អង្គការសហប្រជាជាតិ រិះគន់ជាសាធារណ: លើគោលនយោបាយសិទ្ធិមនុស្សចិន ថានៅតែ«មានបញ្ហា»
- ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៨:២៩ នាទី ព្រឹក

រូបឯកសារ៖ ប៉មយាមនៃកន្លែងឃុំឃាំងដែលត្រូវបានគេចោទប្រកាន់ត្រូវបានគេឃើញនៅ ក្នុងក្រុង Artux ក្នុងខេត្ត Kizilsu ក្នុងតំបន់ Xinjiang ភាគពាយ័ព្យនៃប្រទេសចិន ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃអង្គារថា គោលនយោបាយ«ដែលមានបញ្ហា» នៅតែមានក្នុងប្រទេសចិន ពីរឆ្នាំក្រោយមកចាប់តាំងពីចេញរបាយការណ៍ដ៏សំខាន់របស់ខ្លួន ដែលលើកឡើងអំពី«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដែលអាចកើតឡើងនៅតំបន់ Xinjiang របស់ចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រទេសចិន ត្រូវបានចោទប្រកាន់ថាបានដាក់គុកជនជាតិវីហ្គ័រ (Uyghurs) និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមដទៃទៀត ជាង១លាននាក់ នៅតំបន់ Xinjiang ប៉ែកពាយព្យប្រទេស។ តែ ចិនបដិសេធដាច់អហង្ការ ចំពោះការចោទប្រកាន់នេះ។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលាតត្រដាងកាលពីថ្ងៃអង្គារថា ខ្លួនបានរៀបចំកិច្ចពិភាក្សាជាបន្តបន្ទាប់ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាមួយមន្ត្រីចិន តាំងពីខែកុម្ភៈ ឆ្នាំ២០២៣មក ដែលបានត្រួសត្រាយផ្លូវ ឲ្យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បញ្ជូនក្រុមការងារមួយ ទៅកាន់ទីក្រុងប៉េកាំង ពីថ្ងៃទី២៦ ខែឧសភា រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំនេះ។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ទាមទារឲ្យអាជ្ញាធរចិន «ពិនិត្យពិច័យឲ្យបានពេញលេញ» នូវលក្ខខណ្ឌតម្រូវផ្លូវច្បាប់ ទាក់ទងនឹងសន្តិសុខជាតិ និងការប្រឆាំងភេរវកម្ម ព្រមទាំងការការពារជនជាតិភាគតិច ពីការរើសអើង ។ ការិយាល័យនេះ ក៏បានអំពាវនាវឲ្យមាន «វឌ្ឍនភាពជាក់ស្តែងក្នុងការការពារសិទ្ធិ មនុស្សក្នុងប្រទេសចិន» ព្រមទាំងការស៊ើបអង្កេត លើការចោទប្រកាន់ពីការរំលោភបំពាននានា រួមទាំងការធ្វើទារុណកម្មផង។
របាយការណ៍ដែលចិនច្រានចោលទាំងស្រុងនេះ ក៏បានរៀបរាប់អំពីភស្តុតាង«គួរឲ្យជឿ ជាក់បាន» នៃការធ្វើទារុណកម្ម ការព្យាបាលជំងឺដោយបង្ខំ និងអំពើហិង្សាផ្លូវភេទ ឬទាក់ ទងនឹងយែនឌ័រ ព្រមទាំងការធ្វើការងារដោយបង្ខំផងដែរ។ ប្រទេសចិន បដិសេធការចោទ ប្រកាន់អំពីការបំពាន ហើយទទូចថា ខ្លួនកំពុងដំណើរការមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់ Xinjiang ដែលបានជួយប្រយុទ្ធប្រឆាំងភាពជ្រុលនិយម និងលើកកម្ពស់ការអភិវឌ្ឍ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com