លោក ធី ភារម្យ បង្កើតផ្ទះសៀវភៅក្នុងហាងកាហ្វេ ដើម្បីជំរុញឱ្យយុវជនអាន និង​បង្កើន​ស្វ័យ​សិក្សា
  • ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
លោក ធី ភារម្យ បង្កើតផ្ទះសៀវភៅក្នុងហាងកាហ្វេ ដើម្បីជំរុញឱ្យយុវជនអាន និង​បង្កើន​ស្វ័យ​សិក្សា

បន្ទាយមានជ័យ៖ លោក ធី ភារម្យ ជាម្ចាស់ម្ចាស់ហាងកាហ្វេធី ភី អ កាហ្វេ ដែលបើកដំណើរការប្រមាណ ១០​ឆ្នាំ​ហើយ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ សហគ្រិនវ័យក្មេងរូបនេះ បានធ្វើផ្ទះសៀវភៅ ដោយមានសៀវភៅជាច្រើនចំណងជើង និងចម្រុះរសជាតិ ដាក់​ក្នុង​ហាង​កាហ្វេរបស់ខ្លួន ដែល​បើកហាងដំបូងមកម្ល៉េះ ដើម្បី​ឱ្យ​អតិថិជនរបស់ខ្លួនបានអាន។ លោក ភារម្យ ចាត់ទុក​ផ្ទះ​សៀវភៅនេះ ថាជាកូន​បណ្ណាល័យតូចមួយ ដែលអាចឱ្យភ្ញៀវបង្កើនចំណេះដឹង ឬស្វ័យសិក្សាដោយ​ខ្លួនឯង ។
TTN-Free-Banner-In-Article-PC
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូកិច្ចសម្ភាសខ្លីខាងក្រោមនេះ៖



ដោយចង់លើកកម្ពស់ការអាន និងចង់ឱ្យយុវជន ចាប់អារម្មណ៍លើការអាន លោក ធី ភារម្យ ម្ចាស់ហាងកាហ្វេ ធី ភី អ កាហ្វេ ធ្លាប់​បានផ្សព្វផ្សាយពីមូលដ្ឋានគ្រឹះនៃការអាន រួមទាំងការ​ជ្រើសរើសសៀវភៅ ឱ្យត្រូវនឹងចំណូលចិត្ត និងគោលបំណងនៅលើបណ្ដាញសង្គមជា រឿយៗ។ បន្ថែមពីនោះ លោកក៏បានដាក់សៀវភៅ ក្នុងហាងកាហ្វេរបស់ខ្លួន ដើម្បីឱ្យភ្ញៀវ អានផងដែរ។  


កាលបើកដំបូង លោកបានដាក់សៀវភៅ ត្រឹមតែមួយទូប៉ុណ្ណោះ ហើយកាលនោះហាងកាហ្វេរបស់លោក គឺជាហាងដំបូងគេ ដែលដាក់សៀវភៅឱ្យភ្ញៀវអាន។ បន្ទាប់មកលោកបើកហាងកាហ្វេទី២ ក៏បានបញ្ចូលសៀវភៅថ្មីៗបន្ថែមទៀត។ លោកថាការអានសៀវភៅ ពិតជាមានសារសំខាន់ ហើយលោកចង់បណ្ដុះទម្លាប់យុវជន ឱ្យមើលឃើញភាពសំខាន់ នៃការសិក្សាឈ្វេងយល់ដោយខ្លួនឯង ទើបបានជាលោកដាក់សៀវភៅក្នុងហាងកាហ្វេ។  
 
ដ្បិតជាអ្នកជំនួញក៏ពិតមែន ប៉ុន្តែលោក ភារម្យ តែងមានគំនិតថា ខ្លួនត្រូវធ្វើអ្វីមួយដើម្បី ផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិ។ លោកពន្យល់ដូច្នេះ៖«ដ្បិតតែខ្ញុំជាអ្នករកស៊ីមែន ប៉ុន្តែ ត្រូវតែធ្វើអ្វីមួយ ដើម្បីផ្សារភ្ជាប់ជាមួយសង្គម។ ហើយអ្វីដែលខ្ញុំគិតថា ត្រូវគ្នាបំផុតគឺសៀវ ភៅហ្នឹងឯង ដែលជាធនធានដែលខ្ញុំមានស្រាប់។ ដូច្នេះជារឿងងាយស្រួល ខ្ញុំគ្រាន់តែយក សៀវភៅរបស់ខ្ញុំ ទៅចែករំលែកឱ្យគេអាន ខ្ញុំគិតថាស្រួល ហើយត្រូវនឹងចំណូលចិត្តរបស់ខ្ញុំ ស្រាប់។ ខ្ញុំមិនចាំបាច់បង្ខំខ្លួនខ្ញុំ ទៅធ្វើអ្វីដែលថ្មីពេកសម្រាប់ខ្លួនឯងទេ»។  



ជាអ្នកចូលចិត្តអានសៀវភៅ ទៅថ្ងៃអនាគតដ៏ខ្លី លោក ភារម្យ ម្ចាស់ហាងកាហ្វេរូបនេះ នឹង ដាក់សៀវភៅតុក្កតាបន្ថែមទៀត ក្នុងហាងកាហ្វេរបស់លោក ដើម្បីឱ្យកុមារបានអាន។ លោកគិតថា នេះក៏ជាវិធីជំរុញការអានដែរ ដោយលោកចង់បណ្ដុះគំនិតកុមារ ឱ្យមានទម្លាប់អានពីក្មេង តាមរយៈការ​ចាប់កាន់សៀវភៅ ឬក៏ការលេងសៀវភៅជាដើម។  
 
លោក ភារម្យ អះអាង៖ «បច្ចុប្បន្នក្នុងហាងរបស់ខ្ញុំ ក្មេងៗដែលគាត់ទៅ គាត់ក៏យកសៀវភៅ មកលេងដែរ។ សៀវភៅខ្លះ គឺជាប្រភេទមនុស្សធំទេ តែនៅលើក្របនោះមានរចនាដូច តុក្កតាអ៊ីចឹង គាត់អត់ទាន់ស្គាល់ គាត់គិតថាអាណឹង​ជាសៀវភៅតុក្កតា ហើយគាត់យកសៀវភៅហ្នឹង មកឱ្យខ្ញុំជួយនិទានឱ្យគាត់ស្ដាប់។ រាល់ថ្ងៃហ្នឹង ក្មេងៗដែលស្គាល់ខ្ញុំ គាត់តែងតែហៅខ្ញុំឱ្យជួយនិទានរឿងឱ្យគាត់ស្ដាប់។ ខ្ញុំក៏និទានឱ្យគាត់ស្ដាប់ប៉ុន្មានដងហើយ»។  



សូមបញ្ជាក់ថា យុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ បានជំរុញការអានតាមច្រើនរូប ភាព ក្នុងនោះក៏មានរូបភាពដាក់សៀវភៅ ក្នុងហាងកាហ្វេផងដែរ។ បច្ចុប្បន្នយុទ្ធនាការនេះ បានដាក់សៀវភៅក្នុងហាងកាហ្វេចំនួន១០កន្លែងរួចមកហើយ ដោយនៅរាជធានីភ្នំពេញ ដាក់បាន៩កន្លែង និងនៅខេត្តកំពង់ស្ពឺ១កន្លែង៕


 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ប៉ូ សាគុន