យុវជនឈ្លក់វង្វេង «បារីអេឡិចត្រូនិក» ជាបញ្ហាថ្មីមួយបន្ថែមទៀតដែលសង្គមត្រូវដោះស្រាយ
  • ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
យុវជនឈ្លក់វង្វេង «បារីអេឡិចត្រូនិក» ជាបញ្ហាថ្មីមួយបន្ថែមទៀតដែលសង្គមត្រូវដោះស្រាយ
អាជ្ញាធរចុះបង្ក្រាបក្មេងៗសិស្សសាលាជាច្រើននាក់ប្រមូលផ្តុំគ្នាជក់បារីអេឡិចត្រូនិកកន្លងមកនៅរាជធានីភ្នំពេញ។ រូបភាពដោយ៖ ស្នងការនគរបាលរាជធានីភ្នំពេញ។

បុរសពីរនាក់ បានកាន់រូបថតដើរស្វែងរកកូនប្រុសរៀងៗខ្លួន ដោយពួកគេមានអាយុត្រឹម៨ឆ្នាំ និង៩ឆ្នាំប៉ុណ្ណោះ។ ឃ្លីបវីដេអូអំពីសកម្មភាពពួកគាត់ត្រូវបានចែករំលែកតៗគ្នា ពេញបណ្តាញសង្គម។ ទីបំផុត លោកឪពុកបានជួបកូនៗវិញ តែអ្វីដែលហួសចិត្តមិននឹកស្មានដល់នោះ ការបាត់ខ្លួនកុមារាទាំងពីរ មិនមែនដោយសារពួកគេវង្វេងនោះឡើយ ហេតុនោះគឺថា ពួកគេមិនហ៊ានចូលផ្ទះ បន្ទាប់ពីឪពុកម្តាយដឹងថា ពួកគេលួចសេពបារីអេឡិចត្រូនិក ដែលគេស្គាល់ជាទូទៅថា វេប (vape)។
TTN-Free-Banner-In-Article-PC
 
ករណីក្មេងតូចទាំងពីរ មិនមែនជាដាច់ដោយឡែកឡើយ ប៉ុន្តែបច្ចុប្បន្ន ការប្រើប្រាស់បារីអេឡិចត្រូនិកយ៉ាងអាណាធិបតេយ្យ ក្នុងចំណោមយុវជន ក្លាយជាកង្វល់ថ្មីមួយបន្ថែមទៀត ក្នុងសង្គមកម្ពុជា ដែលចាំបាច់ត្រូវរួមគ្នារកដំណោះស្រាយ។ អ្នកប្រើប្រាស់ នឹងត្រូវប្រឈមគ្រោះថ្នាក់ចំពោះសុខភាព និងវាសនាអនាគតខ្លួន ខណៈឪពុកម្តាយ អាណាព្យាបាល ត្រូវរងផលប៉ះពាល់ទាំងផ្ទាល់ និងប្រយោល ដោយពួកគេត្រូវគ្រាំគ្រាចិត្តស្អិតទ្រូង ដោយសារតែកូនលែងស្តាប់បង្គាប់ និងភ្លេចការរៀនសូត្រ។
 
 
សំណួរជាច្រើនផុសឡើងសម្រាប់ខ្ញុំ ហើយខ្ញុំជឿថា មិត្តអ្នកអានផ្សេងទៀត ប្រហែលជាមានចម្ងល់ដូចគ្នាដែរ ត្រង់ថា «ហេតុអ្វីបានជាក្មេងៗល្អិតល្អោច មិនទាន់ដឹងក្តីស្រួលបួលផង បែរជាទទួលបានបារីអេឡិចត្រូនិកយ៉ាងស្រួល តាំងពីក្រុង រហូតដល់ជនបទ ចុងកាត់មាត់ញក? ហេតុអ្វីរឿងដដែលៗនៅតែកើតមាន ទាំងដែលកម្ពុជា មានបទបញ្ញត្តិពាក់ព័ន្ធនឹងការហាមឃាត់បារីអេឡិចត្រូនិក ហើយកន្លងមក ក្រសួងស្ថាប័នពាក់ព័ន្ធធ្លាប់ចេញចំណាត់ការបង្រ្កាប និងហាមឃាត់ការប្រើប្រាស់ជាហូរហែរួចហើយ? 
 
ទាំងនេះ គ្រាន់តែជាសំណួរដែលខ្ញុំចោទសួរខ្លួនឯងត្រួសៗប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលទាំងចម្ងល់ ពាក់ព័ន្ធនឹងផលប៉ះពាល់ផ្ទាល់ដែលបារីវេបនេះ កំពុងបង្កលើអ្នកប្រើប្រាស់នៅកម្ពុជាបច្ចុប្បន្នដោយចំហ និងដោយលួចលាក់នេះឡើយ។ រឿងពិតដែលគ្រប់គ្នា អាចដឹង គឺ មិនខុសពីបារីធម្មតាទេ។ បារីអេឡិចត្រូនិក ជាវត្ថុដែលមានផ្ទុកសារធាតុញៀនដូចជានីកូទីន ដែលបង្កផលប៉ះពាល់យូរអង្វែង ដល់សុខភាព ជាពិសេសប្រព័ន្ធដង្ហើម និងខួរក្បាល។ ដូច្នេះហើយ វាជារឿងអកុសល ដែលក្មេងៗមានខួរក្បាលក្មេងខ្ចី និងត្រូវការលូតលាស់វែងឆ្ងាយទៅមុខ បែរជាត្រូវមកប្រឡូកប្រឡាក់ នឹងរបស់បែបនេះទៅវិញ។ 
 
មិនខ្វល់ឱ្យតែខ្លួនបានលុយ បានចំណេញ..
 
កំណើននៃការប្រើប្រាស់បារីវេប ក្នុងចំណោមយុវវ័យ ជាពិសេសក្មេងៗអាយុមិនទាន់ពេញវ័យ កើតឡើងដោយសារផលិតផលប្រភេទនេះ ត្រូវបានបង្កើតឡើងឱ្យមានភាពទាក់ទាញខ្លាំង។ វាត្រូវបានគេរចនាឡើង ដោយបញ្ចូលរសជាតិផ្លែឈើ ផ្អែមឈ្ញុយ អមនឹងពណ៌ចម្រុះនៃផលិតផលនេះផង។ កត្តានេះ ធ្វើឱ្យយុវជនយុវនារី ត្រេកត្រអាល ចង់សាកល្បងប្រើប្រាស់វាដែរ។ យ៉ាងណាមិញ ត្រឹមភាពទាក់ទាញនៃបារីមួយមុខ ក៏មិនល្មមនឹងអូសទាញក្មេងៗទាំងនេះ ឱ្យចង់សាកល្បងដែរ។ ផ្ទុយទៅវិញ ការសេពគប់មិត្តនាសង្គមបច្ចុប្បន្ន បូកផ្សំនឹងផ្នត់គំនិតមួយធ្វើយ៉ាងណា អាចចូលចំណោមគេចុះ បានក្លាយជាដើមចមមួយទៀត ដែលរុញឱ្យយុវវ័យខ្លះប្រព្រឹត្តរឿងដែលភ្លើតភ្លើន ប៉ះពាល់សុខភាព ដូចរឿងជក់បារី ឬប្រឹងផឹកស្រាជាដើម។ 
 
ដោយឡែក ភាពធូររលុងនៃការអនុវត្តច្បាប់ដែលមានស្រាប់ រួមជាមួយនឹងកង្វះកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធ ធ្វើឱ្យការអនុវត្តច្បាប់ភាគច្រើន ធ្វើឡើងដោយអន្លើរ តាមការនឹកឃើញ ច្រើនជាងការអនុវត្ត ដែលមានលក្ខណៈជាប្រព័ន្ធ និងមាននិរន្តរភាព។ ចន្លោះប្រហោងផ្នែកច្បាប់ បានបន្តទុកផ្លូវឱ្យអ្នកលក់ដូរ ឬចែកចាយបារីវេប ធ្វើអាជីវកម្មជាធម្មតា ជាពិសេស នៅតាមបណ្តាញសង្គមតែម្តង។ ឯករណីក្មេងៗសិស្សសាលា អាចរកជាវបារីនេះមកប្រើប្រាស់បានងាយស្រួល ការលក់ដូរនេះ ក៏ទំនងជាអាចកើតឡើងមិនឆ្ងាយប៉ុន្មានទេ ពីសាលារៀន។ និយាយរឿងលក់ដូរបារីវេបនេះដែរ យើងត្រូវស្តីបន្ទោសអ្នករកស៊ីខ្លះនៅស្រុកយើងដែលមានចរិតអាត្មានិយមខ្លាំង។ អាត្មានិយមត្រង់ថា ម្នាក់ៗប្រឹងទាញយកលុយឱ្យបានច្រើនតាមដែលអាចធ្វើបាន បើទោះជាត្រូវលក់ឱ្យក្មេងមិនគ្រប់អាយុ ឬអ្នកងាយរងគ្រោះថ្វី ក៏គេមិនឈឺក្បាលវិលមុខដែរ។ ពាក្យមួយឃ្លាដែលខ្ញុំចំណាំឮគឺ «ស្លាប់អ្នកណា ឬរងគ្រោះអ្នកណារងគ្រោះចុះ ឱ្យតែខ្លួនចំណេញ»។
 
និយាយដូច្នេះ មិនមែនខ្ញុំព្យាយាមបន្ទោសតែអ្នកលក់បារីអេឡិចត្រូនិកតែម្ខាងទេ។ រឿងដែលការចែកចាយ និងលក់ដូរបារីនេះ ក៏ឆ្លុះបញ្ចាំងពីភាពអន់ខ្សោយ របស់សមត្ថភាពរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឺង ហ្មត់ចត់ ជាពិសេសខ្វះ ការសហការគ្នា។ បើសិន អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាក្រុមអ្នកអនុវត្តគោលនយោបាយសាធារណៈ គិតគូរពីសុខទុក្ខ និងសុខុមាលភាព ក្មេងជំនាន់ក្រោយគត់មត់មែននោះ ល្មមគេចាប់ផ្តើមរិះគិត ពីចំណុចដែលខ្វះចន្លោះ ដែលបន្តធ្វើឱ្យការអនុវត្តច្បាប់ គ្មានប្រសិទ្ធភាព។  
 
តាមពិតទៅ មានច្បាប់ មានវិធានការ ប៉ុន្តែ..
 
ទាក់ទិននឹងច្បាប់ដែលមានស្រាប់ ចំណុចខ្វះចន្លោះមួយ ដែលគេចាំបាច់យកមកពិចារណា គឺ អវត្តមាននៃការដាក់ពិន័យសមរម្យ ចំពោះអ្នកលក់ដូរ និងអ្នកប្រើប្រាស់បារីវេប។ កន្លងមក អ្នកប្រពឹ្រត្តខុសទាំងនោះ ត្រឹមតែទទួលការអប់រំណែនាំ និងចុះកិច្ចសន្យាឈប់ប្រព្រឹត្តសកម្មភាពនេះតទៅទៀត ជាថ្នូរនឹងការដោះលែង ឱ្យមានសេរីភាពឡើងវិញ។ ដូច្នេះហើយ ចង់មិនចង់ អ្នកប្រព្រឹត្តខុសភាគច្រើន មិនរាងចាលនឹងកំហុសរបស់ខ្លួនឡើយ។ 
 
យ៉ាងណាមិញ ការអនុវត្តច្បាប់ឱ្យតឹងរ៉ឹងតែមួយមុខ នៅមិនអាចដោះស្រាយបញ្ហាទាំងស្រុងទេ។ វាតម្រូវឱ្យមានដំណោះស្រាយបំពេញបន្ថែមផ្សេងទៀត ដូចជាយុទ្ធនាការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹង ពីផលប៉ះពាល់នៃបារីនេះ ដល់មជ្ឈដ្ឋាននានាឱ្យបានជាប់លាប់។ កន្លងមក វិធានការណែនាំ និងបញ្ជៀបចំណេះដឹង ត្រូវបានដាក់ចេញខ្លះដែរ ដោយមានការផ្ចុងផ្តើមពីក្រសួងអប់រំ និងក្រសួងសុខាភិបាលជាដើម។ កាលពីខែកុម្ភៈកន្លងទៅ ក្រសួងសុខាភិបាលបានអំពាវនាវដល់យុវជន យុវនារី ក៏ដូចជាប្រជាពលរដ្ឋទូទៅ ឱ្យចៀសវាងប្រើប្រាស់បារីអេឡិចត្រូនិកនេះ ដោយព្រមានពីផលប៉ះពាល់ដល់សុខភាព។ ឯក្រសួងអប់រំវិញ ក៏បានចាប់ផ្តើមពង្រឹងសកម្មភាព ផ្តល់យោបល់ និងណែនាំដល់មន្ត្រីអប់រំ ទាំងគ្រូបង្រៀន និងនាយកឱ្យសាលានានា ឱ្យចូលរួមអប់រំសិស្សានុសិស្ស ពីផលប៉ះពាល់នៃបារីវេបនេះ។ 
 
ប្រសិទ្ធភាព និងនិរន្តរភាពនៃយុទ្ធនាការលើកកម្ពស់ចំណេះដឹង ស្តីពីផលប៉ះពាល់នៃបារីវេប ក៏ដូចជាគ្រឿងស្រវឹង និងគ្រឿងញៀនគ្រប់ប្រភេទផ្សេងទៀត ជាគន្លឹះសំខាន់។ ប៉ុន្តែ អាចជោគជ័យឬអត់ វាពឹងផ្អែកលើកិច្ចសហការគ្នាជិតស្និទ្ធ រវាងភាគីពាក់ព័ន្ធជាច្រើន។ ខណៈអាណាព្យាបាល និងគ្រូបង្រៀននៅតាមគ្រឹះស្ថានអប់រំនានា មានទំនួលខុសត្រូវជួយណែនាំ និងតាមដានក្មេងៗ ឱ្យចៀសឆ្ងាយពីការសេពបារីវេប និងគ្រឿងញៀនផ្សេងៗទៀត។ ក្រសួងពាក់ព័ន្ធផ្សេងទៀត ក៏ត្រូវចាត់វិធានការតឹងរ៉ឹងបន្ថែម ដើម្បីទប់ការនាំចូល ការផ្សាយពាណិជ្ជកម្ម និងចែកចាយផលិតផលនេះគ្រប់រូបភាព ឱ្យមានប្រសិទ្ធភាពដែរ។ 
 
សរុបមកវិញ ការប្រើប្រាស់បារីវេបក្នុងចំណោមយុវវ័យកម្ពុជា អាចជារឿងតូចតាចមួយ បើធៀបនឹងបញ្ហាសង្គមដទៃទៀតក៏ពិតមែន កង្វះដំណោះស្រាយឱ្យគត់មត់ ប្រាកដជានឹងហុចបច្ច័យអវិជ្ជមាន យ៉ាងធំនាពេលអនាគត។ សាកស្រមៃបន្តិចមើល តើសង្គមកម្ពុជានឹងទៅជាបែបណា នៅពេលដែលប្រជាជនវ័យក្មេងៗ ដែលយើងតែងរំពឹងថា នឹងក្លាយជាឆ្អឹងខ្នងប្រទេសជាតិ បែរក្លាយជាបន្ទុកធ្ងន់សម្រាប់សង្គមជាតិ ដោយសារតែលង់ផុងជ្រៅ នឹងទង្វើភ្លើតភ្លើនភ្លេចខ្លួន ហើយញាំញីរួមរឹត ដោយជំងឺតម្កាត់ច្រើនមុខ។ បើសិនជាយើងមិនប្រឹងស្រវាស្រទេញ ចូលរួមជួយគ្នាដោះបញ្ហានេះឥឡូវទេ ប្រាកដហើយថា ក្តីសុបិនរបស់កម្ពុជាដែលចង់ក្លាយជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ ខាងមុខនោះ នឹងត្រូវរសាត់ទៅកាន់តែឆ្ងាយ ជាក់ជាមិនខាន៕

អ្នកសរសេរអត្ថបទ

សៅ ផលនិស្ស័យ (Sao Phal Niseiy) ជានិពន្ធនាយកសារព័ត៌មានភាសាអង់គ្លេស​ Cambodianess និងនិពន្ធនាយករងទទួលបន្ទុកព័ត៌មានអន្តរជាតិនៃសារព័ត៌មានថ្មីៗ។​​​ ទទួលបានសញ្ញាបត្របរិញ្ញាបត្ររដ្ឋបាលសាធារណៈ និង​សិក្សា​អន្តរជាតិ​ ផលនិស្ស័យក៏ជាអ្នកតាមព្រឹត្តិការណ៍អន្តរជាតិជាពិសេសវិបត្តិប្រែប្រួលអាកាសធាតុ និងកិច្ចការបរទេស។ Sao Phal Niseiy currently is Editor in Chief of Cambodianess News and Deputy Editor In Chief of Thmey Thmey Media in charge of international news desk, mostly covering climate crisis and foreign affairs. He earned degrees in Public Administration and International Studies.

© រក្សាសិទ្ធិដោយ thmeythmey.com

សៅ ផលនិស្ស័យ