ឆ្នាំនេះ កម្ពុជា នាំចូលអគ្គិសនីពីថៃ ឡាវ និងវៀតណាម ជាង១ ៤០០គីឡូវ៉ាត់ម៉ោង
- ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១០:៣០ នាទី ព្រឹក

រូបតំណាង៖ នុស្ថានីយអគ្គិសនីក្រុងខេមរភូមិន្ទ និងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ 230 គីឡូវ៉ុល តភ្ជាប់រវាងអនុស្ថានីយទាំងពីរប្រវែងប្រមាណ 20km ។រូបថត៖ លោក កែវ រតនៈ រដ្ឋមន្រីក្រសួងរ៉ែ និងថាមពល
ភ្នំពេញ៖ កម្ពុជាមានតម្រូវការអគ្គិសនី អានុភាព ៤ ៨០៩ មេហ្កាវ៉ាត់ ស្មើនឹងថាមពល ១៨ ៨៥៧.៣៨គីឡូវ៉ាត់ម៉ោង ដើម្បីបម្រើដល់ខ្សែច្រវាក់ផលិតកម្មនានានៅក្នុងស្រុក ក៏ដូចជាបម្រើជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្រាប់រយៈពេលមួយឆ្នាំ២០២៤ ។ ដើម្បីបំពេញតម្រូវការនេះ រដ្ឋាភិបាលមានផែនការនាំចូលអគ្គិសនីពីបណ្តាប្រទេសជិតខាងចំនួន ៦៧២ មេហ្កាវ៉ាត់ ស្មើនឹង១ ៤១៤.៤៣គីឡូវ៉ាត់ម៉ោង។

យោងតាមឯកសារ ស្តីពី វឌ្ឍនភាពនៃប្រភពអគ្គិសនី របស់ក្រសួងរ៉ែ និងថាមពល ក្នុងចំណោមអគ្គិសនីអានុភាពទាំង ៦៧២មេហ្កាវ៉ាត់ ដែលកម្ពុជានាំចូលពីបណ្តាប្រទេសជិតខាងនោះ គឺមាន ២៧៧ មេហ្កាវ៉ាត់ ស្មើនឹងថាមពល ១៨៤.៩០ គឺនាំចូលពីប្រទេសថៃ ខណៈនាំចូលពីវៀតណាមមានត្រឹម ៥៦មេហ្កាវ៉ាត់ ស្មើនឹងថាមពលចំនួន ១៣១.៤០ គីឡូវ៉ាត់ម៉ោង។ រីឯ ការនាំចូលអគ្គិសនីពីប្រទេសឡាវវិញ មានដល់ ៣៣៩ មេហ្កាវ៉ាត់ ស្មើនឹងថាមពលចំនួន៩៩៨.១៣គីឡូវ៉ាត់ម៉ោង។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល
ចំពោះប្រភពអគ្គិសនីដែលភ្ជាប់ជាមួយបណ្តាញជាតិសម្រាប់ក្នុងឆ្នាំ២០២៤ មាន ៤ ១៣៧មេហ្កាវ៉ាត់ ស្មើនឹងថាមពល ១៧ ៤៤២,៤៣ គីឡូវ៉ាត់ម៉ោងនោះ គឺមាន២៤៣៧មេហ្កាវ៉ាត់ (ស្មើនឹង៥៨,៩១ភាគរយ) បានពីថាមពលកកើតឡើង ដូចជាប្រភពវារីអគ្គិសនី ប្រភពថាមពលពន្លឺព្រះអាទិត្យ និងប្រភពថាមពលជីវម៉ាស់។ ឯកសារដដែល បានបង្ហាញថា ប្រភពថាមពលនៅកម្ពុជាមិនកកើតឡើងវិញ ដែលបានពីការដុតធ្យូងថ្ម និងដុតប្រេង គឺមាន ១ ៧០០មេហ្កាត់វ៉ាត់ (ស្មើនឹង ៤១,០៩ភាគរយ) នៃប្រភពបណ្តាញជាតិ។
បណ្តាញជាតិ គឺជាប្រព័ន្ធផ្តល់សេវាបញ្ជូនអគ្គិសនីដែលមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ ៣ ក្នុងនោះមាន បណ្តាញបញ្ជូនតង់ស្យុងខ្ពស់ អនុស្ថានីយ និងមជ្ឈមណ្ឌលជាតិបញ្ជា។ បណ្តាញជាតិ នេះ រដ្ឋាភិបាលមានផែនការអភិវឌ្ឍន៍រហូតដល់ឆ្នាំ២០២៨ ដែលមានក្រសួងរ៉ែ និងថាមពល ជាអ្នកទទួលបានបន្ទុក។
បើតាមក្រសួងរ៉ែ ការអភិវឌ្ឍ«បណ្តាញជាតិ» មានគោលដៅបើកឱកាសឱ្យកម្ពុជាអាចអភិវឌ្ឍន៍ប្រភពអគ្គិសនីដែលមានសក្តានុពលនៅទីតាំងផ្សេងៗភ្ជាប់បញ្ចូលមកក្នុងបណ្តាញជាតិ។ លើសពីនេះ ការអភិវឌ្ឍបណ្តាញជាតិនេះ ក៏ដើម្បីគ្រប់គ្រងការទទួលប្រភពអគ្គិសនីទាំងនេះតាមពេលវេលា និងរដូវកាល មកលាយបញ្ជូលគ្នាតម្រូវទៅតាមទំហំនៃសេចក្តីត្រូវការប្រើប្រាស់តាមពេលនីមួយៗ។ គោលសំខាន់មួយទៀតនៃការអភិវឌ្ឍបណ្តាញជាតិនេះ គឺដើម្បីបញ្ជូនថាមពលអគ្គិសនីទាំងនេះទៅឱ្យរាជធានី-ខេត្ត និងតំបន់នានាតាមរយៈអនុស្ថានីយ៍របស់ខ្លួន សម្រាប់ផ្គត់ផ្គង់អគ្គិសនីបន្តឱ្យទៅអ្នកប្រើប្រាស់។
ហេដ្ឋារចនាសម្ព័ន្ធដែលមាន និងលទ្ធភាពនៃការផ្តល់សេវារបស់ បណ្តាញជាតិ នៅត្រឹមចុងឆ្នាំ២០២៣ គឺមានអនុស្ថានីយចំនួន ៦៨ផ្គត់ផ្គង់ប្រភពអគ្គិសនីឱ្យរាជធានី-ខេត្តទាំងបានដោយ២៥ផ្ទាល់។ តាមរយៈហេដ្ឋារចនាសម្ព័ន្ធនេះ បណ្តាញជាតិ មានលទ្ធភាពនាំចូលប្រភពអគ្គិសនីពីប្រទេសវៀតណាម ថៃ និងឡាវ បានទទួលប្រភពថាមពលបានពីការផលិតនៃថាមពលអគ្គិសនីក្នុងស្រុកនានា ដែលបានអភិវឌ្ឍន៍ មកលាយបញ្ចូលគ្នាតម្រូវទៅតាមសេចក្តីត្រូវការប្រើប្រាស់ រួចបញ្ជូនប្រភពថាមពលទាំងនោះ ទៅឱ្យរាជធានី-ខេត្តទូទាំងប្រទេស តាមរយៈអនុស្ថានីយដែលស្ថិតនៅរាជធានី-ខេត្តទាំងនោះ។
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធខាងលើនេះ ក៏អាចផ្តល់ឱ្យ បណ្តាញជាតិ មានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីធុនដុំដល់រោងចក្រ និងតំបន់ឧស្សាហកម្មធំៗ ដែលមានទីតាំងនៅក្នុងរង្វង់ដែនផ្គត់ផ្គង់ពីអនុស្ថានីយទាំង៦៨នេះ។ បណ្តាញបញ្ជូន និងអនុស្ថានណីយដែលកំពុង និងគ្រោងសាងសង់រហូតដល់ឆ្នាំ២០២៨ គឺមានចំនួន១៨ខ្សែទៀត។ ក្នុងនោះ មានខ្សែបញ្ជូនកោះកុង-បែកចាន, ខ្សែបញ្ជូនបែកចាន-អនុស្ថានីយខ្សាច់កណ្តាល, ខ្សែបញ្ជូនអនុស្ថានីយទី៧-អនុស្ថានីយកោះធំ។
ខ្សែបញ្ជូនអនុស្ថានីយទី៤-អនុស្ថានីយសំរោងទង, ខ្សែបញ្ជូនអនុស្ថានីយខាងកើតភ្នំពេញ-ព្រំដែនឡាន, ខ្សែបញ្ជូនអនុស្ថានីយល្វាឯម-អនុស្ថានីយស្វាយអន្ទរ, ខ្សែបញ្ជូនស្ទឹងត្រង់-បារាយណ៍, ខ្សែបញ្ជូនអនុស្ថានីយកំពង់ត្រឡាច-អនុស្ថានីយកំពង់ឆ្នាំងទី២។ ខ្សែបញ្ជូនអនុស្ថានីយកំពង់ឆ្នាំង-អនុស្ថានីយកំពង់ឆ្នាំទី២, ខ្សែបញ្ជូនអនុស្ថានីយកំពង់ឆ្នាំទី២-អនុស្ថានីយក្រគរថ្មី។
ខែ្សបញ្ជូនអនុស្ថានីយក្រគរថ្មី-អនុស្ថានីយពោធិ៍សាត់, ខ្សែបញ្ជូនអនុស្ថានីយពោធិ៍សាត់-អនុស្ថានីយសង្កែ, ខ្សែបញ្ជូនអនុស្ថានីយកំពង់ត្រឡាច-អនុស្ថានីយមុខកំពូល, ខ្សែបញ្ជូនអនុស្ថានីយព្រែកប្រសព្វ-អនុស្ថានីយក្រចេះ។ ខ្សែបញ្ជូនចន្លោះខេត្តក្រចេះ និងខេត្តរតនគិរី-អនុស្ថានីយចុងផ្លាស-អនុស្ថានីយភ្នំព្រិច។ ខ្សែបញ្ជូនអនុស្ថានីយភ្នំព្រិច-មេមត់-សួង, ខ្សែបញ្ជូនភ្នំពេញ-សួង និងខ្សែបញ្ជូនភ្នំព្រិច-សួង។
កាលពីថ្ងៃទី២៧ ខែកញ្ញា គណៈរដ្ឋមន្ត្រី បានអនុម័តលើគម្រោងអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ចំនួន២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩។ គម្រោង២៣គម្រោងនេះ មានទុនវិនិយោគសរុបទៅដល់ ៥ ៧៩០ លានដុល្លារអាម៉េរិក។ គណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងវិនិយោគវិស័យអគ្គិសនីនេះ គឺធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍ នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីដែលបានគ្រោងទុក។
ក្នុងចំណោមគម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង២៣នេះ គឺមានគម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន១២គម្រោង។ គម្រោងថាមពលខ្យល់មាន៦, គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យមាន១, គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន (LNG)មាន១, គម្រោងវារីអគ្គិសនីមាន១ និងគម្រោងស្ថានីយស្តុកថាមពល មាន២គម្រោង។
សេចក្តីប្រកាសព័ត៌មានព័ត៌មានដដែលបានបញ្ជាក់ថា ៖«ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំង២៣នេះ មានគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់។ រីឯ២ទៀត គឺជាគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពល មានអានុភាព ២ ០០០ មេហ្គាវ៉ាត់»៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: