រើសក្របខណ្ឌនគរបាលជាតិដោយ បុរសកម្ពស់១,៧០ម៉ែត្រ, នារី១,៦៥ម៉ែត្រឡើង, គ្មានស្នាមសាក់
  • ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ៦:០០ នាទី ល្ងាច
រើសក្របខណ្ឌនគរបាលជាតិដោយ បុរសកម្ពស់១,៧០ម៉ែត្រ, នារី១,៦៥ម៉ែត្រឡើង, គ្មានស្នាមសាក់
លោក ស ថេត អគ្គស្នងការនគរបាលជាតិ

បុរសត្រូវមានកម្ពស់ ១,៧០ម៉ែត្រឡើង រីឯនារីមានកម្ពស់ ១,៦៥ម៉ែត្រឡើង ដោយទម្ងន់ត្រូវ សមាមាត្រនឹងកម្ពស់។ នេះជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើននៃការប្រកាសជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។
TTN-Free-Banner-In-Article-PC

សេចក្តីជូនដំណឹងពីការប្រឡងជ្រើសរើសក្របខណ្ឌដែលចុះហត្ថលេខាដោយលោករដ្ឋលេខាធិការ ចាន់ អ៊ាន ដែលជាអនុប្រធានទី១គណៈកម្មការប្រឡងប្រជែង បានបញ្ជាក់ថា រដ្ឋាភិបាល បានអនុញ្ញាតឱ្យ ក្រសួងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ចំនួន ៥០កន្លែង សម្រាប់បម្រើការងារនៅ អង្គភាពអន្តរាគមន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
 
កម្ពស់ និងទម្ងន់ ជាលក្ខខណ្ឌមួយ ហើយលក្ខខណ្ឌសំខាន់ៗផ្សេងៗទៀតសម្រាប់បេក្ខជន រួមមាន សញ្ជាតិខ្មែរ លំនៅអចិន្ត្រៃយ៍ច្បាស់លាស់ ជីវប្រវត្តិច្បាស់លាស់ កិរិយាមារយាទល្អ និងពុំធ្លាប់មានទោស។ ក្រៅពីកាយសម្បទាគ្រប់គ្រាន់ បេក្ខជនត្រូវមានសុខភាពល្អ ដោយឆ្លងកាត់ការពិនិត្យឈាម កាយសម្បទា និងតេស្ត រកសារធាតុញៀន។

បេក្ខជន មិនត្រូវមានស្លាកស្នាមសាក់ ហើយមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រ ដែលមានតម្លៃស្មើ និងអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ឬមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមាន តម្លៃស្មើ មានអាយុយ៉ាងច្រើនត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។
 
ការផ្តល់ពាក្យ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែតុលា និងទទួលពាក្យចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា នៅអង្គភាពអន្តរាគមន៍។ បេក្ខជនក៏អាចចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដើម្បីបំពេញព័ត៌មានបឋមក្នុងការស្នើសុំសិទ្ធិប្រឡងប្រជែង បានផងដែរ តាមរយៈតំណភ្ជាប់ https://gdhr.interior.gov.kh/plaf/request?recruit=gdhr
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម