កម្ពុជា និងដៃគូពាក់ព័ន្ធ ប្តេជ្ញាបង្កើនអក្ខរកម្មដល់កុមារ និងយុវជនដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម
- ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១២:១៩ នាទី រសៀល

ទិវាអក្ខរកម្មអន្តរជាតិ ៨កញ្ញា លើកទី២៤ ឆ្នាំ២០២៤ ត្រូវបានរាជរដ្ឋាភិបាលប្រារព្ធឡើងជាក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» នៅខេត្តស្ទឹងត្រែង។

នៅពិធីនេះ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ប្រធានបទទិវាអក្ខរកម្មជាតិឆ្នាំនេះ បានគូសរំលេចអំពីតួនាទីដ៏សំខាន់នៃអក្ខរកម្ម ក្នុងការផ្តល់ភាពអង់អាចដល់ប្រជាពលរដ្ឋ រួមទាំងជនងាយរងគ្រោះ កុមារ និងយុវជនធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក្រ កុមារ និងយុវជនជនជាតិដើមភាគតិច ដើម្បីទទួលបានចំណេះដឹងមូលដ្ឋាន និងមានសមត្ថភាពរឹងមាំ ឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិត ដែលនឹងចូលរួមលើកកម្ពស់ជីវភាព និងការអភិវឌ្ឍសង្គមកាន់តែសកម្ម និងមាននិរន្តភាព។
ក្រៅពីនេះ អក្ខរកម្ម ក៏ចូលរួមក្នុងការលើកកម្ពស់ចំណេះ បំណិន និងនវានុវត្តន៍ សម្រាប់ការប្រាស្រ័យទាក់ទងគ្នា ការបណ្តុះភាពសុខដុមរមនា និងឯកភាពគ្នា ការស្វែងរកគោលដៅរួម ការយល់ដឹងគ្នាទៅវិញទៅមក និងការស្រឡាញ់និងថែរក្សាសុខសន្តិភាពផងដែរ។ លោកឧបនាយរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បញ្ជាក់ដូច្នេះបន្ថែមថា៖ «ការលើកកម្ពស់អក្ខរកម្ម ពិតជាបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបន្តរក្សានូវសុខសន្តិភាព ដែលប្រជាជនកម្ពុជាគ្រប់រូបចង់បាន។»។

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាអំឡុងការប្រារព្ធទិវាអក្ខរកម្ម ៨កញ្ញា លើកទី២៤ នៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែកញ្ញា។ (រូបភាព៖ ហ្វេសប៊ុកក្រសួងអប់រំ)
បើតាមលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក្នុងអំឡុងមួយទស្សវត្សមកនេះ ក្រសួងអប់រំ និងដៃគូអភិវឌ្ឍន៍ បានបង្កើនជាបន្តបន្ទាប់អត្រាអក្ខរកម្មជាតិ មានជាអាទិ៍ ការប្រមូលសិស្សចុះឈ្មោះចូលរៀនប្រចាំឆ្នាំ ការបានដាក់ឱ្យប្រើប្រាស់នូវវិធីសាស្រ្តបង្រៀនថ្មី សម្រាប់អំណានថ្នាក់ដំបូង ដើម្បីកែលម្អប្រសិទ្ធភាពអក្ខរកម្ម និងគុណភាពនៃការរៀនជាដើម។
យោងតាមការអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជានៅឆ្នាំ២០២១ កម្ពុជាសម្រេចបានអត្រាអក្ខរកម្មសម្រាប់មនុស្សពេញវ័យ ៨៤.៧ភាគរយ និងចំណុចដៅសម្រេចឱ្យបាន ៩១.៥ភាគរយ នៅឆ្នាំ២០២៨ ដូចមានចែងក្នុងផែនការ យុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨។ ទោះយ៉ាងណាកការងារនេះ ទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។
ជុំវិញការប្រារព្ធទិវាអក្ខរកម្មជាតិនេះដែរ លោក វន សំភាស់ នាយកអង្គការ អេដ អេ អាកស្យុង ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា អក្ខរកម្ម គឺពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ច សង្គមជាតិ ព្រោះថាការណ៍ដែលប្រជាពលរដ្ឋ ចេះអាន ចេះសរសេរ និងមានបំណិនជីវិត បំណិនឌីជីថល គឺពួកគេអាចជម្នះនូវឧបសគ្គទាំងឡាយ ហើយបង្កើតឱកាសថ្មីៗឱ្យខ្លួនឯង។
អក្ខរកម្ម ក៏ជាមូលដ្ឋាននៃការអភិវឌ្ឍចំណេះជំនាញ និងការសម្រេចចិត្ត ហើយវានឹងក្លាយជាប្រភពចំណូល និងមុខរបរប្រចាំជីវិត។ លោក វន់ សំភាស់ បន្ថែមដូច្នេះ មុននឹងសង្កត់ធ្ងន់ទៀតថា ៖ «សារៈសំខាន់នៃការចេះអាន ចេះសរសេរ ហើយនឹងបំណិនជីវិត អក្ខរកម្មហ្នឹងវាសំខាន់បំផុតតែម្តង យើងអត់អាចនឹងជម្នះនូវឧបសគ្គ ហើយបង្កើតឱកាសថ្មីៗឱ្យខ្លួនឯងបានទេ បើយើងខ្វះនូវបំណិន ឬក៏អត់ចេះអាន ចេះសរសេរ។ អ៊ីចឹង អក្ខរកម្ម វាជាបំណិនមូលដ្ឋាន សម្រាប់ជីវិត វាជាមូលដ្ឋាននៃការអភិវឌ្ឍ នៃចំណេះដឹង នៃឱកាសផ្សេងៗសម្រាប់ជីវិតរបស់យើង។ ហើយបើយើងអត់មាន យើងបាត់ឱកាស យើងបាត់ជំនាញ យើងខ្វះបំណិនជីវិតដើម្បីប្រកួតប្រជែងតែម្តង។»។
អក្ខរកម្ម ក៏ជាមូលដ្ឋាននៃការអភិវឌ្ឍចំណេះជំនាញ និងការសម្រេចចិត្ត ហើយវានឹងក្លាយជាប្រភពចំណូល និងមុខរបរប្រចាំជីវិត។ លោក វន់ សំភាស់ បន្ថែមដូច្នេះ មុននឹងសង្កត់ធ្ងន់ទៀតថា ៖ «សារៈសំខាន់នៃការចេះអាន ចេះសរសេរ ហើយនឹងបំណិនជីវិត អក្ខរកម្មហ្នឹងវាសំខាន់បំផុតតែម្តង យើងអត់អាចនឹងជម្នះនូវឧបសគ្គ ហើយបង្កើតឱកាសថ្មីៗឱ្យខ្លួនឯងបានទេ បើយើងខ្វះនូវបំណិន ឬក៏អត់ចេះអាន ចេះសរសេរ។ អ៊ីចឹង អក្ខរកម្ម វាជាបំណិនមូលដ្ឋាន សម្រាប់ជីវិត វាជាមូលដ្ឋាននៃការអភិវឌ្ឍ នៃចំណេះដឹង នៃឱកាសផ្សេងៗសម្រាប់ជីវិតរបស់យើង។ ហើយបើយើងអត់មាន យើងបាត់ឱកាស យើងបាត់ជំនាញ យើងខ្វះបំណិនជីវិតដើម្បីប្រកួតប្រជែងតែម្តង។»។

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា(ឆ្វេង) និងលោក វន សំភាស់ នាយកអង្គការ អេដ អេ អាកស្យុង ប្រចាំប្រទេសកម្ពុជា (ស្តាំ) នាអំឡុងការប្រារព្ធទិវាអក្ខរកម្ម ៨កញ្ញា លើកទី២៤ នៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែកញ្ញា។
អង្គការ អេដ អេ អាកស្យុង មានវត្តមាននៅកម្ពុជា និងបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍវិស័យអប់រំ នៅក្នុងប្រទេសនេះ ២០ឆ្នាំមកហើយ។ បច្ចុប្បន្ន អេដ អេ អាកស្យុង កំពុងផ្តល់ការគាំទ្រដល់អង្គការ និងស្ថាប័នដៃគូ ដែលមានជាអង្គការ ស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងដៃគូឯកជននានា នៅក្នុង ១០០ស្រុក ៨០០ឃុំ និងប្រមាណ១ ៦០០សាលារៀន នៅក្នុងរាជរាជធានី-ខេត្តចំនួន២២ នៅទូទាំងប្រទេស ក្នុងសកម្មភាពអប់រំ ច្រើនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីឱ្យកុមារមានលទ្ធភាពចូលរៀនឡើងវិញ ហើយបន្តរៀនប្រកបដោយគុណភាព។
លោក វន សំភាស់ នាយកអង្គការ អេដ អេ អាកស្យុង បានបន្តបញ្ជាក់ថា នឹងបន្តចូលរួមជាមួយសហគមន៍ សាលារៀន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រសួងអប់រំ ដើម្បីធ្វើយយ៉ាងណាឱ្យការរៀន និងការបង្រៀន កាន់តែប្រសិទ្ធភាព និងសមធម៌ និងពិសេសពង្រីកវិសាលភាពបំណិនជីវិត និងលើកកម្ពស់អក្ខរកម្ម ដល់កុមារ និងយុវជនកម្ពុជា។
នៅក្នុងសារលិខិតអបអរទិវាអក្ខរកម្មជាតិនេះដែរ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរំលេចថា កម្ពុជា បានបោះជំហានគួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់អក្ខរកម្ម ដោយបានផ្សារភ្ជាប់អក្ខរកម្មទៅនឹងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពក្រីក្រ។ ជាក់ស្តែង ការកើនឡើងនៃសេដ្ឋកិច្ច នៅក្នុង១ទសវត្សរ៍មកនេះ បានជួយសម្រួលដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធ ដោយផ្លាស់ប្តូរកម្លាំងពលកម្មពីវិស័យកសិកម្ម ទៅវិស័យផលិតកម្ម និងសេវាកម្ម។
បើតាមសម្តេច នាយករដ្ឋមន្ត្រី ការផ្លាស់ប្តូរនេះ មិនត្រឹមតែនាំមកនូវផលិតភាពខ្ពស់ និងប្រាក់ឈ្នួលកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតបរិយាកាសមួយ ដែលការងារអក្ខរកម្ម ត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងថា ជាកត្តាជំរុញដ៏សំខាន់ សម្រាប់បុគ្គលម្នាក់ៗ ក្នុងការចូលរួមយ៉ាងពេញលេញនៅ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
លើសពីនេះ វត្តមានឌីជីថលនីយកម្ម និងបញ្ញាសិប្បនិមិត្ត បានតម្រូវឱ្យពលរដ្ឋ ចេះធ្វើការជាមួយនឹងព័ត៌មាន និងបច្ចេកវិទ្យា ដើម្បីទាញយកប្រយោជន៍ និងការការពារពីការគំរាមកំហែងនានា។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖«ជារឿងសំខាន់ដែលយើងទាំងអស់គ្នា ត្រូវទទួលស្គាល់ថា អក្ខរកម្មនាពេលបច្ចុប្បន្ននេះ បានពង្រីកវិសាលភាពហួសពីការអាន និងការសរសេរតាមបែបប្រពៃណី និងត្រូវទទួលយកវិមាត្រថ្មីនៃអក្ខរកម្ម ដែលរួមបញ្ចូលនូវភាពជាពលរដ្ឋសកល ការយល់ដឹងតាមបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្លៃនៃពិភពលោករបស់យើង។»។
លើសពីនេះ វត្តមានឌីជីថលនីយកម្ម និងបញ្ញាសិប្បនិមិត្ត បានតម្រូវឱ្យពលរដ្ឋ ចេះធ្វើការជាមួយនឹងព័ត៌មាន និងបច្ចេកវិទ្យា ដើម្បីទាញយកប្រយោជន៍ និងការការពារពីការគំរាមកំហែងនានា។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖«ជារឿងសំខាន់ដែលយើងទាំងអស់គ្នា ត្រូវទទួលស្គាល់ថា អក្ខរកម្មនាពេលបច្ចុប្បន្ននេះ បានពង្រីកវិសាលភាពហួសពីការអាន និងការសរសេរតាមបែបប្រពៃណី និងត្រូវទទួលយកវិមាត្រថ្មីនៃអក្ខរកម្ម ដែលរួមបញ្ចូលនូវភាពជាពលរដ្ឋសកល ការយល់ដឹងតាមបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្លៃនៃពិភពលោករបស់យើង។»។
ចំពោះការងារ អក្ខរកម្ម គឺរាជរដ្ឋាភិបាល ប្តេជ្ញាមិនត្រឹមតែធានាឱ្យប្រជាពលរដ្ឋគ្រប់រូប មានសមត្ថភាពអាន និងសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់បំប៉ននូវជំនាញ និងឱកាសសិក្សាពេញមួយជីវិត ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើប ប្រកបដោយបច្ចេកវិទ្យានិងវិទ្យាសាស្ត្រជឿនលឿន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តដូច្នេះ មុននឹងអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ និងដៃគូជាតិ អន្តរជាតិ សហគមន៍ និពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែផុលផុស មានប្រសិទ្ធភាព និងប្រសិទ្ធផល៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: