ខេត្តព្រះសីហនុ ត្រៀមខ្លួនជាស្រេច ដើម្បីទទួលទេសចរមកកម្សាន្ត
- ថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១១:២៩ នាទី ព្រឹក

ខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍មួយដ៏ពេញនិយមសម្រាប់ភ្ញៀវទេសេចរក្នុងពិធីបុណ្យទាន ជាពិសេសពិធីបុណ្យភ្ជុំបិណ្ឌ ដែលអំណោយផលដល់ភ្ញៀវទេសចរគយគន់ទេសភាពពណ៌បៃតង។ ឆ្នាំ២០២៤នេះ តំបន់ទេសចរណ៍ចំនួន១០កន្លែងនៅខេត្តព្រះសីហនុ កំពុងទាក់ទាញទេសចរអន្តរជាតិ និងជាតិ ជាហូរហែមិនចេះនឿយណាយ។

តំបន់ទេសចរណ៍ចំនួន១០ក្នុងខេត្តព្រះសីហនុ ហាក់មានភាពលេចធ្លោ ដោយសារមានភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិ ទៅកម្សាន្តច្រើនគួរឱ្យកត់សម្គាល់។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ លើកឡើងថា ភាពល្បីល្បាញរបស់ខេត្តមួយនេះ ព្រោះជាខេត្តដែលមានឆ្នេរ និងកោះស្រស់ស្អាត។ ភ្ញៀវទេសចរនិយមទៅកម្សាន្ត នៅតាមឆ្នេរអូត្រេះ, ឆ្នេរអូរឈើទាល,ឆ្នេរឯករាជ្យ, កោះពស់, ឆ្នេរសុខាកោះរ៉ុង, កោះដែកគោល, កោះសង្សារ, កោះរ៉ុងសន្លឹម, កោះទ្រាស និងកោះពស់ ព្រោះទីនោះមានសក្តានុពលសម្បូរបែបដូចជា ភាពស្ងប់ស្ងាត់ ទេសភាពស្អាត។
ខេត្តជាប់សមុទ្រមួយនេះ មានកន្លែងកម្សាន្តជាច្រើន សម្រាប់ឱ្យទេសចរលម្ហែអារម្មណ៍ ក៏មានទេសភាពយ៉ាងស្រស់ត្រកាលទាក់ទាញទេសចរដើរកម្សាន្តផងដែរ។ សេវាកម្មល្អ និងទេសភាពស្រស់ស្អាត ជាកត្តាដែលធ្វើឱ្យខេត្តព្រះសីហនុ មានភ្ញៀវទេសចរមកកម្សាន្តលេងជាច្រើន។
នារដូវវស្សានេះ ខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរ ជាពិសេសទេសចរជាតិ ដែលនិយមកម្សាន្តនៅតាមឆ្នេរ និងកោះក្នុងខេត្តព្រះសីហនុ។ ទេសចរភាគច្រើនទៅកម្សាន្តនៅទីនោះ ចូលចិត្តអង្គុយគយគន់សម្រស់ធម្មជាតិជាប់ឆ្នេរសមុទ្រយ៉ាងស្រស់ត្រកាល និងទេសចរជិះទូកកម្សាន្តតាមដងព្រែកទស្សនាថ្ងៃរះ ថ្ងៃលិច ដាំដើមកោងកាង បោះតង់ ចាក់ខ្យង ស្ទូចត្រី ផ្ទះស្នាក់ និងអាហារសហគមន៍ផងដែរ។
ជាមួយគ្នានេះ ឆ្នេរចំនួនទៀតក្នុងខេត្ត រដ្ឋបាលខេត្តព្រះសីហនុ បានអភិវឌ្ឍន៍តំបន់សក្តានុពលទាំងនោះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិផងដែរ។ លក្ខណៈពិសេសរបស់ខេត្តនេះ គឺមានឆ្នេរខ្សាច់សក្បុស អមជាមួយនឹងទេសភាពព្រៃឈើលើកោះ និងធម្មជាតិ បានទាក់ទាញភ្ញៀវទេសចរគ្រប់កន្លែងមកកម្សាន្តស្ទូចត្រី និងមុជទឹកក្រោមបាតសមុទ្រជាដើម។ ខេត្តព្រះសីហនុ បានដាក់ក្រុមអ្នកល្បាត ឬឆ្មាំ នៅតាមឆ្នេរដើម្បីត្រៀមសង្គ្រោះទេសចរ ពេលមានបញ្ហាណាមួយកើតឡើងជាយថាហេតុផងដែរ។
សូមជម្រាបថា ខេត្តព្រះសីហនុក៏មានតំបន់កោះទាំងចំនួន៣២ រួមមាន កោះសង្សា, កោះពស់, កោះថាស, កោះដែកគោល, កោះត្រេះ, កោះរុង, កោះរុងសន្លឹម, កោះមូល, កោះតូច, កោះប្រើស, កោះថ្មី, កោះក្របី, កោះតាគៀវ, កោះឬស្សី, កោះស្រមោច, កោះសំពោច, កោះដូង , កោះព្រីង, កោះខ្មោច, ថ្មដុះត្រងោល, កោះវាល, កោះតាង, កោះបង, កោះប្អូន, កោះកណ្តាល, កោះមួយ, កោះដំឡូង, កោះពីរលិច, កោះពីរកើត, កោះតា, កោះយាយ និងកោះថ្មប៉ប្រះទឹកចៅ៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: