
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប( ឆ្វេង) និងលោក ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ស្តាំ) នៅក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី៥ ខែកញ្ញា នៅរដ្ឋបាលខេត្តកែប។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងចាប់ផ្តើមការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៅសាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថ្មី ដែលមានទីតាំង នៅក្នុងសាកលវិទ្យាល័យ តេជោ ហ៊ុន សែន ចំការដូង ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។ បើតាមទំព័រហ្វេសប៊ុកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាសាលាតិចណូថ្មីនេះ មានឈ្មោះថា «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូង»។

លោក ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបញ្ជាក់នៅក្នុងជំនួបពិភាក្សា ការងារជាមួយអភិបាលខេត្តកែប កាលពីថ្ងៃទី៥ ខែកញ្ញាថា ការបណ្តុះបណ្តាលនៅក្នុងសាខាថ្មីនេះ នឹងចាប់ផ្តើមក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ដោយផ្តោតជំនាញចំនួន៤ គឺជំនាញ អគ្គិសនី និងថាមពល, សំណង់ស៊ីវិល, គីមីចំណីអាហារ និងធារាសាស្ត្រ។
«យើងគ្រោងបើកដេប៉ាតឺម៉ង់ចំនួន៤ ក្នុងនោះដេប៉ាតឺម៉ង់អគ្គិសនី និងថាមពល, ដេប៉ាតឺម៉ង់ គីមីចំណីអាហារ, ដេប៉ាតឺម៉ង់សំណង់ស៊ីវិល និងដេប៉ាតឺម៉ង់ធារាសាស្ត្រ។ យើងបើកការ បណ្តុះបណ្តាលនៅក្នុង២កម្រិត ទី១ កម្រិតបរិញ្ញាបត្ររង និងកម្រិតវិស្វករ។»។ លោក ប៉ូ គឹមថូ បញ្ជាក់ដូច្នេះជាមួយនឹងក្តីសង្ឃឹមថា ការបើកសាខាថ្មីនេះ នឹងទាក់ទាញបាន សិស្សានុសិស្ស នៅក្នុងខេត្តកែប និងបណ្តាខេត្តដែលនៅជុំវិញ ជាពិសេសសិស្សនារី។

លោក ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (កណ្តាល)
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានស្វាគមន៍និងរីករាយចំពោះ វត្តមានសាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅក្នុងខេត្តខ្លួន។ លោក អភិបាលខេត្តសង្ឃឹមថាវត្តមានគ្រឹះស្ថានឧត្តមសិក្សាល្បីល្បាញនេះ នឹងក្លាយជាជំនួយអភិវឌ្ឍការអប់រំ និងសេដ្ឋកិច្ច ខេត្តជាប់សមុទ្រមួយនេះបន្ថែមទៀត៕

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប

អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: