ម្រេចភ្នំគូលែន មានស្លឹកតូច ក្លិនឈ្ងុយប្រហើរ និងងាយស្រួលដាំ
  • ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៥៩ នាទី យប់
ម្រេចភ្នំគូលែន មានស្លឹកតូច ក្លិនឈ្ងុយប្រហើរ និងងាយស្រួលដាំ

ភ្នំគូលែន,សៀមរាប៖ មានចម្ងាយ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ភ្នំគូលែន ជាទីតាំង​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្តដ៏មានសក្ដានុពល និងអំណោយផលលើផ្នែកកសិកម្ម​ផងដែរ។ ជាក់ស្ដែងដំណាំម្រេចនៅលើភ្នំគូលែន ដែលកំពុងមានទីផ្សារល្អ ក៏ព្រោះវាមាន​ក្លិនឈ្ងុយប្រហើរ ប្លែកពីម្រេចនៅតំបន់ដទៃ។
 
សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា ផាត​ ដាណេ អ្នកសារព័ត៌មាន ឌីជីថលថ្មីៗ និងលោក សាំង វន កសិករដាំម្រេចនៅលើភ្នំគូលែន ដូចតទៅ៖
 

លោក សាំង វន ជាកសិករដាំម្រេចនៅលើភ្នំគូលែន ក្នុងភូមិថ្មជ្រួញ ស្រុកស្វាយលើ។ ​ដំ​ណាំ​​ម្រេច​​​របស់​លោក សាំង វន កំពុងមានទីផ្សារល្អ ដោយសាររសជាតិ និងក្លិនឈ្ងុយ​ប្រ​ហើរ ប្លែកពីម្រេចនៅតំបន់ដទៃ។ មានពិសោធន៍ដាំម្រេចច្រើនឆ្នាំ លោក សាំង វន ថា​ម្រេច​ភ្នំគូលែននេះ មិនពិបាកដាំឡើយ ពោលគឺប្រើប្រាស់តែជីធម្មជាតិពីអាចម៍មាន់ និង​ស្រោច​ទឹកប៉ុណ្ណោះ។ ម្រេចភ្នំគូលែននេះ ស្លឹករបស់វាតូចជាងម្រេចទូទៅ និងហូចផលនា​រដូវ​ប្រាំង​។
 
ដើមឡើយ លោក សាំង វន បានពូជម្រេចនេះ ពីទីតាំងឡបុរាណនៅលើភ្នំគូលែន បន្ទាប់​មក​ទើបលោកយកវាមកផ្សាំ ហើយបន្តដាំដុះបានជាង១០០ជន្លង់ហើយមកដល់បច្ចុប្បន្ន។ «បន្តមកខ្ញុំកាត់ត្រួយវាផ្សាំ ហើយជីកជន្លង់ដាំតែម្ដង វាក៏ចេះតែដុះឡើងជន្លង់។ ខ្ញុំដាំបាន​ច្រើន ឥឡូវចេះតែបង្កើនបើរាប់ទៅជាង១០០ជន្លង់។ គេត្រូវការច្រើនម្រេចខ្ញុំ ព្រោះវាហឹរ​ហើយ​ឈ្ងុយទៀត បើម្រេចដាំខាងក្រោមបានតែហឹរ អត់ឈ្ងុយទេ។»។ នេះជាការលើក​ឡើងរបស់លោក សាំង វន។
 

ចំពោះការដាំដុះម្រេចភ្នំគូលែន លោក សាំង វន ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ​សម្រាប់​ការបណ្ដុះម្រេចភ្នំគូលែន និងទីផ្សារកសិផលពីអង្គការអាគ្រីស៊ូត (AgriSud) និងអង្គការ ADF។ លោកបញ្ជាក់ទៀតថា ក្នុងមួយឆ្នាំលោកអាចលក់ម្រេចក្រៀមជាង១០០គីឡូក្រាម និងម្រេចស្រស់ចន្លោះពី៥០-៦០គីឡូក្រាម។
 
ក្រៅពីម្រេចភ្នំគូលែន លោក វន ក៏កំពុងដាំដុះរុក្ខជាតិដីភ្លៃ ឬអ្នកខ្លះហៅថាម្រេចវែង (Long Pepper) ដែលជាគ្រឿងទេសសម្រាប់ធ្វើម្ហូប និងអាចធ្វើជាថ្នាំបានផងដែរ។ ដីប្លី ឬម្រេ​ចវែង ជា​រុក្ខជាតិភ្នំ មានវត្តមាននៅលើភ្នំគូលែន តាំងពីយូរណាស់មកហើយ។ ដីភ្លៃមាន​រូបរាង​ស្រដៀង​នឹងផ្លែម្ទេស មានស្លឹកតូច និងដើមវល្លិដូចម្រេចភ្នំគូលែនដែរ។ ចំណែកឯរសជាតិ គឺ​ហឹរ និងមានក្លិនប្រហើរខ្លាំងជាងម្រេចទៅទៀត។
 
បើតាមលោក សាំង វន អ្នករស់នៅតំបន់ភ្នំគូលែននិយមយកដីភ្លៃធ្វើជាឱសថសម្រាប់ស្ដ្រី ប៉ុ​ន្តែរុក្ខជាតិប្រភេទនេះក៏ជាគ្រឿងទេសសម្រាប់ធ្វើម្ហូបឆា និងសម្លផងដែរ។ លោក សាំង វន លើកឡើងដូច្នេះថា៖«ដល់ពេលវាទុំក្រហមបានខ្ញុំបេះដាក់ហាល បើកាលណាយើងបេះ​ខ្ចី ក្ដឹបបែបនេះអត់មានគុណភាពទេ វាខ្សោយ ដូច្នេះវាពេញលក្ខណៈទាល់តែទុំ។



ចាស់ហើយទុំបានយើងហាលទៅហើយប្រើមានគុណភាពខ្លាំង»។ បច្ចុប្បន្នលោក សាំង វន បន្តបណ្ដុះរុក្ខជាតិដីភ្លៃបានប្រមាណជាង៣០ជន្លង់ ហើយដំណាំប្រភេទនេះលោកក៏​ទទួល​បានការគាំទ្រ ពិសេសលើផ្នែកទីផ្សារពីអង្គការអាគ្រីស៊ូត និងអង្គការ ADF ផងដែរ។
 
ជាមួយគ្នានេះ លោក សេង ពិចិត្រ ប្រធានគម្រោងអង្គការអាគ្រីស៊ូតប្រចាំកម្ពុជា បញ្ជាក់ពី​គោលដៅរបស់អាគ្រីស៊ូត ក្នុងផ្នែកកសិកម្មនៅតំបន់ភ្នំគូលែន គឺដើម្បីចូលរក្សាធនធាន​ធម្មជាតិនៅតំបន់ភ្នំ ពិសេសកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ តាមរយៈការផ្ដល់ចំណូល ដល់ពលរដ្ឋពីការធ្វើកសិកម្ម។ គោលដៅចម្បងមួយទៀត គឺរក្សាផលិតផលប្រចាំតំបន់ និង​ជំរុញឱ្យពលរដ្ឋមានលទ្ធភាពចំណេះជំនាញក្នុងផ្នែកកសិកម្ម។
 
«យើងចង់កាត់បន្ថយការកាប់ព្រៃ​ យើងត្រូវតែមានដំណាំអ្វីមួយបានឱ្យចំណូលគាត់ ហើយ​នឹងការពារបរិស្ថាន​។ ដូច្នេះម្រេចនេះជាអ្វីមួយសំខាន់មែនទែន។ មូលហេតុអ្វី មកពីម្រេច​ត្រូវការម្លប់ និងជើងទម្រ។ ដូច្នេះបើសិនគាត់ដាំឱ្យវល្លិឡើងលើដើមឈើ វាអាចជៀសវាង​ការកាប់ព្រៃឈើហ្នឹងហើយ»។ នេះជាការលើកឡើងរបស់លោក សេង ពិចិត្រ៕

អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ