ព្រះមហាក្សត្រ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅបារាំង
- ថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៥:៣៩ នាទី ល្ងាច

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នឹងយាងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលធ្វើឡើងនៅ Villers-Cotterets និងនៅទីក្រុងបារីស តាមការអញ្ជើញរបស់លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅថ្ងៃទី៤-៥ ខែតុលា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី១៩ រៀបចំឡើងក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» ដើម្បីពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមទាក់ទងនឹងការបង្កើតការងារសម្រាប់យុវជន ក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។ ម្យ៉ាងទៀត គឺដើម្បីបង្កើតបរិយាកាស ដែលអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព និងធ្វើឱ្យពហុភាគីនិយមរស់រវើកឡើងវិញនិងការរួមចំណែកពីស្ថាប័នហ្រ្វង់កូហ្វូនី។
តាមសេចក្ដីប្រកាសព័ត៌មានដដែល ព្រះមហាក្សត្រនឹងយាងថ្លែងសន្ទរកថាបិទកិច្ចប្រជុំ ហើយព្រះអង្គនឹងព្រះរាជទានព្រះរាជសវនាការទ្វេភាគីជាមួយលោកប្រធានាធិបតីបារាំង ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងបារាំងផងដែរ។
សម្ដេចមហាមន្រ្តី គុយ សុផល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោក ស្រី ណូរី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាឧត្តមក្រុមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ និងលោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអមព្រះរាជដំណើររបស់ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: