្មិនមួយរូប ក្នុងបេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុង លោក ជា តុងហ៊ួរ បានចូលរួមយ៉ាងសកម្ម ទាំងកម្លាំងកាយ កម្លាំងស្មារតី ព្រមទាំងឧបត្ថម្ភជាថវិកាផងដែរ។ លោកថា យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ គឺជាយុទ្ធនាការដ៏មានសារសំខាន់ ក្នុងការជំរុញការអាននៅកម្ពុជា ដែលអាចជួយឱ្យយុវជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងអស់ ចាប់អារម្មណ៍ និងងាកមកស្រឡាញ់ការអាន។
 
សហគ្រិនវ័យក្មេងរូបនេះ ថាការចូលរួមរបស់សហគ្រិន ដែលមានធនធាននៅកម្ពុជា ពិតជាការបង្ហាញស្មារតីសាមគ្គីគ្នា ក្នុងការលើកកម្ពស់ចំណេះដឹងក្នុងប្រទេស និងបង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍជាតិមាតុភូមិ។
  
លោក ជា តុងហ៊ួរ គឺជាអ្នកនិពន្ធវ័យក្មេង និងជាសហគ្រិនវ័យក្មេង (Credit)

«ក្នុងនាមខ្ញុំជាសហគ្រិនមួយរូប ហើយក៏ជាអ្នកនិពន្ធ ខ្ញុំបានចូលរួមជាមួយ យុទ្ធនាការសៀវភៅមួយសហគមន៍មួយ។ ខ្ញុំឃើញថា​ យុទ្ធនាការនេះ គឺជាយុទ្ធនាការដ៏ល្អមួយ សម្រាប់ការលើកកម្ពស់ វិស័យអប់រំ ក៏ដូចជាវិស័យការអាន ឱ្យប្រជាជនងាកមកស្រឡាញ់ការអានសៀវភៅ។ ហេតុអ្វីសហគ្រិន គួរតែចូលរួមក្នុងយុទ្ធនាការនេះ? ដោយសារថា យុទ្ធនាការនេះ គឺជាយុទ្ធនាការមួយ ក្នុងការលើកកម្ពស់ការអាន ហើយបណ្ដុះផ្នត់គំនិតយុវជនខ្មែរ ឱ្យអភិវឌ្ឍចំណេះដឹង»។
 
សូមបញ្ជាក់ថា បេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុង នៃយុទ្ធនាការសៀវភៅមួយសហគមន៍មួយ (OB OC) ក្រោមប្រធានបទ “២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍” បាន​ផ្ដើមធ្វើដំណើរ ពីថ្ងៃទី១០ ខែសីហា ហើយបន្តរហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
 


បេសកកម្មនេះ នឹងបែងចែកជា៥ខ្សែខុសៗគ្នា ដើម្បីចែកសៀវភៅ​ចំនួន ២ ៥ ០០០ក្បាល ទៅដល់សហគមន៍នានា រួមទាំងស្វែងរកជើងឯកអំណានប្រចាំតំបន់​ដើម្បី​ប្រកួតប្រជែង ស្វែងរកជើងឯកបំបែកជើងឯក នៅរាជធានីភ្នំពេញ។
 
ខ្សែទី១ ឆ្ពោះទៅទិសភាគពាយ័ព្យ មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ។ ខ្សែទី២ ឆ្ពោះទៅទិសឧត្តរ មានខេត្តកំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ។ ខ្សែទី៣ ឆ្ពោះទៅទិសអាគ្នេយ៍ មានខេត្តកណ្ដាល កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។ ខ្សែទី៤ ឆ្ពោះទៅទិសនិរតី មានខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ កោះកុង កែប និងតាកែវ។ ខ្សែទី៥ ឆ្ពោះទៅទិសឦសាន មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។
 
បេសកកម្មនេះ រំពឹងមានអ្នកចូលរួមប្រហែល ២ ៥០០នាក់ ដែលរួមមានយុវជន អ្នកនិពន្ធ សហគ្រិន និងដៃគូ​សហការលើផ្លូវដ៏វែងឆ្ងាយ ប្រមាណ ៣ ០០០គីឡូម៉ែត្រ ជុំវិញប្រទេស៕



អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ប៉ូ សាគុន