តើកុងស៊ុលជប៉ុននិយាយអ្វីខ្លះពីខេត្តសៀមរាប និងខេត្តជុំវិញ?
- ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ព្រឹក

សៀមរាប៖ លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ដែលបច្ចុប្បន្នជាប្រធានការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាប ធ្លាប់បានបម្រើការងារក្នុងក្រសួងការបរទេសនៃប្រទេសជប៉ុន ក្នុងនាមជាអ្នកជំនាញភាសាខ្មែរកាលពីឆ្នាំ១៩៩៣។ គាត់ធ្លាប់ធ្វើការនៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញចំនួន២លើក។ លើកទី១ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ ២០០០ និងលើកទី២ ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ២០០៩។ នៅក្នុងក្រសួងការបរទេសនៃប្រទេសជប៉ុន លោកទទួលបន្ទុកកិច្ចការកម្ពុជាចំនួន២លើកផងដែរ គឺចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០០២ និងចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១។ ក្នុងរយៈពេល៣១ឆ្នាំ នៃការបំពេញការងារក្នុងក្រសួងការបរទេសនេះ លោកបានធ្វើការទាក់ទងនឹងកម្ពុជារយៈពេល១៦ឆ្នាំ។ ខាងក្រោមនេះ គឺជាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ដែលបច្ចុប្បន្នជាប្រធានការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាប។

លោក គី សុខលីម៖ ពីមុន និងបច្ចុប្បន្ន តើខេត្តសៀមរាបផ្លាស់ប្តូមុខមាត់ដូចម្តេចខ្លះ?
លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី៖ ក្នុងការបំពេញការងារអស់រយៈពេលជិត៧ខែកន្លងមកនេះ ខ្ញុំមានចំណាប់អារម្មណ៍បីចំណុចចំពោះខេត្ដសៀមរាប។ ទីមួយ គឺថា ខេត្តសៀមរាបមានការអភិវឌ្ឍយ៉ាងច្រើន។ នៅពេលដែលខ្ញុំបាន មកលេងខេត្តសៀមរាបក្នុងកំឡុងទស្សវត្ស ឆ្នាំ៩០ និងឆ្នាំ ២០០០ សៀមរាបនៅជាទីក្រុងតូច និងស្ងប់ស្ងាត់នៅឡើយ។ ក្រៅពីផ្លូវជាតិលេខ៦ ទីប្រជុំជន និងតំបន់ទេសចរណ៍ ផ្លូវមិនមានក្រាលកៅស៊ូច្រើនទេ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ ដោយមានការសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្រុងសៀមរាបរីកធំជាងមុនច្រើនណាស់។

ចំពោះអ្នកទេសចរវិញ ភ្ញៀវទេសចរបរទេស បានត្រឡប់មកវិញត្រឹមពាក់កណ្តាលនៃកម្រិតមុនកូវីដប៉ុណ្ណោះ ប៉ុន្តែអ្នកទេសចរក្នុងស្រុក បានត្រឡប់មកវិញលើសកម្រិតមុនកូវីដ ជាពិសេសនៅចុងសប្តាហ៍ ប្រាសាទអង្គរវត្ត ទទួលបានទេសចរមកទស្សនាយ៉ាងច្រើនកុះករ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ បានទាក់ទាញមនុស្ស ១លាន២សែននាក់ ដែលអ្នកចូលរួម ភាគច្រើនបានប្រារព្ធពិធីចូលឆ្នាំថ្មី ដោយការលេងបាញ់ទឹកតាមដងផ្លូវ។ ក្នុងនាមជាអ្នកដែលបានស្គាល់ប្រទេសកម្ពុជាជាយូរមកហើយ ខ្ញុំសប្បាយចិត្តនឹងការអភិវឌ្ឍខេត្តសៀមរាប នាពេលបច្ចុប្បន្ននេះ។

ចំណុចទីពីរដែលខ្ញុំកត់សម្គាល់គឺថា កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជានៅក្នុងខេត្តសៀមរាប កំពុងរីកចម្រើនជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ ប្រទេសជប៉ុនបាននិងកំពុងលើកកម្ពស់ កិច្ចសហប្រតិបត្តិការនៅក្នុងខេត្តសៀមរាប ជាចម្បងលើផ្នែកផ្គត់ផ្គង់ទឹកស្អាត សុខភាព និងការអភិរក្សបេតិកភណ្ឌ។ យើងសម្រេចបានលទ្ធផល នៅក្នុងវិស័យនីមួយៗក្នុរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងវិស័យផ្គត់ផ្គង់ទឹក រោងចក្រប្រព្រឹត្តិកម្មទឹកថ្មីត្រូវបានបញ្ចប់រួចរាល់ នៅខែឧសភាឆ្នាំ២០២៣។ វាមានសមត្ថភាពកែច្នៃទឹកបាន ៦០០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយអាចបំពេញតម្រូវការរហូតដល់ឆ្នាំ ២០៣០។ ដោយសារទឹកយកមកពីបឹងទន្លេសាប ដូច្នេះលែងមានការព្រួយបារម្ភពីការបាក់ដី ដោយសារការបូមទឹកក្រោមដីទៀតហើយ។
ក្នុងវិស័យសុខាភិបាល អគារព្យាបាលថ្មីនៅមន្ទីរពេទ្យខេត្តសៀមរាប ត្រូវបានបញ្ចប់ការសាងសង់កាលពីខែតុលាឆ្នាំមុន។ ទន្ទឹមនឹងការដាក់ឱ្យប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពេទ្យនេះអាចដើរតួរជាមន្ទីរពេទ្យស្នូលក្នុងតំបន់។ បច្ចុប្បន្ន មន្ទីរពេទ្យអាចព្យាបាលប្រកបដោយប្រសិទ្ធភាព ទាក់ទងនឹងករណីជាច្រើន ដូចជារបួសដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើនឡើងក្នុងរយៈ
ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យើងមានគម្រោងសាងសង់អគារថ្មីបន្ថែមទៀតនៅឆ្នាំ ២០៣០ ដើម្បីអាចផ្តល់ការថែទាំវេជ្ជសាស្រ្តកម្រិតខ្ពស់ សម្រាប់ព្យាបាលដុំមហារីក សរសៃប្រសាទខួរក្បាល និងជំងឺបេះដូងជាដើម។
លោក គី សុខលីម៖ ចុះកិច្ចការសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនក្នុងវិស័យវប្បធម៌វិញ?
លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី៖ ក្នុងការអភិរក្សបេតិកភណ្ឌ ក្រុមការងារជួយសង្គ្រោះប្រាសាទអង្គរ របស់រដ្ឋាភិបាលជប៉ុន បានចូលរួមក្នុងការជួសជុលប្រាសាទបាយ័នជាយូរណាស់មកហើយ ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមការងារបានយកចិត្តទុកដាក់ ជាពិសេស ទៅលើការធានាស្ថិរភាពនៃប្រាង្គកណ្តាល។ លើសពីនេះ ការស្ដារឡើងវិញស្ពានហាលខាងលិចទៅកាន់ប្រាសាទអង្គរវត្ត ដោយក្រុមសាកលវិទ្យាល័យ សូហ្វីយ៉ា ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៩៦ ត្រូវបានបញ្ចប់ នៅក្នុងខែវិច្ឆិកាកាលពីឆ្នាំមុន ហើយការសម្ពោធដាក់អោយឆ្លងកាត់លើកដំបូង ដែលបានធ្វើឡើងក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ នរោត្ដម សីហមុនី បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស។

ការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ នៅក្នុងកិច្ចការទាំងអស់នេះ។ ទាំងរោងចក្រផលិតទឹកស្អាត និងមន្ទីរពេទ្យបង្អែក ត្រូវបានគ្រប់គ្រដោយបុគ្គលិកម្ពុជាយ៉ាងមានប្រសិទ្ធភាព។ ក្នុងតំបន់អភិរក្សប្រាសាទវិញ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមអនុវត្តគម្រោងជួសជុលមួយចំនួនដោយខ្លួនឯងផងដែរ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលតាមរយៈជំនួយរបស់ប្រទេសជប៉ុន យើងអាចចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ក្នុងខេត្តសៀមរាប ក៏ដូចជាការកសាងសមត្ថភាពរបស់កម្ពុជា។
ចំណុចចុងក្រោយគឺ កិច្ចសហប្រតិបត្តិការ របស់ប្រទេសជប៉ុននៅខេត្តសៀមរាប ពោរពេញដោយសក្តានុពល សម្រាប់ការអភិវឌ្ឍបន្ថែមទៀត។ បន្ថែមពីលើវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងការអភិរក្សបេតិកភណ្ឌ ដែលបានរៀបរាប់ខាងលើ កិច្ចសហប្រតិបត្តិការ របស់ប្រទេសជប៉ុន កំពុងពង្រីកទៅក្នុងវិស័យថ្មីៗ ដូចជាទីក្រុងឆ្លាតវៃ និងការកសាងសន្តិភាពជាដើម។
នៅក្នុងវិស័យទីក្រុងឆ្លាតវៃ យើងកំពុងធ្វើការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីដោះស្រាយ បញ្ហាទីក្រុងនានាៗ ដោយប្រើប្រាស់បច្ចេកវិទ្យា IT និងបច្ចេកវិទ្យាទំនើបផ្សេងទៀត។ យោងតាម ផែនទីបង្ហាញផ្លូវ ដែលបានបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៣ កន្លងទៅ គម្រោងសាកល្បង កំពុងត្រូវ បានអនុវត្ត ដោយផ្តោតលើវិស័យចំនួនបួនគឺ ទេសចរណ៍ ការដឹកជញ្ជូន សុវត្ថិភាពសាធារណៈ និងកាកសំណល់។ រហូតមកដល់ពេលនេះ យើងសម្រេចបានលទ្ធផល ដូចជាការតាម ដានស្ថានភាពប្រមូលសំរាម តាមរយៈកម្មវិធីទូរស័ព្ទ(App)ថ្មី និងការស្វែងរកការចតរថយន្តខុសច្បាប់ តាមរយៈការដំឡើងកាមេរ៉ា CCTV។
លោក គី សុខលីម៖ ចុះបើយើងនិយាយពីទំនាក់ទំនងការទូតក្នុងន័យប្រទេសវិញ តើទំនាក់ទំនងកម្ពុជា និងជប៉ុនស្ថិតក្នុងកម្រិតណាដែរលោក?
លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី៖ ក្នុងវិស័យកសាងសន្តិភាព យើងកំពុងជួយដល់ការសាងសង់សារមន្ទីរសន្តិភាពនៃអង្គការ CMAC នៅខេត្តសៀមរាប។ បន្ថែមពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំ ជាមួយប្រទេសជប៉ុន CMAC បានក្លាយជាអង្គការដឹកនាំ ក្នុងវិធានការប្រឆាំងមីន ក្នុងប្រទេសកម្ពុជា ក៏ដូចជាជុំវិញពិភពលោក។ បច្ចុប្បន្ននេះ ប្រទេសជប៉ុន និងកម្ពុជាកំពុងរួមគ្នា ធ្វើការបណ្តុះបណ្តាលដល់បុគ្គលិកដោះមីន របស់ប្រទេសអ៊ុយក្រែន នៅខេត្តសៀមរាប។ យើងក៏កំពុងធ្វើការជាមួយគ្នា ក្នុងការរៀបចំសម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ស្តីពីអនុសញ្ញាទីក្រុងអូតាវ៉ា អំពីការហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស ដែលនឹងប្រារព្ធឡើង នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកាឆ្នាំនេះ។
កាលពីឆ្នាំមុន ប្រទេសជប៉ុន និងកម្ពុជាបានរួមគ្នាប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ ទំនងការទូត។ កាលពីខែធ្នូឆ្នាំមុន ពេលដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ក៏មានកិច្ចប្រជុំកំពូលមួយត្រូវបានធ្វើឡើងរវាងនាយករដ្ឋមន្រ្ដី Kishida ហើយប្រទេសទាំងពីរបានព្រមព្រៀងសហការគ្នា ឆ្ពោះទៅរកការ រីកចម្រើនបន្ថែមទៀត នៃទំនាក់ទំនងទ្វេភាគីយើង ដែលត្រូវបានតំឡើងទៅជា «ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ»នាឆ្នាំកន្លងទៅ។ ក្នុងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេស Kamikawa មកកាន់ប្រទេសកម្ពុជា ក្នុងខែកក្កដា ឆ្នាំនេះ វិធីសាស្រ្តថ្មី ចំនួនបី សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានស្នើឡើង រួមមាន៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលផ្តោតលើវិស័យទឹក និងឌីជីថល ការអភិវឌ្ឍការតភ្ជាប់ដែនសមុទ្រ និងការសហការក្នុងវិស័យមីន។
ក្នុងវិស័យអាទិភាពទាំង៣នេះ រួមមានគម្រោងជាច្រើនទៀត ដែលកំពុងប្រព្រឹត្តទៅ នៅខេត្តសៀមរាប។ ចាប់ពីពេលនេះតទៅ ខ្ញុំចង់ជួយអនុវត្តគម្រោងផ្សេងៗក្នុងខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាព រួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ខេត្តសៀមរាប និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។
លោក គី សុខលីម៖ នៅខេត្តសៀមរាប តើអ្វីខ្លះជាកិច្ចការរបស់ការិយាល័យកុងស៊ុលរបស់លោក?
លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី៖ ការិយាល័យកុងស៊ុលរបស់យើងខ្ញុំ ត្រូវបានបើកនៅខែមករា ឆ្នាំ២០១៨។ ចាប់តាំងពីពេលនោះមក ក្រៅពីខេត្តសៀមរាប យើងខ្ញុំក៏ទទួលបន្ទុក ខេត្តនៅភាគពាយ័ព្យចំនួនបួន គឺកំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ និងឧត្តរមានជ័យ។ តាំងពីចូលកាន់តំណែងក្នុងខែមីនាក្នុងឆ្នាំនេះ ខ្ញុំបានធ្វើទស្សនកិច្ចទៅខេត្តកំពង់ធំ និងឧត្តរមានជ័យ។ ខេត្តកំពង់ធំ ជាកន្លែងដែលលោក អាត់ស៊ូហ៊ីតូ ណាកាតា ត្រូវបានសម្លាប់ក្នុងពេលកំពុងបំពេញកាតព្វកិច្ច ជាអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការសង្កេតការណ៍បោះឆ្នោតឆ្នាំ ១៩៩៣ អំឡុងពេលប្រតិបត្តិការរក្សាសន្តិភាព របស់អាជ្ញាធរបណ្ដោះអាសន្ន អង្គការសហប្រជាជាតិនៅកម្ពុជាដែលហៅថា (អ៊ុនតាក់)។
ខេត្តឧត្តរមានជ័យ ក៏ជាទីកន្លែងដែល លោក ហារឹយឹគិ តាកាតា ដែលបម្រើការជាមន្ត្រីនគរបាលស៊ីវិល អ៊ុនតាក់ ផងដែរនោះ បានទទួលមរណភាពក្នុងពេលបំពេញកាតព្វកិច្ច។ នៅពេលដែលខ្ញុំបំពេញទស្សនកិច្ចការងារទៅខេត្តទាំង២ ខ្ញុំបានទៅគោរពវិញ្ញាណក្ខ័ន្ធ នៅផ្នូររបស់គាត់ទាំង២នាក់ ដែលបានសាងសង់នៅក្នុងបរិវេណសាលារៀន ជាកន្លែងដែលគាត់ទាំង២នាក់បានបាត់បង់ជីវិត។ យើងខ្ញុំបានថ្លែងអំណរគុណចំពោះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលានោះ ដែលនៅតែស្រឡាញ់ និងចងចាំវីរភាពរបស់គាត់ទាំង២។
ទោះបីជាមិនទាន់ដល់កម្រិតដូចខេត្តសៀមរាបក៏ដោយ ក៏កិច្ចសហប្រតិបត្តិការជាច្រើន កំពុងត្រូវបានអនុវត្ត ជាមួយខេត្តទាំងបួននេះលើវិស័យដូចជា អប់រំ សុខាភិបាល ការផ្គត់ផ្គង់ទឹក ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត កសិកម្ម ការអភិរក្សបេតិកភណ្ឌ និងវិធានការប្រឆាំងមីន។ ក្រៅពីសកម្មភាពដែលអនុវត្តដោយអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក៏មានសកម្មភាពអាជីវកម្ម ដែលធ្វើដោយប្រជាជនជប៉ុន ក្នុងវិស័យផលិតកម្ម កសិកម្ម ទេសចរណ៍ និងសេវាកម្ម។ ដោយឡែក នៅខេត្តបន្ទាយមានជ័យ មានក្រុមហ៊ុនប្រមាណ១០ បានបើករោងចក្រនៅក្រុងប៉ោយប៉ែត ដែលកំពុងផលិតគ្រឿងបន្លាស់រថយន្ត និងឧបករណ៍អេឡិចត្រូនិក។ ការិយាល័យរបស់យើង នឹងគាំទ្រយ៉ាងរឹងមាំ នូវកិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្សេងៗ នៅក្នុងខេត្តទាំងបួននេះ។
លោក គី សុខលីម៖ តើមានប្រជាជនជប៉ុនចំនួនប៉ុន្មាន់នាក់កំពុងរស់នៅក្នុងខេត្តសៀមរាប?
លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី៖ ចំនួនប្រជាជនជប៉ុន នៅខេត្តសៀមរាប បច្ចុប្បន្នមានប្រមាណ ២៨០នាក់។ ចំនួននេះ គឺជាចំនួនអ្នកដែលបានជូនដំណឹងទៅការិយាល័យកុងស៊ុលថាជាអ្នកស្នាក់នៅរយៈពេលយូរ ចាប់ពី ៣ ខែឡើងទៅ។ គិតត្រឹមឆ្នាំ ២០១៩ មានចំនួនជាង ៤០០ នាក់ ប៉ុន្តែ បន្ទាប់ពីការរីករាលដាលនៃការឆ្លងជំងឺកូវីដ ចំនួននេះបានថយចុះ ហើយឥឡូវនេះកំពុងកើនឡើងបន្តិចម្តងៗ។
ប្រជាជនជប៉ុនជាច្រើន កំពុងធ្វើការក្នុងវិស័យសេវាកម្មផ្សេងៗ នៅក្នុងខេត្តសៀមរាប រួមមានវិស័យទេសចរណ៍ ការបើកកន្លែងស្នាក់នៅ ម្ហូបអាហារ និងការរស់នៅ។ ទោះបីជាមិនមានក្រុមហ៊ុនធំៗក៏ដោយ ក៏មានក្រុមហ៊ុនដូចជា Angkor Cookie Co. និង Cambodia Tea Times Co., Ltd. ដែលទទួលបានជោគជ័យ ក្នុងការផលិតនំ សម្រាប់ផ្ញើរជូជាអំណោយ ឬវត្ថុអនុស្សាវរីយ៍។ Angkor Tiger ជាក្លឹបបាល់ទាត់ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប ដែលមានម្ចាស់គ្រប់គ្រងជាជនជាតិជប៉ុន ហើយបច្ចុប្បន្ន កំពុងសាងសង់កីឡារដ្ឋានបាល់ទាត់ថ្មី នៅជាយក្រុងផងដែរ។ លើសពីនេះ ក៏មានអ្នកជំនាញ អ្នកស្ម័គ្រចិត្ត និងអ្នកម៉ៅការ ដែលចូលរួមក្នុងគម្រោងសហប្រតិបត្តិការផ្សេងៗ ដែលបានរៀបរាប់ខាងលើ។ មានអ្នកធ្វើការ ក្នុងអង្គការក្រៅរដ្ឋាភិបាលក៏ច្រើនដែរ។ គេធ្វើសម្មភាពក្នុងវិស័យអប់រំ ដូចជា ការសាងសង់សាលារៀន និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏ដូចជាការបង្រៀនភាសាជប៉ុន ការរបង្រៀនសិល្បៈ មណ្ឌលកុមារកំព្រារ និងសកម្មភាពផ្លាស់ប្តូរទៅវិញទៅមក។ តាមរយៈកិច្ចសហប្រតិបត្តិការ និងសកម្មភាពទាំងនេះ ខ្ញុំមានសេចក្ដីរីករាយ ដោយឃើញការជឿទុកចិត្តលើប្រទេសជប៉ុន និងប្រជាជនជប៉ុនមានការកើនឡើងនៅក្នុងខេត្តសៀមរាប។
ទាក់ទងនឹងចំនួនអ្នកធ្វើដំណើរ មុនការរាលដាលជំងឺកូវីដ ប្រជាជនជប៉ុនប្រមាណ ២១ ម៉ឺននាក់បានមកទស្សនាប្រទេសកម្ពុជា ក្នុងនោះ ១២ ម៉ឺននាក់បានទៅទស្សនាប្រាសាទអង្គរ។ កាលពីឆ្នាំមុន ប្រជាជនជប៉ុន ៨៦០០០ នាក់បានមកទស្សនាប្រទេសកម្ពុជា ក្នុងនោះ ៤១០០០ នាក់បានទៅទស្សនាប្រាសាទអង្គរ ។ នៅក្នុងឆមាសទីមួយក្នុងឆ្នាំនេះ ទេសចរចំនួន ៣១០០០ នាក់បានទៅទស្សនាប្រាសាទអង្គរ ដែលជាចំនួនច្រើនជាង២ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែតួលេខ បច្ចុប្បន្ននេះ គឺប្រហែលពាក់កណ្តាល នៃចំនួនមុនការរាលដាលជំងឺកូវីដប៉ុណ្ណោះ។
នៅក្នុងប្រទេសជប៉ុនទាំងមូល ចំនួនប្រជាជនជប៉ុន ដែលធ្វើដំណើរចេញពីប្រទេស បើធៀបទៅនឹងមុនពេលមានការរាលដាលជំងឺកូវីដ បានត្រឡប់មកវិញប្រហែល ៦០% ហើយមានប្រជាជនជាច្រើនកំពុងទស្សនាក្រៅប្រទេស ដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក តៃវ៉ាន់ និងប្រទេសថៃ។ ដោយសារមិនមានជើងហោះហើរត្រង់មកកម្ពុជា ហើយមានជើងហោះហើរតភ្ជាប់មានតិចតួច ធ្វើអោយការធ្វើដំណើរជាលក្ខណៈបុគ្គល នៅមានកម្រិតនៅឡើយ។ ម្យ៉ាងវិញទៀត ភ្នាក់ងារទេសចរណ៍ជប៉ុន បានអោយដឹងថា ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតសាកលវិទ្យាល័យ និងវិទ្យាល័យ មានការកើនឡើងគួរឱ្យកត់សម្គាល់។ ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ការផ្លាស់ប្តូររវាងយុវជន នឹងក្លាយជាមូលដ្ឋាននៃទំនាក់ទំនងនាពេលអនាគតរវាងប្រទេសទាំងពីរ។
លោក គី សុខលីម៖ តើការិយាល័យរបស់លោកផ្តល់សេវាអ្វីខ្លះទៅកាន់ជនជាតិជប៉ុន និងខ្មែរ?
លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី៖ ការងារចម្បងរបស់ការិយាល័យកុងស៊ុល គឺផ្តល់ការគាំទ្រដល់ប្រជាជនជប៉ុន ដែលស្នាក់នៅ ឬធ្វើដំណើរមកកម្ពុជា។ ប្រសិនបើជនជាតិជប៉ុន ជួបនឹងគ្រោះថ្នាក់ ឬឧបទ្ទវហេតុណាមួយ យើងនឹងធ្វើការជាមួយប៉ូលីសក្នុងមូលដ្ឋាន មន្ទីពេទ្យ និងក្រុមគ្រួសារនៅប្រទេសជប៉ុន ដើម្បីផ្តល់ដំបូន្មាន និងការគាំទ្រតាមការចាំបាច់។ ជាពិសេសថ្មីៗនេះ មានករណីជន ជាតិជប៉ុនជាច្រើនបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយយើងបានធ្វើការអំពាវនាវ ឱ្យមានការប្រុង ប្រយ័ត្នតាមរយៈអ៊ីម៉ែល និងគេហទំព័រផងដែរ។ ការជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន នូវសំណើផ្សេងៗពីប្រជាជនជប៉ុន ទាក់ទងនឹងការរស់នៅ និងសកម្មភាពរបស់ពួកគេនៅក្នុងតំបន់ក៏ជាការងារសំខាន់ដែរ។ នៅខេត្តសៀមរាប ក្រុមការងារ Hotline ត្រូវបានបង្កើតឡើងរវាងបណ្ដាកុងស៊ុល និងនគរបាលខេត្ត ដែលធ្វើការប្រជុំរៀងរាល់បីខែម្តង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងយោបល់នានា។ យើងខ្ញុំ ប្រើប្រាស់ឱកាសទាំងនេះ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនជប៉ុន។
លើសពីនេះ យើងខ្ញុំ ធ្វើនីតិវិធីចាំបាច់ទាក់ទងនឹងការចុះបញ្ជីគ្រួសារ សញ្ជាតិ លិខិតឆ្លងដែន វិញ្ញាបនបត្រផ្សេងៗការបោះឆ្នោតជាតិជាដើម ដែលភាគច្រើនសម្រាប់ប្រជាពលរដ្ឋជប៉ុនដែលរស់នៅតាមខេត្ត។ ដើម្បីគាំទ្រដល់ការអប់រំរបស់កុមារជប៉ុន យើងក៏គាំទ្រដល់ដំណើរការនៃសាលាជប៉ុន ដែលបើករៀងរាល់ថ្ងៃអាទិត្យផងដែរ។
លើសពីនេះ ការិយាល័យកុងស៊ុល ក៏ចេញទិដ្ឋាការដល់ពលរដ្ឋខ្មែរផងដែរ។ បច្ចុប្បន្ន ចំនួនប្រជាជនកម្ពុជាទៅទស្សនាប្រទេសជប៉ុនបានកើនឡើងគួរឲ្យកត់សម្គាល់ ហើយកាលពីឆ្នាំមុន ស្ថានទូតជប៉ុនបានចេញទិដ្ឋាការចំនួន ២២០០០ នាក់ ជាពិសេស ក្នុងរដូវផ្ការីកក្នុងខែមេសា មានប្រជាជនជាច្រើនមកដាក់ពាក្យសុំទិដ្ឋាការ។ ក៏ប៉ុន្ដែ ការិយាល័យយើង បានចេញទិដ្ឋាការជូនប្រជាពលរដ្ឋប្រហែល ៤៥០នាក់ប៉ុណ្ណោះ។ ក្នុងគោលបំណងធ្វើដំណើរលក្ខណៈទេសចរណ៍ បន្ថែមលសេវាដាក់ពាក្យនៅការិយាល័យ ក៏មានអាចដាក់ពាក្យតាមអនឡាញផងដែរ។ ចំនួនប្រជាជនកម្ពុជា ដែលទៅទស្សនាប្រទេសជប៉ុនពីសៀមរាប នៅតែមានចំនួនតិចតួច ហើយយើងសង្ឃឹមថា ចំនួនស្នើសុំទិដ្ឋាការពីសៀមរាប នឹងកើនឡើងនាពេលអនាគត។
លោក គី សុខលីម៖ តើកក្តាអ្វីដែលនាំឲ្យលោកស្រឡាញ់វប្បធម៌ខ្មែរ និងប្រាសាទខ្មែរ?
លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី៖ ខ្ញុំស្រលាញ់សិល្បៈខ្មែរ ជាពិសេសរូបសំណាក និងចម្លាក់។ ខ្ញុំបានឃើញរូបសំណាកជាច្រើននៅសារមន្ទី Musée Gume ក្នុងប្រទេសបារាំង និងសារមន្ទីរជាតិក្នុងទីក្រុងភ្នំពេញផងដែរ ហើយភាពស្រស់ស្អាតទាំងនោះ បានឆក់យកបេះដូងរបស់ខ្ញុំ។ តាមរយៈស្នាដៃចម្លាក់ យើងអាចដឹងពីវិញ្ញាណ និងទស្សនវិជ្ជាដ៏ជ្រាលជ្រៅ ក៏ដូចជាថាមពលដែលបានលាក់ទុករបស់ប្រជាជនកម្ពុជា។
អ្វីដែលទាក់ទាញខ្ញុំជាពិសេស គឺរូបចម្លាក់ពីសម័យបាយ័ន។ ព្រះ មនុស្ស និងសត្វទាំងអស់ មានស្នាមញញឹមទន់ភ្លន់ រូបរាងដ៏គួរជាទីមោទនៈ និងពោរពេញដោយគុណធម៌។ ប្រទេសកម្ពុជា ត្រូវបានគេហៅជាញឹកញាប់ថាជាប្រទេស រស់នៅដោយរីករាយ (Joy of Living) ហើយរូបចម្លាក់ទាំងនេះ គឺជាភស្តុតាងយ៉ាងច្បាស់។ ពេលខ្ញុំមើលរូបចម្លាក់ខ្មែរ ខ្ញុំមានអារម្មណ៍ទទួលសារថា ខ្ញុំសប្បាយចិត្តនូវភាពជាខ្លួនឯង រីករាយនឹងការស់នៅជាខ្លួនឯង និងមានកម្លាំង ដើម្បីជម្នះរាល់ការលំបាកទាំងឡាយ។
រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ជារូបសំណាក់ដែលគ្មានអ្វីប្រៀបបាន។ ទោះជាទ្រង់ជាស្តេចក៏ដោយ ក៏ទ្រង់ធ្វើសមាធិយ៉ាងស្ងៀមស្ងាត់ ដោយមិនពាក់គ្រឿងលម្អ ឬសំលៀកបំពាក់អ្វីឡើយ។ ជារូបបួងសួង ដោយស្មោះអស់ពីចិត្ត ដើម្បីសន្តិភាពប្រទេស និងសុភមង្គលរបស់ប្រជាជន។ សិលាចារឹកពីសម័យនោះសរសេរថា៖«ព្រះរាជាទ្រង់ឈឺចាប់នឹងជំងឺរបស់ប្រជារាស្រ្ដ ជាជាងជំងឺរបស់ខ្លួនព្រះអង្គ ព្រោះទុក្ខវេទនារបស់ប្រជារាស្រ្ដ ជាទុក្ខវេទនារបស់ព្រះអង្គ» ។ ជាលទ្ធផលនៃអភិបាលកិច្ចល្អនេះ វប្បធម៌ប្រជាជនបានរីកចម្រើន ក្នុងសម័យបាយ័ន។ ជាមួយនឹងមន្ទីរពេទ្យចំនួន ១០២ និងសាលាសំណាក់ចំនួន ១២១ ផ្លូវរាជដែលជាផ្លូវបុរាណ ត្រូវបានរៀបចំឡើងពីអង្គរទៅទិសខាងជើង ខាងត្បូង ខាងកើត និងខាងលិច ដែលធ្វើឲ្យទឹកដីប្រទេសកម្ពុជា មានទំហំធំជាងគេ ក្នុងប្រវត្តិសាស្ត្រខ្មែរ។ ខ្ញុំគិតថា ពិភពលោកគួរតែដឹងបន្ថែមទៀត អំពីព្រះរាជាដ៏អស្ចារ្យបែបនេះ នៅកម្ពុជា។

ការរស់នៅក្នុងខេត្តសៀមរាប និងអាចទៅទស្សនាប្រាសាទអង្គរបានគ្រប់ពេលដែលអ្នកចង់នោះ គឺជាភាពល្អប្រសើរបំផុត។ ខ្ញុំចង់ទៅទស្សនាប្រាសាទនានា ដែលភាគច្រើននៅក្នុងខេត្តដែនសមត្ថកិច្ចរបស់ខ្ញុំ ដើម្បីគិតគូរអំពីនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ គំនិត និងរបៀបរស់នៅរបស់មនុស្សនាសម័យនោះ ហើយក្រឡេកមើលប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។ ទោះជាយ៉ាងណាក៏ដោយ រថយន្តរបស់ខ្ញុំជារថយន្តស៊េរីចាស់ ដូច្នេះវាពិបាកក្នុងការទៅទស្សនាប្រាសាទដែលមានស្ថានភាពផ្លូវមិនល្អ។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងបង្កើតឡើងវិញនូវ «ផ្លូវរាជ» ចាស់ និងធ្វើឱ្យមានភាពកាន់តែងាយស្រួល ក្នុងការទស្សនាប្រាសាទនានាក្នុងប្រទេសកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com