សម្ដេច ហ៊ុន ម៉ាណែត ជំរុញក្រសួងស្ថាប័នពាក់ព័ន្ធឱ្យចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា
- ថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៩:០០ នាទី យប់

ភ្នំពេញ៖ ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍ និងពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់លើការងារអក្ខរកម្ម ការអប់រំក្នុងនិងក្រៅប្រព័ន្ធ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ នេះជាសារអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត នាឱកាសទិវាអក្ខរកម្មជាតិ ថ្ងៃទី៨ ខែកញ្ញា។

រដ្ឋាភិបាលប្រារព្ធទិវាអក្ខរកម្មជាតិ ថ្ងៃទី៨កញ្ញា ឡើងក្រោមប្រធានបទ « អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍ »។ទិវាអក្ខរកម្មជាតិឆ្នាំ២០២៤ ត្រូវបាន ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ អំពីសារៈសំខាន់នៃការងារអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសមត្ថភាពពលរដ្ឋ និងសង្គមជាតិ ដើម្បីរួមចំណែកបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច។
ដើម្បីជំរុញការងារអក្ខរកម្មកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ស្តង់ដា ក្នុងការពង្រីកវិសាលភាពកម្មវិធីអក្ខរកម្ម។សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់នៅក្នុងសារលិខិតរបស់ខ្លួនថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ គឺត្រូវជំរុញកុមារ និងយុវជនតាមសហគមន៍ ឱ្យទទួលបានការសិក្សាអប់រំពេញលេញ និងកាត់បន្ថយការបោះបង់ការសិក្សា រួមទាំងការចែករំលែកចំណេះដឹងក្នុងសហគមន៍ផងដែរ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏លើកទឹកចិត្តឱ្យតាមរោងចក្រ សហគ្រាស បើកថ្នាក់អក្ខរកម្ម គួបផ្សំជាមួយថ្នាក់បំប៉នជំនាញវិជ្ជាជីវៈដល់កម្មករ-កម្មការិនីបន្ថែម និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីធានានិរន្តភាពការសិក្សាតាមស្ថាប័នផងដែរ។ ទន្ទឹមនឹងនេះ សម្ដេច ក៏ជំរុញឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយទាក់ទងនឹងកម្មវិធីអក្ខរកម្មផងដែរ៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: