ស្តេចសៀករហ័សកម្មខ្មែរ លោក ចៅ ហ្វា ទទួលមរណភាពក្នុងអាយុ៩១ឆ្នាំ
  • ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ១០:៤១ នាទី ព្រឹក
ស្តេចសៀករហ័សកម្មខ្មែរ លោក ចៅ ហ្វា ទទួលមរណភាពក្នុងអាយុ៩១ឆ្នាំ

លោក ចៅ ហ្វា ដែលត្រូវបានប្រសិទ្ធនាមថា ជា «ស្តេចសៀកស្រុកខ្មែរ» បានទទួលមរណភាពក្នុងអាយុ៩១ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីយប់ថ្ងៃទី៨ ខែតុលា។ លោក សុះ ម៉ាច តារាចម្រៀងជើងចាស់ បានបង្ហោះអំពីដំណឹង មរណភាពនេះ។ សារព័ត៌មានឌីជីថលថ្មីៗ ទទួលបានការបញ្ជាក់បន្ថែមពីលោកស្រី ហ៊ឹម កល្យាណ ដែលជាកូនប្រសារនៃសព ថា លោក ចៅ ហ្វា បានដួលដាច់សរសៃឈាម ខណៈដែលគាត់កំពុងមានជំងឺលើសឈាមប្រចាំកាយ។
TTN-Free-Banner-In-Article-PC
 
សម្រាប់ពលរដ្ឋខ្មែរ ដែលចម្រើនវ័យនៅមុនឆ្នាំ២០០០ មួយចំនួនធំច្បាស់ជាធ្លាប់ស្គាល់ ធ្លាប់ឃើញ ឬក៏ធ្លាប់ឮ ឈ្មោះស្តេចសៀករហ័សកម្ម ចៅ ហ្វា។ កាលពីដើមខែកក្កដា កន្លងមក លោក សុះ ម៉ាច បានបញ្ជាក់ថា លោកទើបទទួលដំណឹងពីករណីព្រឹទ្ធាចារ្យ ចៅ ហ្វា រងគ្រោះថ្នាក់ដួលបាក់ឆ្អឹងជើង ក្រោយស្ងាត់ឈឹងពីពិភពសិល្បៈសៀករហ័សកម្ម អស់រយៈពេលជាច្រើនឆ្នាំ។
 
ចំពោះមរណភាពក្នុងអាយុ៩១ឆ្នាំ នៅថ្ងៃទី៨ ខែតុលា  អ្នកចម្រៀងជើងចាស់ លោក សុះ ម៉ាច អះអាងថា ក្រុមគ្រួសារបានព្យាយាមព្យាបាលអស់លទ្ធភាព ជាមួយនឹងការចំណាយដ៏ច្រើន បើទោះបីជាមានបណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក៏ដោយ។
 
បើតាមលោកស្រី កល្យាណ ក្រុមគ្រួសាររៀបចំតម្កល់សព លោក ចៅ ហ្វា នៅគេហដ្ឋានស្ថិតក្នុងបុរី ឡាយ គង់ ចំការដូង រាជធានីភ្នំពេញ ដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី ហើយពិធីបូជាសពនឹងប្រព្រឹត្តទៅវត្តឫស្សីសាញ់ សង្កាត់ព្រៃសរ។ ប៉ុន្តែអ្នកស្រី កល្យាណ មិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ឡើយ នៅព្រឹកថ្ងៃទី៩ ខែតុលា នេះ។
 
លោកស្រី កល្យាណ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នាព្រឹកថ្ងៃទី៩ ខែតុលា នេះ ថា សពរបស់បិតាសៀករហ័សកម្ម ចៅ ហ្វា នឹងត្រូវយកទៅបូជានៅ វត្ត ឫស្សីសាញ់ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តែយ៉ាងណាមិញ លោកស្រី  មិនទាន់អាចបញ្ជាក់ពីថ្ងៃបូជានៃសពនេះបានឡើយ។

សារព័ត៌មានឌីជីថលថ្មីៗ មិនទាន់មានព័ត៌មានលម្អិតពីស្តេចសៀក ចៅ ហ្វា នោះទេ។ ឆ្លៀតពេលមមាញឹករៀបចំ ពិធីបុណ្យសពឪពុកក្មេក  លោកស្រី កល្យាណ បញ្ជាក់ថា លោក ចៅ ហ្វា មានកូន៥នាក់ ក្នុងនោះមានម្នាក់បានស្លាប់ មានកូនស្រី២នាក់កំពុងរស់នៅឯបរទេស និងកូនប្រុស២នាក់ទៀតរស់នៅកម្ពុជា។
 
ឯកសារព័ត៌មានវីដេអូមួយរបស់ក្រុមព្រះសូរិយា បានលើកឡើងថា លោក ចៅ ហ្វា ជាស្តេចសៀកដំបូងបង្អស់ នៅកម្ពុជា ចាប់តាំងពីអំឡុងឆ្នាំ១៩៦០ ដល់ឆ្នាំ២០០០ ដោយលោកតែងតែទទួលបាននូវការកោតសរសើរ ពីពលរដ្ឋ រួមទាំងព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាច្រើន។ ក្រៅពីទេពកោសល្យផ្នែកសៀករហ័សកម្ម ក្រុមព្រះសូរិយា ស្រាវជ្រាវឃើញថា លោកក៏ជាអ្នកដឹកនាំខ្សែភាពយន្តមនោសញ្ចេតនាមួយកាលពីឆ្នាំ១៩៧៤ ក្រោមចំណងជើងថា «វាសនាបុប្ផាកម្ពុជាក្រោម» នៃផលិតកម្ម ព្រះមុនីឥសីភាពយន្ត ដោយមានតារាសម្តែង ជា យុទ្ធថន ទិត្យ វិជ្ជរ៉ាដានី និងរូបលោកផ្ទាល់៕
 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

អ៊ូ សុខមាន