
ភ្នំពេញ៖ ពិធីភ្ជុំបិណ្ឌឆ្នាំនេះ អ្នកលក់ផ្កាឈូកមិនកាក់កបដូចរាល់ឆ្នាំឡើយ។ អាជីវករលក់ផ្កាឈូក នៅតាមវត្ត បានរអ៊ូរទាំថាលក់មិនសូវដាច់ បើធៀបទៅឆ្នាំមុនៗ។ លក់មិនដាច់ ដោយសារតែពុទ្ធបរិស័ទមួយចំនួនយកផ្កាពីផ្ទះស្រាប់ ហើយអ្នកខ្លះទៀត ក៏មិនសូវទិញ។

ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូសម្ភាសដូចតទៅ៖
នៅខ្លោងទ្វារក្នុងបរិវេណវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ អ្នកលក់ផ្កាឈូកជាច្រើនរូប បានដាក់ផ្ការបស់ខ្លួនក្នុងធុងទឹកតម្រៀបគ្នាជាជួរ ដែលមានផ្កាពណ៌ស ពណ៌ក្រហម និងពណ៌ផ្កាឈូក។ អ្នកលក់ភាគច្រើនបានរត់តាមម៉ូតូ ឡាន និងម៉ូតូកង់បី ដើម្បីហៅភ្ញៀវឱ្យទិញផ្ការបស់ខ្លួន តាំងពីយានជំនិះទាំងនោះ មិនទាន់ចូលដល់ខ្លោងទ្វារវត្តស្រួលបួលម្ល៉េះ។
អ្នកស្រី ចាន់ នី ជាអ្នកលក់ផ្កាឈូកនៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ លើកឡើងថា របរលក់ផ្កាឈូកឆ្នាំនេះ មិនសូវកាក់កបឡើយ។ បើតាមអ្នកស្រី ចាន់ នី មូលហេតុលក់ផ្កាឈូកមិនដាច់ទំនងបណ្ដាលមកពី បញ្ហាសេដ្ឋកិច្ចរបស់អ្នកទិញ និងអ្នកលក់ច្រើន។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបែបនេះ អ្នកស្រី នី អាចលក់ផ្កាឈូកបានជាង៣០០ទង ក្នុងមួយថ្ងៃ ។ ប៉ុន្តែបច្ចុប្បន្ន អ្នកស្រី លក់ផ្កាឈូកជាង១០០ទង ក្នុងមួយថ្ងៃ មិនអស់ផង។

អាជីវកររូបនេះ បានត្អូញត្អែរពីបញ្ហាលក់ផ្កាមិនសូវដាច់ដូចឆ្នាំមុនៗដូច្នេះថា៖«ឆ្នាំនេះលក់មិនដាច់ទេ ដឹងតែសល់ហើយ។ ពីមុនយើងលក់ក្នុងមួយថ្ងៃអាចអស់៣០០ទង តែឥឡូវ១០០ទងលក់អត់អស់ទេ យ៉ាងច្រើន៥០ទង។ ផ្កាឈូកដែលបត់ហើយ ប្រសិនបើសល់ គឺយកចោល ប៉ុន្តែផ្កាឈូកដែលមិនទាន់បត់ស្រទាប់យើងអាចទុកលក់បាននៅថ្ងៃស្អែកបាន។ សល់ម្ដងៗ មុខមិនរីកទេ ហត់ហើយខាតទៀត»។

អ្នកស្រី ចាន់ នី ឈរលក់ផ្កាឈូកនៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ
ផ្កាឈូកដែលអ្នកស្រី ចាន់ នី យកមកលក់ទាំងនេះ គឺទិញពីផ្សារដើមគរ។ អ្នកស្រី នី ត្រូវក្រោកពីម៉ោង២ភ្លឺស្រាងៗ ដើម្បីទៅទិញផ្កាយកមកលក់នៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ។ ត្រូវបត់ផ្កាឈូកធ្វើម៉ូដផង ហើយពេលខ្លះត្រូវរត់ទៅលក់ផ្កាផង អ្នកស្រី ចាន់ នី អាចរកចំណូលពីការលក់ផ្កាឈូកបាន ១០-១៥ម៉ឺនរៀលក្នុងមួយថ្ងៃ។ ទោះបីលក់មិនសូវជាដាច់ ប៉ុន្តែអ្នកស្រី ចាន់ នី នៅតែបន្តមុខរបរលក់ផ្កាឈូកនាឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីរកចំណូលបន្ថែមពីការងារប្រចាំរបស់អ្នកស្រី។
ផ្ទុយពីអាជីវកររូបនេះ លោកយាយ ខម អួច នៅតែអាចលក់ផ្កាឈូកដាច់ធម្មតា ដោយមានអតិថិជនមកទិញជាហូរហែរ។ សម្រាប់លោកយាយ អួច មិនមានការខាតចំណូលឡើយ ព្រោះលោកយាយជាឈ្មួញកណ្តាល អង្គុយលក់ផ្កាឈូកឱ្យគេ ដើម្បីបានចំណូលខ្លះ ធ្វើបុណ្យ និងចិញ្ចឹមជីវិតខ្លួនឯង។

លោកយាយ ខម អួច ជាអ្នកផ្កាឈូកនៅវត្តមណិរតនារាម ទួលទំពូង
មានវ័យ ៧៨ឆ្នាំ លោកយាយ ខម អួច ជាអ្នកលក់ផ្កាឈូក នៅវត្តមណិរតនារាម ទួលទំពូង។ ដូនចាស់មកពីខេត្តតាកែវរូបនេះ ទើបតែមកលក់ផ្កាឈូកនៅវត្តឆ្នាំនេះទេ។ ទោះមានវ័យចំណាស់ តែលោកយាយ អួច មិនដើរសុំគេឡើយ ដោយសុខចិត្តអង្គុយលក់ផ្កាឈូកឱ្យគេ ដើម្បីបានចំណូល។
ផ្កាឈូករបស់លោកយាយ អួច ក្នុងមួយគូរតម្លៃ៨០០០រៀល ដោយលោកយាយអាចចំណេញពីផ្កាឈូក១គូរនេះ ២០០០រៀល។ លោកយាយ អួច ត្រូវធ្វើដំណើរពីខេត្តតាកែវម៉ោង៣ភ្លឺស្រាងៗ ដើម្បីមកលក់ផ្កាឈូកជាមួយគេនៅវត្តមណិរតនារាម ទួលទំពូងនេះ។ ក្នុងមួយថ្ងៃនេះ លោកយាយលក់ផ្កាឈូកអស់ប្រមាណ១០០ដុំ ដោយចំណេញពីគេប្រមាណ១០ម៉ឺនរៀល។ លោកយាយ ខម អួច សប្បាយចិត្តដែលខ្លួននៅមានកម្លាំងរកចំណូលគ្រាន់ចិញ្ចឹមជីវិតខ្លួន។
«ឆ្នាំក្រោយៗចង់មកលក់ទៀត ប្រសិនបើគេហៅយើងមកលក់ផ្កាឈូកជាមួយ។ សុខចិត្តលក់ផ្កាឈូក មិនដើរសុំគេទេ ព្រោះខ្មាស់គេ យើងមានដៃ មានជើងដែរ មកលក់ចឹងវិញស្រួលជាង»។ លោកយាយ ខម អួច បានលើកឡើងបែបនេះ។
ជាធម្មតានៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងប្រពៃណីខ្មែរជាច្រើនទៀត គេច្រើនឃើញវត្តមានផ្កាឈូក មិនដែលខានឡើយ។ ក្នុងគម្ពីព្រះពុទ្ធសាសនា បានសម្ដែងថា ផ្កាឈូក ជាផ្កាបរិសុទ្ធមិនមានជាប់មន្ទិលសៅហ្មងផ្សេងៗឡើយ។ ផ្កាឈូក ក៏អាចតាំងលំអបានដែរ។ នៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនា ផ្កាឈូកត្រូវបានគេប្រើប្រាស់ច្រើន ប៉ុន្តែប្រទេសដែលមិនកាន់ព្រះពុទ្ធសាសនា ឬបស្ចិមប្រទេសវិញ គេនិយមផ្កាកុលាប ឬផ្កាផ្សេងៗទៀត៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: