សម្តេច ហ៊ុន សែន ជំរុញឱ្យក្រុមហ៊ុនកូរ៉េ SK Securities វិនិយោគលើការកែច្នៃស្បៀង និងមូលបត្រនៅកម្ពុជា
- ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៥:១៦ នាទី ល្ងាច

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន SK Securities របស់កូរ៉េ សិក្សាអំពីលទ្ធភាពវិនិយោគនៅក្នុងវិស័យមូលបត្រនៅ និងនៅក្នុងឧស្សាហកម្មកែច្នៃផលិតផលស្បៀង នៅក្នុងប្រទេសកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា ជំរុញបែបនេះក្នុងពេលដែលប្រធានក្រុមហ៊ុន SK Securities បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ នៅកម្ពុជា ក្នុងឱកាសជួបសម្ដែងការគួរសម កាលពីថ្ងៃទី១១ ខែកញ្ញា ក្នុងពេលដែល សម្តេច ហ៊ុន សែន កំពុងស្នាក់នៅ និងចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅកូរ៉េខាងត្បូង។

យោងតាមទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន SK Securities លោក Jung Jun-Ho បានបញ្ជាក់ក្នុងជំនួបនេះថា ក្រុមហ៊ុនរបស់ខ្លួន មិនទាន់បានពង្រីកខ្លួនមកកាន់ប្រទេសកម្ពុជានៅឡើយ។ បើតាមលោក Jung Jun-Ho វិស័យដែលក្រុមហ៊ុន SK Securities ចង់វិនិយោគនៅកម្ពុជា មានដូចជាវិស័យផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំងអាកាសយានដ្ឋានជាដើម។
លោក Jung Jun-Ho បានលើកឡើងថា៖ «ក្រុមហ៊ុនកូរ៉េភាគច្រើន ចាប់អារម្មណ៍វិនិយោគនៅប្រទេសជិតខាងកម្ពុជា ប៉ុន្តែក្រុមហ៊ុនរបស់លោក គឺចាប់អារម្មណ៍ទៅកម្ពុជា ពីព្រោះប្រទេសនេះមានទីតាំងល្អ និងមានធនធានមនុស្ស។»។
ជាកិច្ចឆ្លើយតប សម្ដេច ហ៊ុន សែន បានសាទរចំពោះការសម្លឹងឃើញសក្តានុពលរបស់កម្ពុជាពីសំណាក់ក្រុមហ៊ុន SK Securities នៅកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា គូសបញ្ជាក់ថា កម្ពុជា ពិតជាត្រូវការការវិនិយោគច្រើនទៀតពីកូរ៉េខាងត្បូង ស្របពេលការវិនិយោគពីប្រទេសនេះនៅកម្ពុជា នៅមានកម្រិតនៅឡើយ។

តបនឹងបំណងវិនិយោគរបស់ប្រធានក្រុមហ៊ុន SK Securities សម្ដេច ហ៊ុន សែន លើកទឹក ចិត្តឱ្យក្រុមហ៊ុននេះ មើលឱកាសការវិនិយោគ លើឧស្សាហកម្មកែច្នៃផលិតផលស្បៀង នៅកម្ពុជា។ សម្តេច ហ៊ុន សែន បញ្ជាក់ដូច្នេះ៖«កម្ពុជា ត្រូវការវិនិយោគលើឧស្សាហកម្មកែច្នៃ ពីព្រោះកម្ពុជាមានវត្ថុធាតុដើមច្រើន ដែលសមត្ថភាពនៃការកែច្នៃនៅមានកម្រិត។ ដោយទីផ្សារកូរ៉េ ត្រូវការនាំចូល ផលិតផលជាស្បៀង។...។ នៅក្នុងផ្នែកឧស្សាហកម្ម កម្ពុជាត្រូវការបច្ចេកវិទ្យាពីកូរ៉េ។ ដូច្នេះកម្ពុជាចង់ទទួលបាន នូវបច្ចេកវិទ្យាពីកូរ៉េ។»។
ក្រៅពីឧស្សាហកម្មកែច្នៃស្បៀង ប្រធានព្រឹទ្ធសភាកម្ពុជា ក៏ជំរុញឱ្យក្រុមហ៊ុននេះ សម្លឹងមើលការវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជាដែរ ដែលវិស័យនេះ នៅកម្ពុជា មិនទាន់មានការរីកចម្រើនខ្លាំងនៅឡើយ។
កម្ពុជា ផ្តល់លក្ខខណ្ឌអនុគ្រោះជាច្រើនដល់វិយោគិនបរទេស ដោយវិនិយោគិនបរទេស អាចកាន់កាប់ភាគហ៊ុន ១០០ភាគរយ មិនតម្រូវឱ្យមានក្រុមហ៊ុនដៃគូក្នុងស្រុកនោះទេ។ សម្តេច ហ៊ុន សែន បញ្ជាក់បែបនេះ ដោយបន្តទៀតថា នៅកម្ពុជា អ្នកវិនិយោគ ក៏មិនបាច់បារម្ភអំពីហានិភ័យអត្រាប្តូរប្រាក់នោះដែរ ព្រោះពួកគេ អាចបោះទុនជារូបិយបណ្ណបរទេសបាន។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ និងលើកទឹកចិត្តក្រុមហ៊ុនដែលវិនិយោគនៅក្នុងប្រទេសអាស៊ានផ្សេងទៀត គួរវិនិយោគបន្ថែមនៅកម្ពុជាតាមរូបមន្តការវិនិយោគ១+ ។ ដូច្នេះករណីរោងចក្រប្រទេសជិតខាងជួបប្រទះបញ្ហាដែល រំខានដល់ខ្សែច្រវាក់ផលិតកម្ម រោងចក្រនៅកម្ពុជាអាចជំនួសបាន។
សម្ដេច ហ៊ុន សែន ជឿជាក់ថា នៅពេលអនាគត ក្រុមហ៊ុនកូរ៉េ នឹងមានវត្តមានកាន់តែច្រើន និងមានរយៈពេលវែងនៅកម្ពុជា ស្របពេលដែលប្រទេសទាំង២ បានព្រមព្រៀងគ្នា លើកកម្រិត ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នាអំឡុងពេលទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ កាលពីពេលកន្លងទៅថ្មីៗនេះដែរ៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: