អ្នកនាំពាក្យកសិកម្ម អះអាងតម្លៃស្រូវធ្លាក់ចុះបន្តិចប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុន
  • ថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ៣:៥៩ នាទី រសៀល
អ្នកនាំពាក្យកសិកម្ម អះអាងតម្លៃស្រូវធ្លាក់ចុះបន្តិចប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុន
រូបភាពពីហ្វេសប៊ុកលោក ឃឹម ហ្វីណង់

ភ្នំពេញ៖ តម្លៃស្រូវក្នុងខែកញ្ញា ឆ្នាំ២០២៤ បានធ្លាក់ចុះបន្តិច បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។  នេះជាការអះអាងរបស់លោក ឃីម ហ្វីណង អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានថា តម្លៃស្រូវធ្លាក់ចុះខ្លាំង នៅឆ្នាំនេះ។
TTN-Free-Banner-In-Article-PC
ក្នុងវីដេអូឃ្លីបជាង២នាទី លោក ឃឹម ហ្វីណង់ បានបង្ហាញតារាងតម្លៃស្រូវខែកញ្ញា ឆ្នាំ២០២៤ គឺស្រូវ OM5451 តម្លៃ១០០០រៀល,ប្រភេទស្រូវស្រង៉ែ តម្លៃ១១០០រៀល និងស្រូវសែនក្រអូបតម្លៃ១៣៧៥រៀលក្នុងមួយគីឡូក្រាម។ យ៉ាងណាមន្រ្តីកសិកម្មរូបនេះ អះអាងថា ឆ្នាំនេះ តម្លៃស្រូវលាក់បន្តិច ប៉ុន្តែក៏នៅតែជាតម្លៃសមរម្យ សម្រាប់កសិករអាចទទួលបានផលចំណេញ។
 
លោក ហ្វីណង់ លើកឡើងថា៖«ប្រសិនបើយើងប្រៀបធៀបនឹងខែកញ្ញាដូចគ្នាក្នុងឆ្នាំ២០២៣កន្លងទៅ ថ្លៃស្រូវជាមធ្យមក្នុងឆ្នាំនេះ ស្ថិតក្នុងកម្រិតធម្មតានៅឡើយ ដែលក្នុងនោះថ្លៃស្រូវសែនក្រអូប ខ្ពស់ជាងឆ្នាំមុនបន្តិច ហើយចំណែកឯស្រូវ OM ទាបជាងឆ្នាំមុនបន្តិចវិញ។ ទោះបីជាមិនបានថ្លៃខ្ពស់ដូចករណីពិសេសកាលពីឆ្នាំ២០២៣ក៏ដោយ តែក៏នៅតែជាតម្លៃមួយសមរម្យ ដែលកសិករអាចទទួលបានប្រាក់ចំណេញ ហើយនៅតែខ្ពស់ជាងថ្លៃស្រូវកាលពីខែកញ្ញា ឆ្នាំ២០២០ ២០២១ និង២០២២ផងដែរ។» 
 
ទន្ទឹមនឹងនេះ លោកក៏ទទួលស្គាល់ចំពោះបញ្ហាតម្លៃស្រូវធ្លាក់ជាងតម្លៃមធ្យមរបស់កសិករនៅតំបន់មួយចំនួន ដោយសារតែបញ្ហាស្រូវនៅសើមខ្លាំង និងមិនទាន់ទុំល្អ ដែលខុសគ្នាពីស្រូវស្តង់ដាប្រមាណ២០ភាគរយ។ លោកបន្តថា បញ្ហាទាំងនេះ កើតឡើងដោយសារកសិករឆាប់ប្រមូលផលស្រូវ ដើម្បីបញ្ចៀសពីបញ្ហាទឹកជំនន់ និងការប្រមូលផលឱ្យបានមុនពេលភ្ជុំបិណ្ឌ។
 
អ្នកនាំពាក្យរូបនេះ​ អះអាងថា ក្រសួងកសិកម្មបានត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវនេះ អាស្រ័យតាមគុណភាពស្រូវជាក់ស្ដែង ជាពិសេសសហការជាមួយរោងម៉ាស៊ីនកិនស្រូវធំៗ ឱ្យបន្តទទួលទិញស្រូវរបស់ពលរដ្ឋឡើងវិញ ចាប់ពីថ្ងៃទី៤ ខែតុលាតទៅ។ លោក ហ្វីណង់ អំពាវនាវដល់កសិករកុំឱ្យព្រួយបារម្ភចំពោះបញ្ហារាំងស្ទះរយៈពេលខ្លីនេះ ហើយត្រូវព្យាយាមពង្រឹងគុណភាពស្រូវរៀងៗខ្លួនឡើងវិញ៕
 

អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ