មូលនិធិកសាង​ផ្លូវ​តាមព្រំដែន ប្រមូល​ថវិកាបាន១៩លានដុល្លារ
  • ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ១០:៥៩ នាទី ព្រឹក
មូលនិធិកសាង​ផ្លូវ​តាមព្រំដែន ប្រមូល​ថវិកាបាន១៩លានដុល្លារ

រាជរដ្ឋាភិបាល ប្រមូល​ថវិកាបានចំនួន១៩លានដុល្លារហើយ ពីពលរដ្ឋប្រមាណ ៤០ម៉ឺននាក់ ដែលចូលរួមបរិច្ចាគក្នុងមូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន។ នេះបើតាម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
TTN-Free-Banner-In-Article-PC
 
ពីពិធីប្រគល់វិញ្ញាបនបត្រសិស្ស និងសិក្ខាកាមមេធាវីនៃគណៈមេធាវី​កម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា សម្តេច​ ហ៊ុន ម៉ាណែត បញ្ជាក់ថា នឹងបង្កើតគណៈកម្មការគ្រប់គ្រង និងផ្សព្វផ្សាយ​ពីផែនការប្រើប្រាស់​ថវិកាមូលនិធិនេះ ដើម្បីធានាតម្លាភាពនៃការប្រើប្រាស់ថវិកា។ ទន្ទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាល ក៏លើកទឹកចិត្តឱ្យប្រជាពលរដ្ឋទៅមើលផ្ទាល់សកម្មភាព សាងសង់ផ្លូវនៅតាមបណ្តោយព្រំដែននេះផងដែរ។ 
 
សម្តេច ហ៊ុន ម៉ាណែត បន្ថែម៖ «ប្រជាពលរដ្ឋអាចទៅមើលផ្ទាល់តែម្តង ថាធ្វើអត់? បានប៉ុន្មាន? យើងដាក់ឱ្យច្បាស់ អត់មានឱ្យស្រពេចស្រពិល ថាធ្វើផ្លូវព្រំដែន អត់ទេ!។ យើងនឹងកំណត់ឱ្យច្បាស់ ពីកន្លែងណា ដល់កន្លែងណា? បង្គោលណា ដល់បង្គោលណា? ចម្ងាយប៉ុន្មាន ត្រូវប្រើប្រាស់ថវិកានេះ។»។ 
 
​រដ្ឋាភិបាលកម្ពុជា ចាប់​ផ្ដើម​ទទួល​ថវិកាចូលរួមបរិច្ចាគ​ក្នុង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន ​ពី​ប្រជាពលរដ្ឋ នៅ​​ថ្ងៃទី​២៦ ខែសីហា។ គិតមកទល់ពេលនេះ មានពលរដ្ឋជិត៤០ម៉ឺននាក់ហើយ បានចូលរួមក្នុងមូលនិធិនេះ ខណៈដែលតួលេខពលរដ្ឋចូលរួមប្រចាំថ្ងៃ មានចន្លោះពី​១,៣ម៉ឺននាក់ ទៅ១,៧ម៉ឺននាក់។ នេះបើតាមសម្តេច ហ៊ុន ម៉ាណែត។
 
អត្ថបទទាក់ទង


នៅក្នុងពិធីដដែលនេះ សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកថាសកម្មភាពចូលរួមនេះ បង្ហាញទឹកចិត្តស្រលាញ់ និងស្មារតីរួបរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការការពារបូរណភាពទឹកដី។ «រឿងទឹកចិត្តធំណាស់ ហើយរឿងនៃការភ្ជាប់សមាន​ចិត្តជាមួយនឹងការការពារទឹកដី តាមរយៈមិនត្រឹមតែបញ្ចេញកង្វល់ ប៉ុន្តែធ្វើសកម្មភាពជាក់​ស្តែង ដើម្បីចូលរួមកសាង គឺជាស្មារតី ដែលយើងចូលរួមគ្នា។ មិនមែនចូលរួមគ្នាស្រលាញ់​ជាតិ​ដើម្បីធ្វើម៉េចឱ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ យកឈ្នះ ឱ្យរដ្ឋាភិបាលរលំទេ។ ប៉ុន្តែរួមគ្នា​ដើម្បី​ការកសាង ការពារប្រទេសជាតិយើង។»។ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ដូច្នេះ មុននឹងបន្តថា រដ្ឋាភិបាល បាន និងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន ប្រវែង​ជាង២ ២៦០គីឡូម៉ែត្រ ដោយបច្ចុប្បន្នមានផ្លូវប្រវែងជា១ ៣០០ គីឡូម៉ែត្រហើយ ត្រូវបានកសាងរួច។ រដ្ឋ គ្រោងចាយពេល​១០ឆ្នាំ​ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន ជាង ១ ៣០០គីឡូម៉ែត្រដែលនៅសេសសល់ ដោយ​គ្រោងចំណាយថវិកាប្រមាណ ២០០លានដុល្លារ។ 
 
​សូមរំឭកថា សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាស​ពីការបង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែននេះ កាលពីថ្ងៃទី២២ ខែសីហា នាពេលថ្លែងការណ៍ស្ដីពី «សមិទ្ធផល​រយៈពេល​១​ឆ្នាំ របស់​រដ្ឋាភិបាល នីតិកាល​ទី​៧»។ មូលនិធិ​នេះ មាន​គោលដៅ​កៀរគរ​ថវិកា និង​ផ្ដល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន​ និងជាការបង្ហាញ​ការ​យកចិត្តទុកដាក់ ​លើ​ការកសាង​ផ្លូវ​នៅតាម​ព្រំដែន​របស់ពលរដ្ឋ និងរាជរដ្ឋាភិបាល៕
 

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា