លោក ទៀ សីហា បង្កើតក្រុមស្រាវជ្រាវយុទ្ធសាស្ត្រចំណុះក្រុមការងារសៀវភៅ «ស» ការពារជាតិ
- ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៦:៥៩ នាទី ល្ងាច

លោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ លោក សួន សំណាង ប្រធានក្រុមការងារសៀវភៅសការពារជាតិ និងលោក ឈាង វណ្ណារិទ្ធ ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រ
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព និងតួនាទីភារកិច្ចក្រុមការងារសៀវភៅសការពារជាតិ (Defence White Paper Working Group) ហើយបានបង្កើតបន្ថែមនូវក្រុមស្រាវជ្រាវយុទ្ធសាស្ត្រ និងលេខាធិការដ្ឋានមួយជាជំនួយការក្រុមការងារសៀវភៅ។

ក្រុមការងារសៀវភៅសការពារជាតិ មានភារកិច្ចចងក្រង និងផលិតសៀវភៅសការពារជាតិ (Defence White Paper) ឯកសារវិវេចនាយុទ្ធសាស្ត្រការពារជាតិ (Defence Strategie Review) និងឯកសារបច្ចុប្បន្នភាពយុទ្ធសាស្ត្រការពារជាតិ (Defence Strategic Updates) តាមតម្រូវការនៃពេលវេលា ឬការវិវត្តនៃសភាពការណ៍យោធា និងសន្តិសុខជាតិ និងអន្តរជាតិ។
បន្ថែមលើភារកិច្ចស្រាវជ្រាវ និងអភិវឌ្ឍគោលនយោបាយ (Policy) និងយុទ្ធសាស្ត្រ (Strategy) ក្នុងវិស័យសន្តិសុខជាតិ និងការពារជាតិ សេចក្តីសម្រេចចុះកាលពីថ្ងៃទី១៧ ខែកក្កដា ក៏តម្រូវឱ្យក្រុមការងារសៀវភៅសការពារជាតិ ធ្វើការទាក់ទងជាមួយនឹងដៃគូអន្តរជាតិតាមការចាំបាច់ ដើម្បីស្វែងរកការគាំទ្របច្ចេកទេសផ្អែកតាមគោលការណ៍កំណត់របស់ក្រសួងការពារជាតិ។
នេះជាការកែសម្រួលសមាសភាពក្រុមការងារសៀវភៅសលើកដំបូងក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត។ សមាសភាពចុងក្រោយ បានចងក្រង និងផលិតសៀវភៅសការពារជាតិ កាលពីឆ្នាំ២០២២ ដោយមានលោក សួន សំណាង ជាប្រធាន និងលោក ណឹម សុវត្ថិ ជាទីប្រឹក្សាជាន់ខ្ពស់។

សម្រាប់សមាសភាពថ្មី លោក សួន សំណាង អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចបរទេស បន្តកាន់តួនាទីជាប្រធានក្រុមការងារ ប៉ុន្តែមានសមាជិកច្រើនជាងមុន ដោយអនុប្រធានកើនពី៤នាក់ទៅ៨នាក់ ក្នុងនោះក៏មាន លោក ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សារដ្ឋសភា និងលោក ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីផងដែរ។ សមាជិកឡើងដល់ជិត៤០រូប ដែលមានតួនាទីជានាយក នាយករង នាយការិយាល័យ នាយ នាយរង យោធាចារ្យ ជំនួយការ នាយផ្នែក ប្រធានផ្នែកប្រតិបត្តិការ នៃអគ្គនាយកដ្ឋាន នាយកដ្ឋាន ការិយាល័យ និងស្ថាប័នជំនាញនានារបស់ក្រសួងការពារជាតិ ហើយក្រៅពីនេះ មាន លោក លឹម ម៉េងហួ ប្រធានមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងលោក ថុង ម៉េងដាវិត ដែលជាអ្នកសិក្សាស្រាវជ្រាវ ផងដែរ។
ក្នុងសេចក្តីសម្រេច លោក ទៀ សីហា បានបង្កើតក្រុមស្រាវជ្រាវយុទ្ធសាស្ត្រ (Strategic Policy Group) ចំណុះក្រុមការងារសៀវភៅសការពារជាតិ ដែលដឹកនាំដោយ លោក ឈាង វណ្ណារិទ្ធ។ លោក ឆេង គឹមឡុង, លោក សុគន្ធ វិសាល អគ្គនាយករងនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និង លោក សំ សោភា នាយករងនាយកដ្ឋានកិច្ចការអាស៊ាន នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ជាអនុប្រធាន។ សមាជិក១២រូប ជាសមាសភាពចម្រុះពីក្រសួងការពារជាតិ និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
ក្រុមស្រាវជ្រាវយុទ្ធសាស្ត្រ មានភារកិច្ចសិក្សា ស្រាវជ្រាវ និងចងក្រងឯកសារស្តីពីការវិវត្តន៍នៃសភាពការណ៍សន្តិសុខ និងការពារជាតិក្នុងប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក រួមទាំងផ្តល់ទិដ្ឋន័យ និងប្រមូលផ្តុំធាតុចូលផ្សេងៗ។ ក្រុមស្រាវជ្រាវ ក៏ទទួលបន្ទុកផលិតឯកសារស្រាវជ្រាវ និងវិភាគអំពីសន្តិសុខ និងការពារជាតិប្រចាំត្រីមាស និងប្រចាំឆ្នាំផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិ ក៏បានសម្រេចបង្កើតលេខាធិការដ្ឋានមួយជាជំនួយការដល់ក្រុមការងារសៀវភៅសការពារជាតិ ក្រោមការដឹកនាំរបស់ លោក សួន វិទូ នាយករង នាយកដ្ឋាននយោបាយ ផែនការ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស រីឯលោក ម៉ិល គុណពិសិដ្ឋ នាយការិយាល័យផែនការ ជាអនុប្រធាន រួមជាមួយសមាជិក៦រូបទៀត។
យោងអត្ថបទសម្ភាសមួយដែលចុះផ្សាយនៅលើគេហទំព័រវិទ្យាស្ថានចក្ខុវិស័យអាស៊ី (asianvision.org) សៀវភៅសការពារជាតិ (Defence White Paper) មានការកែសម្រួលចំនួន៣លើកហើយ ដោយលើកដំបូងនៅឆ្នាំ២០០០ លើកទី២នៅឆ្នាំ២០០៦ ហើយ១៦ឆ្នាំក្រោយមក ពោលគឺលើកទី៣នាឆ្នាំ២០២២៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: