មន្ទីរទេសចរណ៍កំពង់ឆ្នាំង ណែនាំកន្លែងកម្សាន្តទាក់ទាញ៣កន្លែង ក្នុងឱកាសភ្ជុំបិណ្ឌ
  • ថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ៨:៥៩ នាទី យប់
មន្ទីរទេសចរណ៍កំពង់ឆ្នាំង ណែនាំកន្លែងកម្សាន្តទាក់ទាញ៣កន្លែង ក្នុងឱកាសភ្ជុំបិណ្ឌ
Front រូបភាពពី៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ទឹកធ្លាក់ថ្មក្រាល អន្លង់ស្វាយ និងស្រែអំបិល គឺជាតំបន់ទេសចរណ៍ដែលទាក់ទាញ ស្ថិត ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ ទីតាំងទេសចរណ៍ទាំង៣ នេះ ត្រូវបានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង ណែនាំថាជាកន្លែងដ៏ស័ក្តិសមសម្រាប់ការលម្ហែកម្សាន្ត នៅក្នុងថ្ងៃសម្រាក ភ្ជុំបិណ្ឌនេះ។
TTN-Free-Banner-In-Article-PC
 
លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា រមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាល៣កន្លែង ដែលពេញនិយមសម្រាប់ទេសចរដើរកម្សាន្តនាបុណ្យភ្ជុំបិណ្ឌនេះ រួមមានទឹកធ្លាក់ស្រែអំពិល, ទឹកធ្លាក់ថ្មក្រាល និងទឹកធ្លាក់ធម្មជាតិអន្លង់ស្វាយ។ លោក នូ ផល្គុន ក៏រំពឹងដែរថាតំបន់ទេសចរណ៍ទាំងនេះ នឹងនាំឱ្យខេត្តដែលស្ថិតនៅ ចម្ងាយ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមួយនេះទទួលបានទេសចរច្រើនជាងឆ្នាំមុន។
 
ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ជាតំបន់ដែល មានសក្តានុពលខ្លាំងបំផុតក្នុងខេត្តកំពង់ឆ្នាំង។ នេះបើតាមអនុប្រធានមន្ទីរទេសចរណ៍ខេត្ត កំពង់ឆ្នាំង។ លោក នូ ផល្គុន បន្តថា ភ្ញៀវទេសចរនិយមទៅកម្សាន្តនៅទឹកធ្លាក់ស្រែអំពិល ព្រោះមាន ទឹកធ្លាក់រាក់ល្មម ដែលអាចងូតលេងកម្សាន្ត និងមានសម្រស់ធម្មជាតិព្រៃភ្នំយ៉ាង ទាក់ទាញ។ លើសពីនេះ ភ្ញៀវទេសចរ ក៏អាចដើរកម្សាន្តក្នុងព្រៃ និងបោះតង់សម្រាកលម្ហែ បានដែរ។ 


ទឹកធ្លាក់អន្លង់ស្វាយ
 
ចំណែកឯទឹកធ្លាក់អន្លង់ស្វាយវិញ ស្ថិតនៅក្នុងភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស។
ទឹកធ្លាក់អន្លង់ស្វាយនេះ ទេសចរចូលចិត្តអង្គុយគយគន់សម្រស់ទឹកធ្លាក់អមជាមួយទេស ភាពស្រស់ត្រកាលដ៏ត្រជាក់។
 
រីឯទឹកធ្លាក់ថ្មក្រាល ជាទាក់ទាញទេសចរឱ្យទៅកម្សាន្តមិន ដែលដាច់ មិនថានាបុណ្យ ឬចុងសប្ដាហ៍ឡើយ។ តំបន់ទឹកធ្លាក់ថ្ម ក្រាលនេះ ស្ថិតនៅភូមិ កោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧គីឡូ ម៉ែត្រពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរ អាចទៅកម្សាន្តនាបុណ្យភ្ជុំបិណ្ឌ លម្ហែកាយ ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ គយគន់សម្រស់ធម្មជាតិទឹកធ្លាក់ជាដើម។
 
បន្ថែមពីនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំគោលដៅទេសចរណ៍មួយចំនួនសម្រាប់ភ្ញៀវទេសចរទៅកម្សាន្តនាពេលកន្លងមកដែរ រួមមាននៅតំបន់ភ្នំព្រះ ទំនប់ទ្វារទឹកគង្គារ និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយចំនួនទៀត។ ទន្ទឹមនឹងកំពង់ឆ្នាំងក៏ទទួលបានទេសចរ ពីតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តផងដែរ ក្នុងនោះរួមមាន ប្រាសាទភ្នំដារ, ប្រាសាទប្រុស-ស្រី, ប្រាសាទកំពង់ព្រះ, វត្តត្រឡែងកែង, ប្រាសាទស្លុតី, ភ្នំតារាជ, ស្ថានីយ៍បុរេប្រវត្តិសំរោងសែន, ប្រាសាទពណ្ណរាយជាដើម។ 
 
នៅខេត្តកំពង់ឆ្នាំង មានសណ្ឋាគារ ផ្ទះសំណាក់ និងភោជានីយដ្ឋានជាង២០០កន្លែង។ គិតចាប់ពីខែកមរា ដល់ខែសីហា ឆ្នាំ២០២៤នេះ ខេត្តកំពង់ឆ្នាំង ទទួលបានទេសចរចំនួន ១ ៥៨០ ២៧៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១ ៥៦៤ ៩៤៧នាក់ និងអន្តរជាតិចំនួន ១៥ ៣២៦នាក់៕
 

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សែម ប្រាក់ដាវ