មនុស្ស៣នាក់ស្លាប់ ដោយសារពុលស្រា នៅខេត្តតាកែវ
  • ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ​​ ម៉ោង ១:៤១ នាទី រសៀល
មនុស្ស៣នាក់ស្លាប់ ដោយសារពុលស្រា នៅខេត្តតាកែវ

មនុស្ស៣នាក់ បានស្លាប់ដោយសារ ពុលស្រា ខណៈ៣នាក់ទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ជនរងគ្រោះ សុទ្ធតែជាអ្នករស់នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែសីហា។
TTN-Free-Banner-In-Article-PC
 
បើតាមក្រសួងសុខាភិបាល និងអ្នកជំនាញពាក់ព័ន្ធ ដែលបានចុះទៅពិនិត្យ និងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ នៅ ជនរងគ្រោះទាំង៦នាក់ បានពិសាស្រាថ្នាំ ថ្ងៃទី១៦ ខែសីហា លុះស្អែកឡើង គឺថ្ងៃទី១៧ ខែសីហា  មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ បើតាមលទ្ធផលតេស្ត និងវិភាគសំណាកស្រាថ្នាំ ស្រាថ្នាំដែលជនរងគ្រោះបានផឹកនោះមាន ផ្ទុកសារធាតុមេតាណុល កម្រិត១៥% ដែលធ្វើឱ្យពុលស្លាប់។ 
 
ក្រសួងសុខាភិបាល បញ្ជាក់ដូច្នេះ៖ «លទ្ធផល តេស្តនិងវិភាគសំណាកស្រាថ្នាំ ដោយអគ្គនាយកដ្ឋាន ក.ប.ប.» ឃើញថាមានផ្ទុកសារធាតុមេតាណុល កម្រិត១៥% ដែលធ្វើឱ្យពុលស្លាប់ ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី ០.១% ។»។ 
 
ក្រុមឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធ បានណែនាំពលរដ្ឋនៅភូមិ-ឃុំកើតហេតុ ឲ្យប្រុងប្រយ័ត្នខ្ពស់ និងឈប់ពិសាស្រាដែលផលិតឬបិតស្រាមិនបានត្រឹមត្រូវ និងបញ្ឈប់ការ លក់ស្រា និងទីតាំងផលិតចែកចាយស្រា។ 
 
ដើម្បីការពារការពុលស្រាដែលបិតមិនត្រឹមត្រូវតាមបច្ចេកទេសនិងរក្សាជីវិតរបស់ខ្លួន ក្រសួងបន្តក្រើនរំលឹក និងទទូចឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ នៅទូទាំងប្រទេស បញ្ឈប់ការប្រើប្រាស់មេតាណុលផលិតស្រា ស និងស្រាថ្នាំ ដែលនាំឱ្យបំផ្លាញសុខភាព និងជីវិតមនុស្ស និងឈប់លក់ដូរស្រា ស ឬស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំ មិនត្រឹមត្រូវតាមបច្ចេកទេស។ 
 
ក្រសួងសុខាភិបាល ក៏ស្នើឱ្យអាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋ ជៀសវាង យកសារធាតុមេតាណុលលាយធ្វើស្រា ស ឬស្រាថ្នាំ ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត។
 
ករណីមានរោគសញ្ញានៃការពុលស្រារួមមាន ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម សូមប្រញាប់ទៅស្វែងរកការពិនិត្យ និងពិគ្រោះនៅមណ្ឌលសុខភាព ឬទៅមន្ទីរពេទ្យដែលនៅជិតផ្ទះជាបន្ទាន់។
 
បើតាមក្រសួងសុខាភិបាល ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ មានការពុលស្រា ស ឬស្រាថ្នាំ ចំនួន៥១៧នាក់ ក្នុងនោះ ៨៩នាក់បានស្លាប់៕
 

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា