លើសពីបុណ្យប្រពៃណី «ភ្ជុំបិណ្ឌ» បណ្តុះស្មារតីនៃការដឹងគុណ និងភាពកតញ្ញូ
- ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:០០ នាទី ព្រឹក

ពលរដ្ឋខ្មែរបានបដិបត្តិ និងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បន្តពីមួយជំនាន់ ទៅមួយជំនាន់ ជាច្រើនសតវត្សរ៍ហើយ។ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវប្រារព្ធឡើង ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ក្នុងអំឡុងប្រារព្ធពិធីបុណ្យនេះ ពុទ្ធបរិស័ទ នាំគ្នាធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅតាមវត្តអារាម និងឪពុកម្ដាយជាដើម។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនា និងស្ដាប់សង្ឃដីកាពន្យល់របស់ព្រះតេជគុណ សាន ភារ៉េត ខាងក្រោមដូចតទៅ៖
ព្រះតេជគុណ សាន ភារ៉េត ដែលគង់នៅវត្តបទុមវតី សង្ឃដីកាថា ពិធីបុណ្យភ្ជុំបិណ្ឌ មានលក្ខណៈជា បុណ្យប្រពៃណីជាតិខ្មែរផង ជាបុណ្យក្នុងពុទ្ធសាសនាផង និងជាការអប់រំនូវធម៌កតញ្ញូ ដល់មនុស្ស។ ចាប់ពីថ្ងៃ១រោច ដល់១៤រោច គេហៅថា ជាថ្ងៃកាន់បិណ្ឌ មានន័យថាមនុស្សចែកគ្នាជាក្រុមវេនធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅទីអារាមតាមតំបន់នានា។
ចំណែកឯថ្ងៃ១៥រោច ជាថ្ងៃភ្ជុំបិណ្ឌធំ ដែលពុទ្ធបរិស័ទនិយមទៅធ្វើបុណ្យជុំគ្នានៅវត្តអារាមណាមួយ។
បើគិតក្នុងន័យសាសនា ប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌមានតាំងពីមុនសម័យអង្គរ ដែលគេមានជំនឿលើដួងព្រលឹងដូនតា ហើយនាំគ្នាប្រារព្ធពិធីនេះឡើង ដើម្បីឧទ្ទិសបុណ្យកុសល និងសងគុណដូនតា ដែលបានចែកឋានទៅ។ ម្យ៉ាងទៀត គឺការប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដែលលោកពិបាកធ្វើដំណើរបិណ្ឌបាតចង្ហាន់នារដូវវស្សា។
អត្ថន័យមួយទៀតនៃពិធីបុណ្យភ្ជុំបិណ្ឌ គឺជាការអប់រំនូវធម៌កតញ្ញូ ចំពោះកូនទៅកាន់ឪពុកម្ដាយ ឱ្យចេះគោរព ដឹងគុណ នឹករឭកដល់ឪពុកម្ដាយ។ ព្រះតេជគុណ សាន ភារ៉េត សង្ឃដីកាពន្យល់ថា៖«ប្រជាជនខ្មែរយើងមានការអប់រំក្មេងៗឱ្យចេះដឹងគុណមាតាបិតា គោរពមាតាបិតា មិនថាឡើយតែមាតាបិតា ឬក៏ថាប្រេតនោះទេ។ ពេលឪពុកម្ដាយនៅរស់ ខែភ្ជុំ ខែចូលឆ្នាំ ដែលហៅថា ហេមន្តរដូវហ្នឹង ឱ្យកូនចៅមកថ្វាយបង្គំម៉ែ គោរពម៉ែជូនបាយទឹកនំចំណីសំពត់អាវស្បៃ ឬក៏ដឹកជញ្ជូនគាត់ទៅវត្ត ជូនរបស់របរក្នុងពេលគាត់រស់»។
ព្រះតេជគុណសង្ឃដីកាបន្តថា ទោះបីជាឪពុកម្ដាយចែកឋានទៅហើយ ក៏កូនចៅនៅបន្តធ្វើបុណ្យកុសលឧទ្ទិសដល់អ្នកមានគុណ ដែលក្នុងន័យនេះ គឺអប់រំកូនខ្មែរឱ្យចេះធ្វើបុណ្យ រឭកគុណ ស្ដាប់ធម៌អារ្យ និងបន្តប្រព្រឹត្តតែអំពើល្អ៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: