មនុស្ស៣៦នាក់ ត្រូវបានឃុំខ្លួនពាក់ព័ន្ធបទល្មើសនេសាទ គិតចាប់ពីខែមីនាឆ្នាំ២០២២
- ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១១:១៤ នាទី ព្រឹក

សកម្មភាពបង្រ្កាបបទល្មើសជលផល នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ រូបភាព៖ ក្រសួងកសិកម្ម
រាប់ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ មានមនុស្សចំនួន ៣៦នាក់ ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងបទល្មើសនេសាទ។ ជនដែលបានជាប់ឃុំ គឺជាជនល្មើសដែលស្ថិតក្នុងចំណោមសំណុំរឿង ៩០ករណី ដែលអាជ្ញាធរបញ្ជូនទៅតុលាការ។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី៩ ខែកញ្ញាថា ជនល្មើសទាំងអស់នេះ ត្រូវមន្រ្តីជំនាញបង្រ្កាបបានជាបន្តបន្ទាប់ បន្ទាប់ពីចំណាត់ការក្ដៅ ដែលចេញដោយ សម្ដេច ហ៊ុន សែន ក្នុងគ្រាសម្តេចជានាយករដ្ឋមន្ត្រី។

ក្រៅតែពីការឃុំខ្លួន អន្តរក្រសួងពាក់ព័ន្ធនឹងបទល្មើសជលផល ក៏ចាប់បានឧបករណ៍អួន អូសទឹកសាប៧៤វង់, ម៉ាញ់១៥វង់, ឆក់ត្រជាក់ និងក្តៅ១៨៤០គ្រឿង, ឈិបយន្ត២៨គ្រឿង, អួនហ៊ុម៣៩វង់, របាំងស្បៃមុង និងសាច់អួន២២៣៦០៨១ម៉ែត្រ, លូ និងលប ៣២ ២២០មាត់, បង្គោលចម្រឹង ៩៧៨ ៦២៩ដើម ឈ្នក់រួមផ្សំភ្លើង១៣៥វង់, កាណូត២៣៤គ្រឿង និង ម៉ាស៊ីន១៤៥គ្រឿង ផងដែរ។
កញ្ញា អ៊ឹម រចនា បានបន្ថែមថា ការបង្ក្រាបបានបទល្មើស គឺជាការងារមួយដែលក្រសួងកសិកម្ម យកចិត្តទុកដាក់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីធានាបាននូវនិរន្តរភាពធនធានជលផលក្នុងធម្មជាតិ។ ក្រៅតែការបង្រ្កាបដូចភ្លៀងរលឹម ក្រសួងកសិកម្ម ក៏សហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ ព្រមទាំងព្រះរាជអាជ្ញា ដើម្បីចុះឃាតខ្លួនអ្នកចែកចាយឧបករណ៍នេសាទខុសច្បាប់ថែមទៀត។ តាមរយៈការប្រឹងប្រែងប៉ុន្មានឆ្នាំមកនេះ អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ សង្កេតឃើញថា ទិន្នផលត្រីនៅឆ្នាំ២០២៣ កើនឡើង៥ភាគរយ ធៀបនឹងឆ្នាំ២០២២។
កញ្ញា អ៊ឹម រចនា ប្រាប់ដូច្នេះថា៖«ការបង្ក្រាបបានបទល្មើសនេសាទ គឺជាការងារមួយដែលក្រសួងកសិកម្ម យកចិត្តទុកដាក់ និងអនុវត្តដោយម៉ឺងម៉ាត់បំផុត ដើម្បីឱ្យបាននូវនិរន្តរភាពធនធានជលផលក្នុងធម្មជាតិ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងប៉ុន្មានឆ្នាំមកនេះ យើងសង្កេតឃើញថា ទិន្នផលត្រីនៅឆ្នាំ២០២៣ កើនឡើង៥ភាគរយ បើធៀបនឹងឆ្នាំ២០២២»។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាព៖ ក្រសួងកសិកម្ម
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ នៅក្នុងសេចក្ដីសម្រេច នោះ គណៈកម្មការអន្តរក្រសួងនេះរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, កងយោធពលខេមរភូមិន្ទ, អគ្គស្នងការនគរបាលជាតិ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, ក្រសួងបរិស្ថាន, ក្រសួងយុត្តិធម៌, អាជ្ញាធរទន្លេសាប, ក្រសួងមហាផ្ទៃ, រដ្ឋបាលជលផល។ ក្រៅពីក្រសួងស្ថាប័នថ្នាក់ជាតិ ក៏មានសមាសភាពចូលរួមពីថ្នាក់ក្រោមជាតិ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។
គណៈកម្មការនេះ មានសិទ្ធិក្នុងការប្រើប្រាស់ឧទ្ធម្ភាគចក្រ របស់កងទ័ពអាកាស នៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការងាររបស់ខ្លួនចំបាច់។ គណៈកម្មការនេះ ក៏មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងកសិកម្មដែរ ខណៈចំណាយលើបេសកកម្ម គណៈកម្មការអន្តរក្រសួងទាំងអស់ ត្រូវប្រើថវិការបស់ក្រសួង ស្ថាប័នរៀងៗខ្លួន។
គណៈកម្មការនេះ មានភារកិច្ចរៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ និងត្រូវអង្កេត និងស្រាវជ្រាវរកជនល្មើស ព្រមទាំងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ។ លើសពីនេះ ត្រូវស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ គណៈកម្មការ ក៏ទទួលបន្ទុករៀបចំផែនការ ចាត់វិធានការ ត្រួតពិនិត្យការអនុវត្តរបស់គណៈបញ្ជាការឯកភាពខេត្តជុំវិញបឹងទន្លេសាប លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាព។ លើសពីនេះ ត្រូវធ្វើរបាយការណ៍លទ្ធផល និងទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលប្រមុខរដ្ឋាភិបាលប្រគល់ជូន៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: