​ភ្ជុំបិណ្ឌ៖ របរដូរលុយ ផ្ដល់ចំណូលសមរម្យដល់ពលរដ្ឋ
  • ថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ៨:៣៩ នាទី ព្រឹក
​ភ្ជុំបិណ្ឌ៖ របរដូរលុយ ផ្ដល់ចំណូលសមរម្យដល់ពលរដ្ឋ

ភ្នំពេញ៖ មុខរបរ​ដូរលុយ ​ជា​របរ​បន្ទាប់បន្សំ​​ពេញនិយម ដែល​អាច​រកប្រាក់​ចំណូល​បាន​គួរសម​។ រយៈពេល​១៥​ថ្ងៃ​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ ​ រក​ប្រាក់ចំណូល​បន្ថែ​ម ​តាមរយៈរបរដូរលុយនេះ​។
TTN-Free-Banner-In-Article-PC
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូសម្ភាសដូចតទៅ៖

 
ចាប់ពីខ្លោងទ្វារ​ ទៅដល់​បរិវេណ​វត្ត មាន​បុរស​និង​ស្ត្រី​ជាច្រើន​នាក់  ​កាន់​ក្រដាសប្រាក់​៥០០​រៀល ​និង​១០០​រៀល​ជាច្រើន​ដុំនៅក្នុងដៃ សម្រាប់​ទុក​ដូរ​ឱ្យ​អ្នក​ដែល​ចង់​ទទួល​សេវា​នេះ​។ មុខរបរប្ដូរប្រាក់ បាន​លេចឡើង​នៅតាម​ទីវ​ត្ត​អារាម នៅក្នុង​ពិធីបុណ្យ​​ភ្ជុំបិណ្ឌ និងចូលឆ្នាំ​ជា​រៀងរាល់ឆ្នាំ​។ ​
  

អ្នកស្រី សុង ធាវី អ្នកដូរលុយនៅវត្តមណិរតនារាម ទួលទំពូង

ជា​អ្នកប្រកបរបរ​ដូរ​ក្រដាស​ប្រាក់រៀល ក្នុង​រដូវ​កាន់បិណ្ឌ​ អ្នកស្រី សុង ធាវី ត្រូវក្រោកពីម៉ោង៥ព្រឹក ដើម្បីធ្វើដំណើរមកវត្តមណិរតនារាម ទួលទំពូង។ ​ការប្ដូរ​ប្រាក់រៀល ​ក្នុងទឹកប្រាក់​១ម៉ឺន​រៀល អ្នកស្រី ធាវី កាត់ទឹក ១៥០០រៀល ទៅ ​២,០០០​រៀល​។ ក្នុងមួយថ្ងៃ អ្នកស្រី ធាវី អាចរកចំណេញ ៣ម៉ឺនរៀលក្នុងមួយថ្ងៃ។ 
 
អ្នកដូរលុយរូបនេះ លើកឡើងថា របរ​តាម​រដូវបុណុ្យទានេះ ​​មិនអាច​រកចំណូលបាន​ទៀង​នោះទេ បានន័យថា ​បើ​មាន​អ្នក​ទៅ​វត្ត​ច្រើន ​ហើយ​គេ​ទទួល​សេវា​នេះ​ច្រើន​ ទើប​អាច​រកប្រាក់​បាន​ច្រើន​ដែរ​។​ ភ្ជុំបិណ្ឌឆ្នាំនេះ អ្នកស្រី ធាវី ត្អូញត្អែរថា ​រក​ចំណូល​មិនសូវ​បាន​ដូច​ឆ្នាំមុនៗ​ឡើយ​។ 
 
អ្នកស្រី សុង ធាវី បន្តដូច្នេះ៖ «ថ្ងៃធម្មតាដូរលុយបានប្រមាណ១០ទៅ២០ម៉ឺនរៀល ប៉ុន្តែថ្ងៃសៅរ៍ និងអាទិត្យ អាចដូរលុយបានដល់ ៧០ម៉ឺនរៀល។ របរដូរលុយនេះ អាចជួយដោះស្រាយបញ្ហាមួយគ្រាដែរ»។ បើតាមអ្នកប្រកបដូរប្រាក់ជាង៣ឆ្នាំមកនេះ ពលរដ្ឋនិយមដូរក្រដាសប្រាក់មួយរយរៀល និងប្រាំរយរៀល សម្រាប់រាប់បាត្រ និងចូលបច្ច័យ។
 
ងាកមកអ្នកស្រី  សាន សុខុម វិញអាច​រកចំណូលបាន​ប្រមាណ​២​ម៉ឺន​រៀល​នៅ​ថ្ងៃ​ធម្មតា ហើយឈានទៅរកប្រាក់បាន​៤ម៉ឺន​រៀល​ នៅចុងសប្ដាហ៍។ ជាការកត់សម្គាល់របស់អ្នកស្រី សុខុម ភ្ជុំបិណ្ឌឆ្នាំនេះ មានពលរដ្ឋច្រើនកុះករនាំគ្នាមកវត្តទួលទំពូង ប៉ុន្តែដូចលុយមិនសូវដាច់ប៉ុន្មាននោះទេ។ មុខរបរដូរប្រាក់របស់អ្នកស្រី ពុំសូវកាក់កបឡើយនៅឆ្នាំនេះ ដោយសារ​ពុទ្ធបរិស័ទមកវត្តទាំងនោះ ដូរលុយពីខាងក្រៅមកស្រាប់។ 
  

អ្នកស្រី សាន សុខុម អ្នកដូរលុយនៅវត្តមណិរតនារាម ទួលទំពូង

រដូវភ្ជុំបិណ្ឌម្ដងៗ អ្នកស្រី សាន សុខុម ត្រៀមលុយសម្រាប់ដូរជូនពុទ្ធបរិស័ទប្រមាណ៨០ម៉ឺនរៀល។ «ថ្ងៃសៅ និងអាទិត្យ ដូចលុយដាច់ជាងថ្ងៃបិណ្ឌធម្មតា។ ថ្ងៃសៅ និងអាទិត្យ អាចដូរលុយបាន ៥០ ទៅ ៦០ម៉ឺនរៀលទាំងដើម»។ នេះជាការបញ្ជាក់ពីអ្នកស្រី សាន សុខុម ជាអ្នកដូរលុយនៅវត្តមណិរតនារាម ទួលទំពូង៕ 
 

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ