បុព្វហេតុជំរុញការអាន របស់​«សៀវភៅមួយ សហគមន៍មួយ»​ ត្រូវការ​សហគ្រិន​ចូល​រួម​
  • ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
បុព្វហេតុជំរុញការអាន របស់​«សៀវភៅមួយ សហគមន៍មួយ»​ ត្រូវការ​សហគ្រិន​ចូល​រួម​

សៀវភៅមួយ សហគមន៍មួយ គឺជាចលនាជំរុញការអានរបស់យុវជន និង​កុមារ នៅ​ទូទាំង​ប្រទេស។ តាមរយៈការអាន យុទ្ធនា​ការនេះ មានជំនឿថា កុមារ និងយុវជន នឹងក្លាយ​ជាធនធានមនុស្ស ដ៏មានសក្តានុពលសម្រាប់ជាតិ។ ទោះយ៉ាងណាក៏ដោយ បុព្វហេតុ​នៃការបណ្តុះទម្លាប់អានដល់កុមារ និងយុវជន ​អាច​សម្រេចបាន គឺទាមទារឱ្យ​សហគ្រិននានា ចូលរួមជាមួយយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
TTN-Free-Banner-In-Article-PC


ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
 
 
អ្នកស្រី ហ៊ាង វត្តី សហស្ថាបនិកា សៀវភៅមួយ សហគមន៍មួយ (OBOC) និងជា​សហគ្រិនមួយរូបផងនោះ បានបញ្ជាក់​ថា ​ការអានមានសារសំខាន់ខ្លាំងណាស់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សហស្ថាបនិការូបនេះ អះអាងថា បើយុវជន​ ឬ​ប្រជាជនកម្ពុជា ជាពិសេសកុមារជំនាន់ក្រោយ ក្លាយជាមនុស្សចូលចិត្តអាន​នោះ​នឹងធ្វើឱ្យធនធានមនុស្ស ក្នុងប្រទេសកើនឡើង ហើយប្រសិទ្ធភាពការងារ​ក៏កើន​ឡើងដែរ។
 
ក្នុងនាមជាអ្នកសហគ្រិនដែលជួបបញ្ហាកង្វះធនធានមនុស្សដែលមានគុណភាព បាន​លើកទឹកចិត្ត ដល់សហគ្រិនដទៃទៀត ចូលរួមគាំទ្រដល់ យុទ្ធនាការសៀវភៅមួយ សហគមន៍​មួយ ដើម្បីចូលរួមកសាង និងបណ្តុះធនធានមនុស្សជំនាន់ក្រោយឱ្យ មានសមត្ថភាពខ្ពស់ តាមរយៈការអាន។
 
​អ្នកស្រី ហ៊ាង វត្តី បញ្ជាក់ដូច្នេះ៖ «បច្ចុប្បន្ននេះ មិនថាតែក្រុមហ៊ុនខ្ញុំ ឬក្រុមហ៊ុនផ្សេងៗទេ តែងជួបញ្ហារឿងធនធានមនុស្ស។ យើង​ពិបាករកបុគ្គលិកដែលមានស្នាដៃល្អណាស់។ ពិបាករកបុគ្គលិក​ ដែលគាត់ជាមនុស្ស​ចូលចិត្តអានច្រើន ដែលមានគំនិតទូលំទូលាយ ឬជាមនុស្សចូលចិត្តអភិវឌ្ឍន៍ខ្លួនណាស់។»។
 

អ្នកស្រី ហ៊ាង វត្តី សហស្ថាបនិកា សៀវភៅមួយ សហគមន៍មួយ (OBOC) CEO, Riel Tiger Solution 

ការអានច្រើន ចេះដឹងច្រើន គឺជាអ្វីដែលលោក ថុន សុធាន ប្រធានសមាគមសហ​គ្រិនវ័យ ក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ មិនអាចបដិសេធបាន ហើយតាមរយៈការអាននេះ​ហើយ ដែលបានផ្លាស់ប្តូរខ្សែជីវិតរបស់ខ្លួនដូចសព្វថ្ងៃ។ លោក ថុន សុធាន ​អះអាងថា លោក​មានចំណេះដឹង និងមានភាពរីកចម្រើនដូចសព្វថ្ងៃ ក៏ដោយសារតែការអានសៀវភៅ ដែរ។

លោកថាការអានសៀវភៅ បានជួយឱ្យខួរក្បាលរបស់លោក មានសុខភាពល្អ។ លោកប្រៀបធៀបការអានសៀវភៅរាល់ថ្ងៃ ទៅនឹងការហាត់ប្រាណជារៀងរាល់ថ្ងៃ។
  
លោក ថុន សុធាន ប្រធានសមាគមសគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ

​ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបន្ទាយមានជ័យរូបនេះ លើកទឹក​ចិត្តសហគ្រិនទូទាំងប្រទេស ចូលរួមគាំទ្រយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ តាមគ្រប់រូបភាព ដើម្បីរួមចំណែកអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព។
 
លោក ថុន សុធាន បន្ថែមដូច្នេះ៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំលើកទឹកចិត្តអាជីវករក្នុងខេត្តបន្ទាយ មានជ័យទាំងអស់ ក៏ដូចជាអាជីវករទាំងអស់ទូទាំងប្រទេស ចូលរួមជាមួយ​យុទ្ធនាការ​​នេះ​ឱ្យបានសកម្ម ដើម្បីជួយជំរុញ និងលើកទឹកចិត្តដល់អាជីវករ និងសិស្ស​និស្សិតជំនាន់ ក្រោយ ឱ្យគាត់ទទួលបានចំណេះដឹងពីការ​អានសៀវភៅ ដើម្បីឱ្យគាត់យកចំណេះដឹងទាំ​​ង​អស់នេះ​ ទៅធ្វើការឱ្យមានប្រសិទ្ធភាពខ្ពស់។»។ នេះជាការបន្ថែមរបស់លោក សុធាន។
 
សម្រាប់កញ្ញា ញឹម សូរីដា ដែលស្ថាបនិកាក្រុមហ៊ុន Boran Care វិញ បានកោតសរសើរ «យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ» ថាជាកម្មវិធីដ៏ល្អមួយ និងជាការ​បង្ហាញទៅ​ក្មេង​ជំនាន់ក្រោយថា គ្រប់អ្នកដែលមានបទពិសោធ និងមានភាពជោគជ័យ ពុំមានអ្នកណា ដែលមិនធ្លាប់ឆ្លងកាត់ការអានសៀវភៅឡើយ។ កញ្ញា ញឹម សូរីដា បាន​លើកទឹកចិត្ត ឱ្យ សហគ្រិន​ចូលរួម​ចែករំលែក គាំទ្រ និងជំរុញយុទ្ធនាការនេះ ដើម្បីបង្ហាញពីគំរភាពនៃការ រួម​ចំណែកបណ្តុះស្មារតី​ស្រឡាញ់សៀវភៅ ដល់យុវជន និងកុមារជំនាន់ក្រោយ។
  
កញ្ញា ញឹម សូរីណា ស្ថាបនិកាក្រុមហ៊ុន Boran Care 

«សៀវភៅដូចជាអាហារបំប៉ន សម្រាប់ខួរក្បាល។ វាធ្វើឱ្យយើងមានចំណេះដឹង អាចដោះស្រាយបញ្ហាផ្សេងៗ។ ពេលខ្លះយើងមិនអាចទៅរកទីប្រឹក្សាបាន ប៉ុន្តែយើងមានសៀវភៅនៅក្បែរខ្លួន សៀវភៅអាចជួយយើងបាន។ សម្រាប់ខ្ញុំ មិនថាទៅទីណា ឬកន្លែងណា ខ្ញុំតែងមានសៀវភៅមួយក្បាល នៅជាប់តាមខ្លួនជានិច្ច។ មិនថាជាសៀវភៅទាក់ទងនឹងជំនាញបច្ចេកទេស ឬជាសៀវភៅដែលជាបទពិសោធរបស់អ្នកជោគជ័យនានា ឬភាពជាអ្នកដឹកនាំ ឬការបំផុសគំនិតផ្សេងៗ»។ 
 
អ្នកស្រី ហ៊ាង វត្តី សហស្ថាបនិកា សៀវភៅមួយ សហគមន៍មួយ (OBOC) និងជាCEO ក្រុមហ៊ុន Riel Tiger Solution បន្ថែមថា សហគ្រិនទាំងអស់ អាចចូលរួមគាំទ្រយុទ្ធនាការ ជំរុញការអាននៅទូទាំងប្រទេស តាមរយៈការចែករំលែកពីសកម្មភាពរបស់យុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ និងគាំទ្រតាមរូបភាពជាច្រើនទៀត​។ អ្នកស្រី ហ៊ាង វត្តី បន្ថែម៖ «ទោះក្នុងរូបភាពណាក្ដី អ្នកទាំងអស់គ្នា បានជួយជំរុញយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ និងជំរុញការអាននៅទូទាំងប្រទេសហើយ។ ខ្ញុំសូមលើកទឹកចិត្តដល់សហគ្រិនទាំងអស់ ចូលរួមទាំងអស់គ្នា ចូលរួមមកចែករំលែក ឬមកស្ដាប់។ ការចូលរួមរបស់អ្នកទាំងអស់គ្នា គឺជាការលើកទឹកចិត្តយ៉ាងខ្លាំង សម្រាប់ក្រុមនាងខ្ញុំ និងសម្រាប់យុវជនផ្សេងៗ ដែលបានស្ម័គ្រចិត្ត»។
  


សូមរំលឹកថា យុទ្ធនាការសៀវភៅមួយសហគមន៍មួយ (OBOC) ក្រោមប្រធានបទ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍« បានចាប់​ផ្ដើមធ្វើដំណើរ ពីថ្ងៃទី​១០ ខែសីហា រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ យុទ្ធនាការនេះ ធ្វើឡើងដើម្បី​ជំរុញ​ការអាននៅទូទាំងប្រទេស ក៏ដូចជាការប្រកួតអំណាន។ ក្នុងនោះអ្នកជាប់លេខ១ ក្នុងវគ្គ​«ជើងឯកបំបែកជើងឯក» នឹងមានឱកាសបានធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសជប៉ុន។
 
គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ បាន​ចូលរួមគាំទ្របណ្ណាល័យសហគមន៍ ជាង៤០កន្លែង និងបានចែកសៀវភៅ ជាង១ម៉ឺនក្បាល នៅទូទាំងប្រទេស៕




 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ប៉ូ សាគុន