សម្តេច ហ៊ុន ម៉ាណែត ចង់កែប្រែសាលារដ្ឋ៧ពាន់កន្លែងទូទាំងប្រទេស ឱ្យដូចជាសាលាវត្តបូព៌
  • ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ ​​ ម៉ោង ១១:៣៦ នាទី ព្រឹក
សម្តេច ហ៊ុន ម៉ាណែត ចង់កែប្រែសាលារដ្ឋ៧ពាន់កន្លែងទូទាំងប្រទេស ឱ្យដូចជាសាលាវត្តបូព៌

មហិច្ឆតា ប្រែក្លាយសាលាបឋមសិក្សារដ្ឋ ៧ពាន់កន្លែង នៅទូទាំងប្រទេស ឱ្យដូចសាលាវត្តបូព៌ខេត្តសៀមរាបដែលមានការអនុវត្តវិន័យខ្ជាប់ខ្ជួន និងការអប់រំមានគុណភាព ត្រូវបាន សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីនៅក្នុងទស្សនកិច្ចក្រៅផ្លូវការ នៅសាលាបឋមសិក្សាត្រពាំងក្អែក ស្ថិតក្នុងភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្នុងក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែសីហានេះ។
TTN-Free-Banner-In-Article-PC
 
សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ «គោលដៅយើង កុំឱ្យមានសាលាវត្តបូណ៌តែមួយកន្លែងនៅទូទាំងប្រទេសខ្ញុំចង់ឱ្យមាន(សាលា)វត្តបូព៌៧ពាន់កន្លែង នៅក្នុងទូទាំងប្រទេស សម្រាប់សាលារដ្ឋ។ សាលឯកជនរដ្ឋអត់លូកទេ។ ប៉ុន្តែអ្វីដែលសំខាន់ អាណត្តិនេះ យើងពង្រឹងមូលដ្ឋាន។ មណ្ឌលសុខភាពរដ្ឋ ពេទ្យបង្អែកស្រុកក៏ត្រូវពង្រឹង ឥឡូវអប់រំក៏ត្រូវពង្រឹង សាលារបស់ ជាពិសេស(កម្រិត)បឋម ជំរុញយ៉ាងម៉េចឱ្យបាន។»។ 
 
 
សម្រាប់សម្តេចនាយករដ្ឋមន្ត្រីសាលាបឋមសិក្សា វត្តបូព៌ ក្រុងសៀមរាប ជានិមិត្តរូបនៃសាលាដែលមានវិន័យ និងការប្រតិបត្តិល្អ។ ប៉ុន្តែនៅមានសាលារៀនរដ្ឋជាច្រើនទៀត នៅទូទាំងប្រទេស ក៏កំពុងអនុវត្តនូវវិន័យ ដូចជាសាលាវត្តបូណ៌ដែរ។
 
សូមជម្រាប់ថា សាលាបឋមសិក្សាត្រពាំងក្អែក ស្ថិតនៅក្នុងចំណោមសាលារៀន៤២ ផ្សេងទៀត ដែលកំពុងវិធានការការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ដែលប្រមុខរាជរដ្ឋាភិបាលជាប្រធាន។ ការងារជំរុញវិស័យអប់រំ ក្រោមយន្តការ គ.វ.អ. មានគោលបំណង លើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពចាប់ពីថ្នាក់មត្តេយ្យ ដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់។ 
 
នេះគឺជាលើកទី២ហើយ ដែលសម្តេច ហ៊ុន ម៉ាណែត បានចុះពិនិត្យមើលការអនុវត្តការងារជំរុញវិស័យអប់រំ នៅតាមសាលារៀនកម្រោង គ.វ.អ. ដោយមិនជូនដំណឹងជាមុន។ សកម្មភាពលើកទី១ គឺប្រមុខរាជរដ្ឋាភិបាល បានចុះទៅសាលាបឋមសិក្សាអនុវត្ត ដែលស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤៕

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ខន ចំប៉ា