អាមេរិក និងចិន ពិភាក្សាពីលទ្ធភាពនៃជំនួបរវាងលោក Biden និងលោក Xi និងអំពីការតានតឹង នៃសមុទ្រចិនខាងត្បូង
- ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (ស្តាំ) និងទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan (ឆ្វេង) ថតរូបមុនពេលកិច្ចពិភាក្សានៅបឹង Yanqi ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោកJake Sullivan និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបគ្នា នៅថ្ងៃទី២ នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ដើម្បីពិភាក្សាលើប្រធានបទ រួមមានជំនួបកំពូលរវាងប្រមុខរដ្ឋរបស់ប្រទេសទាំង២ និងការតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។

ភាគីទាំង២ បាននិយាយថា ការពិភាក្សាឥតមានការលាក់លៀម ប្រកបដោយខ្លឹមសារ និងការស្ថាបនា ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួ (Xinhua) រៀបចំចាត់ចែងដោយរដ្ឋចិន បានដកស្រង់សម្តី លោក Wang Yi មកចុះផ្សាយថា គន្លឹះដើម្បីរក្សាទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ឱ្យនៅលើផ្លូវត្រូវ ស្ថិតនៅក្នុងការដឹកនាំរបស់ប្រមុខរដ្ឋទាំង២។
លោកទាំង២ បានពិភាក្សាផែនការសម្រាប់ការហៅទូរស័ព្ទថ្នាក់មេដឹកនាំ ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ មកពីសេតវិមាន។ ទីភ្នាក់ងារព័ត៌មានស៊ីនហួបានរាយការណ៍ទៀតថា ភាគីទាំង២ ក៏បានពិភាក្សាលទ្ធភាពនៃជំនួបដ៏ធំមួយ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងមេដឹកនាំចិន លោក Xi Jinping ដែរ។
លោក Sullivan និងលោកWangក៏បានពិភាក្សាពីសារៈសំខាន់ នៃការទាក់ទងរវាងយោធានិងយោធា ហើយនឹងការជួបប្រជុំតាមវីដេអូ រវាងមេបញ្ជាការយោធារបស់ខ្លួន «នៅពេលសមរម្យមួយ»។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានអាននៅក្នុងជំនួបនោះ។
ក្រៅពីការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ លោក Wang និងលោក Sullivan ក៏បានពិភាក្សាអំពីជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដោយលោក Wang Yi បានព្រមានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អំពីការគាំទ្រប្រទេសហ្វីលីពីន។ ទូរទស្សន៍ CCTV បានរាយការណ៍ថា «សហរដ្ឋអាមេរិក មិនត្រូវប្រើប្រាស់សន្ធិសញ្ញាទ្វេភាគីជាលេស ដើម្បីធ្វើឱ្យអន្តរាយដល់បូរណភាពទឹកដីរបស់ចិន ហើយក៏មិនត្រូវគាំទ្រសកម្មភាពរំលោភរបស់ហ្វីលីពីនដែរ»។
សេចក្ដីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ថា លោក Sullivan បានសម្ដែងនូវ«ការព្រួយបារម្ភ អំពីសកម្មភាពនៃការធ្វើឱ្យមានអស្ថិរភាព របស់សាធារណរដ្ឋប្រជាមានិតចិនប្រឆាំងនឹងកិច្ចប្រតិបត្តិការនាវាស្របច្បាប់ របស់ហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូងទេ»៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com