សម្តេច ហ៊ុន សែន ជឿថាមូលនិធិអាស៊ី នឹងបន្តបង្កើតកម្មវិធីនានា ដែលជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា
- ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី យប់

សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី(ស្តាំ) និងលោកស្រី Laurel. E Miller ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ីថ្មី នាជំនួបសម្តែងការគួរសមនៅថ្ងៃទី១៨ ខែកញ្ញា។ រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន មានជំនឿថា មូលនិធិអាស៊ី( The Asia Foundation) នឹងកសាងកម្មវិធី និងគម្រោងនានា ដែលស៊ីគ្នាជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីជួយកម្ពុជា ឱ្យសម្រេចបានគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្តីរំពឹងនេះ ត្រូវបានសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី លើកឡើងក្នុងជំនួបជាមួយ លោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ីថ្មី នៅថ្ងៃទី១៨ ខែកញ្ញា។

នៅក្នុងជំនួបនេះ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ដែរថា ទោះកម្ពុជា បានផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំប្រទេស ប៉ុន្តែគោលនយោបាយអភិវឌ្ឍន៍ប្រទេស គោលនយោបាយការបរទេស កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាការគាំទ្រដល់ដំណើរការនៃមូលនិធិអាស៊ី គឺគ្មានការផ្លាស់ប្តូរនោះទេ គឺ មានតែត្រូវបន្តធ្វើការ ដើម្បីទទួលលទ្ធផលជាវិជ្ជមានជាមួយគ្នាថែមទៀត។
ឆ្នាំ២០២៤នេះ គឺជាខួបទី៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ និងគាំទ្ររបស់មូលនិធិអាស៊ី ការអភិវឌ្ឍប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលជាទីពេញចិត្ត។ សម្តេច ហ៊ុន សែន បន្ថែមបែបនេះ បន្ទាប់ពីបានអបអរលោកស្រី Laurel. E Miller ដែលត្រូវបានជ្រើសរើសជាប្រធាន និងជានាយកប្រតិបត្តិថ្មីនៃមូលនិធិអាស៊ី ក៏ដូចជាស្វាគមន៍ចំពោះវត្តមានលោកស្រី នៅកម្ពុជា។
នៅក្នុងជំនួបនេះ លោកស្រី Laurel. E Miller បានលើកឡើងថា មូលនិធិអាស៊ី កំពុងប្រារព្ធ ខួបលើកទី៧០ នៃប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសជាដៃគូ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យអភិបាលកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងជួយគាំទ្រ ទៅតាមអ្វីដែលជាបំណងប្រាថ្នា របស់ប្រទេសដៃគូ។ លោកស្រី បន្ថែមថា៖ «សម្រាប់ព្រះរាជាណាចក្រកម្ពុជា បេសកកម្មរបស់មូលនិធិអាស៊ី គឺការប្តេជ្ញាជួយគាំទ្រដល់វិស័យអាទិភាព ដែលរដ្ឋាភិបាលបានដាក់ចេញ ដែលជាបំណងប្រាថ្នារបស់ប្រទេស និងប្រជាជនកម្ពុជា។ កន្លងមកមូលនិធិអាស៊ី តែងតែតម្រឹមគំនិតផ្តួចផ្តើម និងកម្មវិធីនានា ឱ្យមានភាពស៊ីចង្វាក់ ជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាល ។»។

រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
បើតាម លោកស្រី Laurel. E Miller ក្នុងវិស័យអប់រំ មូលនិធិអាស៊ី កន្លងមក បានបញ្ជូននិស្សិតទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក បញ្រ្ជាបចំណេះដឹងឌីជីថល និងបច្ចេកវិទ្យា ដើម្បីបង្កើនចំនួនកម្លាំងពលកម្មផ្នែកឌីជីថល ក៏ដូចជាបានគាំទ្រដល់អ្នកស្រាវជ្រាវវ័យក្មេង អ្នកស្រាវជ្រាវជាស្រ្តី និងផ្តល់ការប្រឹក្សាលើអាជីពការងារផងដែរ។
មូលនិធិក៏បានជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវ ដើម្បីកសាងជារបាយការណ៍ជំនួយដល់ការវិនិយោគ និងធុរកិច្ច ជាពិសេស គឺការជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការកសាងសមត្ថភាពដល់សហគ្រិនវ័យក្មេង និងសហគ្រិនជានារី លើជំនាញឌីជីថល បច្ចេកវិទ្យា និងហិរញ្ញវត្ថុផងដែរ។
លើសពីនេះ ស្ថាប័ននេះ ក៏តែងសហការជិតស្និទ្ធជាមួយកម្ពុជា ជាពិសេសអាជ្ញាធរមូលដ្ឋាន ដូចជាការចុះស្រាវជ្រាវពី ជីវភាពរស់នៅរបស់ប្រជាជន ដើម្បីកសាងភាពធន់នឹងវិបត្តិ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការបណ្តុះបណ្តាលពីវិធីសាស្រ្តកសាងគម្រោងថវិកាជាដើម។ នេះបើតាមប្រធាន និងនាយកប្រតិបត្តិថ្មីនៃមូលនិធិអាស៊ី ដែលបានបន្តទៀតថា មូលនិធិអាស៊ី នឹងបន្តខិតខំគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដោយអនុលោមតាមយុទ្ធសាស្រ្ត គោលនយោបាយ និងរបៀបវារៈអាទិភាពរបស់រដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា បន្តគាំទ្រដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនេះ លោកស្រី Laurel. E Miller ក៏មិនភ្លេចរំឭកគុណកម្ពុជា ដែលបានផ្តល់សិទ្ធិជ្រកកោនបណ្តោះអាសន្ន ដល់បុគ្គលិកជនជាតិអាហ្វហ្កានីស្ថានរបស់មូលនិធិអាស៊ី ប្រមាណ៣០០នាក់ កាលពីអំឡុងឆ្នាំ២០២១ផងដែរ រហូតដល់ពួកគេមានទីស្នាក់អាស្រ័យថ្មី នៅប្រទេសអូស្រ្តាលី ឬអាម៉េរិក។
ពាក់ព័ន្ធនឹងករណីនេះ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បញ្ជាក់ថាទង្វើនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារនូវសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្សជាតិ ខណៈដែលសម្តេច ផ្ទាល់ក៏ធ្លាប់ជាជនភៀសខ្លួនពីសង្រ្គាមដែរ៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: