លោក ស៊ុន ចាន់ថុល៖ រដ្ឋមិនទាន់ប៉ះ​ដី​ពលរដ្ឋ១ម៉ែត្រណាឡើយ ក្នុងគម្រោងព្រែកជីកហ្វូណន​
  • ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ២:៤១ នាទី រសៀល
លោក ស៊ុន ចាន់ថុល៖ រដ្ឋមិនទាន់ប៉ះ​ដី​ពលរដ្ឋ១ម៉ែត្រណាឡើយ ក្នុងគម្រោងព្រែកជីកហ្វូណន​

រដ្ឋ មិនទាន់បានប៉ះពាល់ដីរបស់ពលរដ្ឋ មួយម៉ែត្រណាឡើយ នៅក្នុងគម្រោងព្រែកជីកហ្វូណន។ នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ​អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆ្លើយតប នឹងកង្វល់របស់ពលរដ្ឋជុំវិញសំណងផលប៉ះពាល់។
TTN-Free-Banner-In-Article-PC
 
ឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រុមការងារកំពុងរៀបចំពង្រាង និងនីតិវិធីដោះស្រាយ បញ្ហាផលប៉ះពាល់នានានៅក្នុងគម្រោងជូនពលរដ្ឋ។ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអំពាវនាវពលរដ្ឋ កុំឱ្យជឿពាក្យចចាមអារ៉ាម ឬពាក្យញុះញង់ ដែលថារដ្ឋាភិបាលនឹងយកដីធ្លីរបស់ពលរដ្ឋ ដោយមិនបង់សំណងនោះ។
 
​លោក ស៊ុន ចាន់ថុល បញ្ជាក់ដូច្នេះ៖«រាជរដ្ឋាភិបាល ពុំទាន់បានយកដីកន្លែងណាមួយម៉ែត្រនៅឡើយទេ។ អត់ទាល់តែសោះ! កំពុងតែ draft (ធ្វើពង្រាង) វ៉ៃបង្គោលហើយ ទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលយើង លោកនឹងទៅដោះស្រាយ បញ្ហាផលប៉ះពាល់នោះ។ មិនមែនដោះស្រាយថ្ងៃនេះ ស្អែកឱ្យរើចេញទេ។ គាត់មានកម្មវិធីរបស់គាត់ច្បាស់ណាស់។
 
​ក្រៅពីបំភ្លឺរឿងដោះស្រាយសំណងហើយលោកឧបនាយករដ្ឋមន្ត្រី ក៏ប្រាប់ពលរដ្ឋកុំឱ្យជឿ និងបង់ប្រាក់ឱ្យជនទុច្ចរិត ជាថ្នូរនឹងការងារជាអ្នកបើកគ្រឿងចក្រ ក្នុងគម្រោងព្រែកជីកនេះ ខណៈសកម្មភាពជីកព្រែកមិនទាន់ចាប់ផ្តើមនៅឡើយនោះទេ។ លោក ស៊ុន ចាន់ថុល បញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមជម្រាបថា អត់មានត្រូវការអ្នកបើកគ្រឿងចក្រអីទេ! យើងមិនទាន់បានធ្វើការនៅឡើយទេ។ បើកការដ្ឋានថ្ងៃ​៥ ខែ៨ បើកការដ្ឋានហើយ ក៏ប៉ុន្តែយើងកំពុងតែដោះស្រាយផលប៉ះពាល់សិន។ ហើយគ្មាន! យើងខ្ញុំ ក្រសួង គ្មានទៅទារលុយ ទារកាក់ទេ​។ ហើយទៅបង្ហោះទារលុយ ៥០-១០០ដុល្លារ ទើបបានធ្វើការ បើកគ្រឿងចក្រ គម្រោងព្រែកជីក។ ណែ៎! អត់មានសោះ អត់(ទាន់) មានគ្រឿងចក្រមួយគ្រឿងទេ!។»។
 



សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា នៅចំណុចមាត់ព្រែកតាកែវ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នកចូលរួមផ្ទាល់១ម៉ឺននាក់។ ព្រែកជីកនេះ មានប្រវែង១៨០គីឡូម៉ែត្រ ផ្ដើមចេញពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ គម្រោងនេះ គ្រោងចំណាយថវិកា ១ ៧០០លានដុល្លារ និងប្រើពេលសាងសង់៤ឆ្នាំ។ គម្រោងនេះ នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋប្រមាណ ១,៦លាននាក់ ដែលរស់នៅអមសងខាងផ្លូវទឹកព្រែកជីកនេះ ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។
 



គម្រោងព្រែកជីកហ្វូណន គឺជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ គម្រោងនេះ នឹងផ្ដល់ផលចំណេញជាច្រើនដល់ចរន្តសេដ្ឋកិច្ច រួមមានការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យជាដើម៕
 

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា