សម្តេច ហ៊ុន ម៉ាណែត សរសើរក្រសួងពាក់ព័ន្ធដែល​ចេះរកអ្នកបោះមេ ដើម្បីជំរុញវិស័យ​កសិកម្ម
  • ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ៥:០៨ នាទី ល្ងាច
សម្តេច ហ៊ុន ម៉ាណែត សរសើរក្រសួងពាក់ព័ន្ធដែល​ចេះរកអ្នកបោះមេ ដើម្បីជំរុញវិស័យ​កសិកម្ម

វិស័យកសិកម្មកម្ពុជា បោះជំហានជាវិជ្ជមានទាំងក្នុងផ្នែកផលិតកម្ម និងការនាំចេញ នៅក្នុងរយៈពេល​ចុងក្រោយនេះ។ នេះជាការគូសបញ្ជាក់របស់ សម្តេច ហ៊ុន ម៉ាណែត ក្នុងពិធីបិទវេទិកាស្រូវអង្ករលើកទី៧ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១០ ខែកញ្ញា។
TTN-Free-Banner-In-Article-PC
 
ជុំវិញសញ្ញាណវិជ្ជមានៅក្នុងវិស័យកសិកម្មនេះ សម្តេចនាយករដ្ឋមន្ត្រី បាន​សរសើរក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នា​ល្អ និងរៀបចំឱ្យមានអ្នកដឹកនាំ​ ឬអ្នកបោះមេ ដើម្បីជំរុញវិស័យកសិកម្មនេះ ពិសេសនៅក្នុងរយៈពេល​ជាង១ឆ្នាំចុងក្រោយនេះ។ 
 
សម្តេច ហ៊ុន ម៉ាណែត ថ្លែង​ជាមួយនឹងកាយវិការដៃចង្អុលឆ្វេងស្តាំផង ញញឹមផងថា៖ «ចង់ជំរុញកសិកម្មនៅកន្លែងនេះ តែប្រឡាយទឹក គាត់យកទៅដាក់នៅកន្លែងនោះ។ ផ្លូវ ដើម្បីតភ្ជាប់សម្រួលការដឹកជញ្ជូន អត់មានមកដាក់នៅ(ត្រង់)ហ្នឹងទេ ធ្វើនៅនោះ! យើងអត់ ស៊ីចង្វាក់គ្នាទេ។ ទឹកភ្លើង ទៅជាមួយគ្នា។ អ៊ីចឹកិច្ចសហការនេះ ខ្ញុំសូមកោតសរសើរ។ ក្នុងរយៈពេលមកដល់ម៉ោងនេះ ជាងមួយឆ្នាំនេះ យើង(ត្រូវ)បន្តកិច្ចសហការនេះ ឱ្យដឹងថា កន្លែងណា ពីណាបោះមេ។ ហ្នឹងអត់ខុសពីក្នុងផែនការរួមទេ តែមានគ្នាច្រើនហើយ គឺត្រូវមានពីណាមួយដឹកនាំ អ្នកផ្សេងទៀតធ្វើផែនការបន្ស៊ីជាមួយគ្នា ទើបទៅល្អ។»។
 
បើតាមប្រមុខរាជរដ្ឋាភិបាល ការងារជំរុញវិស័យកសិកម្ម ជាការងារដែលមានភាពប្រទាក់​ក្រឡា និងទាមទារឱ្យមានកិច្ចសហការជិតស្និទ្ធពីភាគីពាក់ព័ន្ធជាច្រើន។ ក្រសួង​ដែរពាក់ព័ន្ធ​ក្នុងការងារ​នេះ មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងពាណិជ្ជកម្ម, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម រួមទាំងស្ថាប័នផ្សេងទៀត។  
 
តាមសម្តេច ហ៊ុន ម៉ាណែត នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ការងារដាំដុះវិស័យ​កសិកម្ម សម្រេចបានជាង ១២លានតោន ក្នុងមួយឆ្នាំ​ ខណៈការនាំចេញអង្ករ បានរក្សា​នូវបរិមាណនាំចេញប្រមាណ ៦០ម៉ឺនតោន ក្នុងមួយឆ្នាំៗ នៅក្នុង៥ឆ្នាំចុងក្រោយ។ ការនាំចេញកសិផលនានា មានទំហំប្រមាណ ៤លានតោនក្នុងមួយឆ្នាំ។ 
 
ក្រៅពីកំណើនផលិតកម្ម​ និងការនាំ កម្ពុជា ក៏បានពង្រីកវិសាលភាព និងធ្វើពិពិធកម្មវិស័យស្រូវ-អង្ករ ដោយបានបន្តចែកចាយ និង​​នាំចេញទៅទីផ្សារពិភពលោក ចំនួន ២១២គោលដៅ  ក្នុងបរិមាណអង្ករប្រមាណ ៦,៦ លានតោន គិតចាប់តាំងឆ្នាំ២០១០ ដល់ឆ្នាំ២០២៤។ 
 
នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវអាទិភាពចំនួន៣បន្ថែមទៀត ដែរ ដើម្បីជួយក្នុងវិស័យកសិកម្ម ដែលមានជាទិ៍ការលើកស្ទួយផលិតកម្ម កសិកម្ម និងការកទីផ្សារ និងរក្សាលំនឹងថ្លៃផលិត តាមរយៈកម្មវិធីហិរញ្ញប្បទាន។ ការពង្រាយមន្រីកសិកម្មនៅតាមឃុំ សង្កាត់ និងគឺការបង្កើតសហគមន៍កសិកម្មទំនើប។ បច្ចុប្បន្ន មានសហគមន៍កសិកម្មទំនើបចំនួន៨ហើយ ត្រូវបានបង្កើតឡើង ដោយគ្របដណ្តប់លើផ្ទៃដីកសិកម្មប្រមាណ ២ពាន់ហិកតា។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៕

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ខន ចំប៉ា