សម្ភារនិយមកំពុងទាញពលរដ្ឋឱ្យធ្លាក់ក្នុងអន្ទាក់បំណុល?
  • ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ១:៥៩ នាទី រសៀល
សម្ភារនិយមកំពុងទាញពលរដ្ឋឱ្យធ្លាក់ក្នុងអន្ទាក់បំណុល?

ភ្នំពេញ៖ សម្ភារនិយម និងភាពទាន់សម័យ បានទាញយុវជនឱ្យធ្លាក់ក្នុងបំណុលដោយមិនដឹងខ្លួន។ យុវជនសម័យបច្ចុប្បន្ន បានចាត់ទុកសម្ភារទំនើបជារឿងសំខាន់សម្រាប់ជីវិតរបស់ពួកគេ។ ឥទ្ធិពលសម្ភារនិយម កំពុងលប់លើផ្លូវអារម្មណ៍យុវជន។
TTN-Free-Banner-In-Article-PC


ម៉ូតូ រថយន្ត កុំព្យូទ័រ ទូរសព្ទទំនើប គេហដ្ឋានថ្មីប្រណិត និងអចលនទ្រព្យជាដើម កំពុងអូសទាញផ្លូវអារម្មណ៍យុវជន និងពលរដ្ឋទូទៅ ឱ្យត្រេកត្រអាលលើសម្ភារទាំងនេះ។ សម្ភារទំនើប ភាគច្រើនមានតម្លៃខ្ពស់ ជាងចំណូលប្រចាំខែ របស់ពលរដ្ឋ។ ប៉ុន្តែតម្រូវការជាក់ស្ដែង ក៏ជាកត្តាធ្វើឱ្យពលរដ្ឋខ្លះ ត្រូវបង្ខំចិត្តទិញសម្ភារទំនើបទាំងនោះ ដើម្បីយកមកប្រើប្រាស់ប្រចាំថ្ងៃ។
 
យុវជន នី វាសនា ជាបុគ្គលិកបម្រើការងារក្រុមហ៊ុនឯកជន និងជានិស្សិតឆ្នាំទី៤នៃសាលកវិទ្យាល័យជាតិគ្រប់គ្រង យល់ថា សម្ភារនិយមមិនមែនជារឿងសំខាន់សម្រាប់ជីវិតខ្លួននោះទេ ប៉ុន្តែព្រោះតែតម្រូវការចាំបាច់ បានជំរុញឱ្យរូបគេ បង្ខំចិត្តទិញសម្ភារទំនើបៗ ដូចជា ម៉ូតូ កុំព្យូទ័រ និងទូរស័ព្ទដៃជាដើម។ 
 
កើតក្នុងគ្រួសារមិនសូវធូរធារ បុរសវ័យ២៣ឆ្នាំរូបនេះ បានឱ្យដឹងថា ការទិញ ឬប្រើប្រាស់សម្ភារនិយម បានក្លាយជាបំណុលសម្រាប់ខ្លួន ដែលត្រូវបង្ខំចិត្តបង់រំលស់ ឬកម្ចីប្រាក់គេ ដើម្បីប្រើប្រាស់តាមតម្រូវការសង្គមបច្ចុប្បន្ន។ «ខ្ញុំបង់រំលោះម៉ូតូ និងទូរស័ព្ទ ដើម្បីមានម៉ូតូផ្ទាល់ខ្លួន សម្រាប់ជិះទៅសាលារៀន និងធ្វើការ ប្រសិនបើមិនជិះម៉ូតូ ខ្ញុំត្រូវជិះម៉ូតូកង់បីឥណ្ឌា អស់លុយច្រើនណាស់។ មុននឹងខ្ញុំហ៊ានបង់រំលស់សម្ភារទាំងអស់នេះ គឺខ្ញុំបានដឹងពីចំណូល និងចំណាយប្រចាំថ្ងៃយ៉ាងច្បាស់លាស់»។ នេះជាការបញ្ជាក់របស់យុវជន នី វាសនា ដែលបានបង់រំលោះម៉ូតូអស់២ឆ្នាំមកហើយ។
 
សម្រាប់យុវជន វាសនា បំណុលវាមិនអាក្រក់នោះទេ ប្រសិនជាប្រើប្រាស់វាចំគោលដៅ។ យុវជនមកពីខេត្តតាកែវរូបនេះ ប្ដេជ្ញាយកបំណុលនៃការបង់រំលស់សម្ភារទាំងនោះ ទៅបង្កើតជាចំណូលតាមរយៈការងារថតវីដេអូតាមទូរសព្ទដៃ និងប្រម៉ូតផលិតផលផ្សេងៗឱ្យគេជាដើម។ 
 
និស្សិតឆ្នាំទី៤រូបនេះ បាននិយាយដូច្នេះថា៖«ភាពអាក្រក់នោះ គឺការប្រើប្រាស់កម្ចីក្រៅផ្លូវការ ឬខុសច្បាប់ និងការប្រើប្រាស់បំណុលមិនចំគោលដៅ ឬទិញរបស់របរដែលបង្កើនបន្ទុកបំណុលជាដើម។ មិនមែនបំណុលទាំងអស់សុទ្ធតែអាក្រក់នោះទេ សំខាន់ឱ្យតែចេះប្រើបំណុលនោះឱ្យចំគោលដៅ វាមិនដាក់សម្ពាធលើយើងលើសលប់ឡើយ»។
 
សម្ភារកាន់តែទំនើប កាន់តែទាន់សម័យ បំណុលកាន់តែច្រើន។ កញ្ញា ឃុន ចរិយា ជាកម្មការនីរោងចក្រនៅរាជធានីភ្នំពេញ ក៏បានដឹងថា សម្ភារនិយមបានពង្វក់ស្មារតី និងអាចឱ្យជាប់បំណុលដែរ ប៉ុន្តែ ចរិយា នៅតែកម្ចីលុយ និងបង់រំលស់ម៉ូតូ។ 
 
ជីវភាពមិនសូវធូរធារ និងមិនមានអ្នកជ្រោមជ្រែង បានធ្វើឱ្យយុវតីវ័យ២៤ឆ្នាំរូបនេះ បានកម្ចីលុយអនឡាញ និងបង់រំលស់សម្ភារមួយចំនួន ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។ កញ្ញា ចរិយា ត្រូវធ្វើការក្នុងមួយថ្ងៃប្រមាណ១០ម៉ោង ដើម្បីទទួលបានប្រាក់ខែសមល្មមអាចទប់ទល់ទៅនឹងការចំណាយផ្សេង។
 
អ្នកខេត្តកំពង់ស្ពឺរូបនេះ បានបញ្ជាក់ថា ការបង់រំលស់ ឬកម្ចីលុយនានា ដើម្បីទិញសម្ភារទំនើបនេះ មិនមែនយកមកហ៊ឺហា ទាន់សម័យ ឬបង្អួតនរណាឡើយ តែដោយសារវាជាតម្រូវជាក់ស្ដែង។ «ដំបូងខ្ញុំគិតថាមានប៉ុនណាប្រើប៉ុណ្ណឹង! ប៉ុន្តែខ្ញុំមិនអាចទ្រាំទៅនឹងជីវិតសុំម៉ូតូគេជិះទៅធ្វើការរាល់ថ្ងៃបាននោះទេ។ ថ្ងៃខ្លះគេមិនទៅធ្វើការ ខ្ញុំមិនមានអ្វីជិះ អ៊ីចឹងខ្ញុំត្រូវឈប់សម្រាកមួយថ្ងៃដែរ»។ នេះបើតាមកញ្ញា ឃុន ចរិយា។
 
ជាង២ឆ្នាំហើយ ដែលបានមកធ្វើការនៅរាជធានីភ្នំពេញ កញ្ញា ចរិយា មិនសល់អ្វីនោះទេ ព្រោះចំណូលរបស់នាង បានត្រឹមតែគ្រប់ការចំណាយប្រចាំខែប៉ុណ្ណោះ។ កម្មការិនីរូបនេះ ត្រូវបង់បំណុលប្រមាណ៣០០ដុល្លារក្នុងមួយខែ ខណៈចំណូលបានជិត៥០០ដុល្លារ។ « គិតៗទៅ ធ្វើការរាល់ថ្ងៃនេះ រកលុយបង់តែបំណុល មិនមានអ្វីសល់សម្រាប់ខ្លួនឯងសោះ»។ នេះជាការលើកឡើងរបស់យុវតីមកពីខេត្តកំពង់ស្ពឺ ។
 
ការបង់រំលស់សម្ភារទំនើប ជារឿងមួយដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏រីកចម្រើន ស្របពេលពលរដ្ឋនៅតែបន្តកម្ចី និងបង់រំលស់សម្ភារនានា។ ត្រង់ចំណុចនេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានពន្យល់ថា ការប្រើប្រាស់កម្ចី ឬបង់រំលស់សម្ភារនិយម មិនមែនរឿងអាក្រក់ទេ។ បើតាមលោក សេរីវឌ្ឍន៍ សម្ភារនិយមក៏ជាផ្នែកមួយ ជួយជំរុញឱ្យសេដ្ឋកិច្ចមានសកម្មភាព ប៉ុន្តែអ្វីដែលអាក្រក់នោះ គឺការប្រើប្រាស់បំណុល លើសពីសមត្ថភាពរបស់ខ្លួន។ 
 
« ការខ្ចីលុយ ឬបង់រំលស់សម្ភារនិយមរបស់យុវជនមិនមែនជារឿងអាក្រក់នោះទេ ប្រសិនបើសម្ភារទាំងនោះ ជួយឱ្យពួកគាត់ទទួលបានប្រយោជន៍ច្រើន។លើសពីនេះ ប្រសិនបើគាត់គ្មានលទ្ធភាពសង នោះទើបបានជាការខ្ចីបំណុលទិញសម្ភារទាំងអស់នេះ ក្លាយជាគ្រោះថ្នាក់ដល់ខ្លួនគាត់ទៅវិញ។ ប្រសិនបើអ្នកត្រូវបង់បំណុលប្រចាំខែច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូល នោះអ្នកនឹងស្ថិតក្នុងអន្ទាក់បំណុល»។ នេះជាការពន្យល់របស់អ្នកជំនាញសេដ្ឋកិច្ច។ 
 
សេដ្ឋវិទូរូបនេះ ក៏លើកឡើងដែរថា ការទិញសម្ភារទំនើបៗ មិនមែនជារឿងចាំបាច់នោះទេ សម្រាប់យុវជននៅវ័យសិក្សា ប្រសិនបើទិញសម្ភារទាំងនោះ គ្រាន់តែទុកបង្អួតគ្នាប៉ុណ្ណោះ។ លោក  សេរីវឌ្ឍន៍ បន្តថា៖ «ដូច្នេះ ដើម្បីទប់ស្កាត់បញ្ហានៃការធ្លាក់ចូលបំណុល គឺយើងត្រូវប៉ាន់ស្មានលើទំហំបំណុលជាមួយលទ្ធភាពនៃការសងបំណុលរបស់យើង»។
 
និយាយជារួមទៅ សម្ភារនិយម បានជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន នៅក្នុងសង្គម។ ប្រសិនជាទិញសម្ភារទាំងនោះ យកមកប្រើប្រាស់ត្រូវចំគោលដៅនោះ វានឹងជះផលវិជ្ជមានមកវិញ ដោយបង្កើតបានជាចំណូល ឬផលប្រយោជន៍សម្រាប់ការទំនាក់ទំនង ផ្ដល់ភាពងាយស្រួលសម្រាប់ការងារ និងការសិក្សាជាដើម។ ប៉ុន្តែបើយកមកប្រើប្រាស់មិនចំគោលដៅនោះទេ វានឹងពង្វក់ស្មារតី និងទាញយុវជន ឬពលរដ្ឋទូទៅ ឱ្យធ្លាក់ចូលទៅក្នុងឧបាយ ភ្លើតភ្លើន ឬអន្ទាក់បំណុលជាដើម។
 
កត្តាឪពុកម្តាយធូរធារ ឬមានទ្រព្យស្ដុកស្តម្ភ មិនមែនជាបញ្ហាចោទសម្រាប់ពួកគេ ក្នុងការទិញសម្ភារទំនើបៗ បំពេញតម្រូវការកូនៗរបស់ពួកគេឡើយ លើកលែងតែគ្រួសារ ដែលមិនសូវធូរធារ ទើបអាចប្រឈមមុខនឹងបញ្ហាបំណុល៕

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ