កូនចៅអ្នករតនគិរី ហុន ណាវេន ស្រាវជ្រាវពីប្រយោជន៍រុក្ខជាតិព្រៃសម្រាប់និក្ខេបបទបណ្ឌិតនៅអូស្ត្រាលី
- ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៥:០០ នាទី ល្ងាច

រុក្ខជាតិព្រៃត្រូវបានប្រើប្រាស់ជាអាហាររូបត្ថម្ភ និងជាឱសថព្យាបាលជំងឺនៅតាមសហគមន៍ដាច់ស្រយាល ជាពិសេសក្នុងចំណោមពលរដ្ឋជនជាតិដើមភាគតិចនៅខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង ស្ទឹងត្រែង ជាដើម។ អត្ថប្រយោជន៍នៃរុក្ខជាតិព្រៃ បានក្លាយជាប្រធានបទនៃការស្រាវជ្រាវ សម្រាប់និក្ខេបបទថ្នាក់ បណ្ឌិតរបស់និស្សិតខ្មែរម្នាក់នៅអូស្ត្រាលី ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ភាពហិនហោចនៃធនធានធម្មជាតិ។

វ័យ ៣៩ឆ្នាំ ហុន ណាវេន ស្ថិតក្នុងចំណោមអ្នកស្រាវជ្រាវភាគតិចប៉ុណ្ណោះ ដែលជ្រើសរើសយករុក្ខជាតិ ព្រៃជាប្រធានបទនៃការស្រាវជ្រាវរបស់ខ្លួន។ ជាបេក្ខជនបណ្ឌិតនៅសាលាបុរាណវិទ្យា និងនរវិទ្យា នាសាកលវិទ្យាល័យជាតិអូស្ត្រាលី ក្រោមការទំនុកបម្រុងរបស់អាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ណាវេន បានរៀបរាប់ថា ការស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រសម្រាប់សរសេរនិក្ខេបបទរបស់រូបគេគឺ ផ្តោតលើអត្ថប្រយោជន៍រុក្ខជាតិព្រៃ ដែលសុទ្ធសឹងជាផល្លានុផលព្រៃដែលប្រជាជនខ្មែរ និយមយក មក បរិភោគ និងធ្វើឱសថ។ ខេត្តជាគោលដៅធំពីរនៃការស្រាវជ្រាវរបស់ ណាវេន គឺ រតនគិរី និងស្ទឹងត្រែង។

ចំណង់ចំណូលចិត្តរបស់ ណាវេន លើការស្រាវជ្រាវអត្ថប្រយោជន៍រុក្ខជាតិព្រៃ មិនមែនផុសចេញមកដោយ ចៃដន្យទេ។ ចាប់កណើត និងចម្រើនវ័យនៅស្រុកបានលុង (បច្ចុប្បន្នជាក្រុងបានលុង) ខេត្តរតនគិរី ដោយមានជីវិតផ្សាភ្ជាប់ជាមួយធម្មជាតិ យុវជនរូបនេះកាន់តែចាប់ចិត្តនឹងការវិវត្តនៃធម្មជាតិ និងចង់ស្វែងយល់ពីរុក្ខជាតិព្រៃកាន់តែខ្លាំង។ ជំនាញវិទ្យាសាស្ត្រព្រៃឈើនៅកម្រិតបរិញ្ញាបត្រ និង ចំណេះដឹងផ្នែកអេកូឡូស៊ី និងជីវៈចម្រុះនៅថ្នាក់អនុបណ្ឌិត រួមនឹងមានដំបូន្មានរបស់ឪពុកដែលជាអតីតមន្ត្រីកសិកម្មផងនោះ បានធ្វើឱ្យ ណាវេន មានកម្លាំងចិត្តទ្វេដងក្នុងការបន្តស្រាវជ្រាវពីរុក្ខជាតិព្រៃនេះ។
«កាលពីខ្ញុំពីក្មេង មិនមែនដូចឥឡូវទេ។ ខ្ញុំទៅណាក៏ឃើញព្រៃ ទៅណាក៏ឃើញសត្វ។ យើងរស់នៅជាមួយធម្មជាតិហើយវាធ្វើឱ្យយើងស្រលាញ់ធម្មជាតិកាន់តែខ្លាំង»។ ណាវេនរំឭករឿងរ៉ាវកាលពីក្មេងរបស់ខ្លួនដូច្នេះ។

ប្រឹងជម្នះរៀនជំនាញ «ជីវៈចម្រុះ» នៅនូវែលសេឡង់
ព្រោះតែបានពិន្ទុល្អ ហើយមានចំណង់ចំណូលចិត្តខ្ពស់ខាងជីវវិទ្យា និងគីមីវិទ្យា ណាវេន បានសម្រេច ដាក់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញ «វិទ្យាសាស្ត្រព្រៃឈើ»។ ដូចបំណងរបស់ខ្លួនមែន ណាវេន ទទួលបានអាហារូបករណ៍នៅឆ្នាំ ២០០២ នៅសាលាភូមិន្ទកសិកម្ម នារាជធានីភ្នំពេញ។ រៀនទ្រឹស្តីបណ្តើរ ចុះកម្មសិក្សាដើម្បីស្រង់ពិសោធន៍ផ្ទាល់តាមសហគមន៍ព្រៃឈើបណ្តើរ ជួយតម្រង់ផ្លូវ ណាវេនបានច្រើន។
ភាពប៉ិនប្រសប់ ប្រឹងតស៊ូរៀនសូត្រ បូកផ្សំនឹងចំណេះដឹងច្រើនរបស់ណាវេន ជួយឱ្យរូបគេទទួលបាន ការងារបុគ្គលិកស្ម័គ្រចិត្តអង្គការអភិរក្សអន្តរជាតិ (Conservation International Cambodia) ក្រោយ បញ្ចប់បរិញ្ញាបត្រពីសាលាភូមិន្ទកសិកម្មក្នុងឆ្នាំ ២០០៦។ ក្រោយបំពេញការងារ បានប្រហែល មួយឆ្នាំ ណាវេន បានក្លាយទៅជាបុគ្គលិក ផ្លូវការរបស់អង្គការអន្តរជាតិនេះ ក្នុងតួនាទីជាជំនួយការស្រាវជ្រាវ។ ក្នុងនាមជាជំនួយការអ្នកស្រាវជ្រាវនាពេលនោះ ណាវេនរៀបរាប់ថា រូបខ្លួនផ្តោតលើការស្រាវជ្រាវលើសត្វភេដើម្បីជំរុញការអភិក្សសត្វកម្រនេះនៅកម្ពុជា។
«ការងារខ្ញុំកាលនោះ គឺស្វែងរកប្រភេទសត្វភេដែលជិតផុតពូជ។ យើងរកឃើញថា មានសត្វភេកម្រមានរោមច្រមុះ [ភាសាបច្ចេកទេស hairy-nosed] នៅស្រុកយើង ហើយវាត្រូវការជំរុញការអភិរក្ស»។ ណាវេនរៀបរាប់ដោយសម្តីម៉ាត់ដូច្នេះ។ «ឥឡូវនេះយើងឃើញមានការកាត់បន្ថយច្រើនណាស់ការគំរាមកំហែងលើសត្វភេនេះ ហើយក៏វាកើតចេញពីការងារ និងយុទ្ធនាការជំរុញចំណេះដឹងពីសត្វកម្រនេះ»។
ក៏ព្រោះមានចំណេះដឹងពាក់ព័ន្ធនឹងវិស័យអភិរក្សច្រើន បូកផ្សំនឹងមានបទពិសោធក្នុងការងារក្រាស់ក្រែល ផង ណាវេន ក៏ចាប់ផ្តើមមានគំនិតបន្តការសិក្សានៅបរទេសដើម្បីពង្រីកចំណេះដឹង ឱ្យស្របតាមការប្រែប្រួលក្នុងការងារអភិរក្សរបស់ខ្លួន។
បុរសសម្បុរស្រអែម សក់ខ្លីមានស្កូវបន្តិចបន្តួចផងនោះ បានរៀបរាប់ដោយសំឡេងមុតៗ ច្បាស់ៗថា៖«ខ្ញុំបានសម្រេចចិត្តដាក់អាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ផង និងអាឡឺម៉ង់ កាលនោះដើម្បីរកឱកាសទៅរៀន។ ហេតុតែមានបំណងប៉ងចង់ទៅរៀននៅប្រទេសនិយាយភាសាអង់គ្លេសដែរ ខ្ញុំក៏សម្រេចជ្រើសរើសទៅរៀននូវែលសេឡង់តែម្តង»។
ក្នុងឆ្នាំ ២០១៣ ការប្តេជ្ញាចិត្តឆ្លៀតពេលពង្រឹងការសិក្សាភាសាអង់គ្លេសបន្ថែម ទោះជាមមាញឹកនឹង ការងារបានជួយឱ្យ ណាវេន ឈោងចាប់ក្តីស្រមៃរបស់ខ្លួនក្នុងការទៅសិក្សានៅ នូវែលសេឡង់ បានជោគជ័យ។ វាជាពេលដែលយុវជនរូបនេះគូសវាសផ្លូវដើរទៅរកជំនាញមួយដ៏សំខាន់ដែលអាច ឱ្យខ្លួនប្រើប្រាស់ពេញមួយជីវិតបាន។
រៀបរាប់ទាំងទឹកមុខរីករាយពេលរំឮកពីអនុស្សាវរីយ៍ ណាវេន ថ្លែងដូច្នេះ៖«ពេលខ្ញុំប្រឡងកម្រិតភាសាអង់គ្លេសបាន ៦ កាលនោះ ខ្ញុំអរស្ទើហោះ។ ដឹងដំណឹងនេះភ្លាម ខ្ញុំទិញសំបុត្រឡានទៅស្រុកកំណើត ទៅជប់លៀងជាមួយឪពុកម្តាយខ្ញុំ»។

ថ្វីបើជាប់អាហារូបករណ៍តាមក្តីស្រមៃទៅហើយក្តី ណាវេន ក៏នៅតែមិនបានដឹងច្បាស់ទេថា ប្រទេសដែលខ្លួនត្រូវផ្ញើប្រាណរយៈពេលបីឆ្នាំដើម្បីរៀនសូត្រនោះមានលក្ខខណៈយ៉ាងណាដែរ។ ប៉ុន្តែក្រោយពេលស្រាវជ្រាវបន្ថែមខ្លះ ណាវេន កាន់តែមានអារម្មណ៍រីករាយ ដោយបានដឹងថា នូវែលសេឡង់ស្ថិតក្នុងចំណោមប្រទេសដែលមានលក្ខខណ្ឌរស់នៅល្អ និងមានវិស័យអប់រំខ្ពស់ផង។
ពេលរំឮករឿងចេញទៅសិក្សានៅនូវែលសេឡង់ ណាវេន ចាប់ផ្តើមនឹកដល់បញ្ហាដែលកើតចំពោះខ្លួននាពេលនោះ។ បញ្ហាធំបំផុតរបស់ ណាវេន គឺប្រឹងជម្នះជ្រើសរើសជំនាញ «ជំនាញអេកូឡូស៊ី និងជីវៈចម្រុះ» ទោះមិនទទួលបានការគាំទ្រពីមិត្តភក្តិ។ ឧបសគ្គធំលើសមិត្តភក្តិមិនលើកទឹកចិត្ត គឺសាកលវិទ្យាល័យ ដែលបានស្នើសុំឱ្យ ណាវេន ប្តូរជំនាញ ដ្បិតសញ្ញាបត្រវិទ្យាសាស្ត្រព្រៃឈើដែល ណាវេន បានទទួលពីសាកលវិទ្យាល័យភូមិន្ទកសិកម្មនោះ មិនសមមូលសម្រាប់លក្ខខណ្ឌសិក្សាកម្រិតក្រោយឧត្តមសិក្សាឡើយ។

«មិត្តភក្តិខ្ញុំផ្តល់យោបល់ឱ្យខ្ញុំគិតគូរដែរពីមុខវិជ្ជាផ្សេងដូចជា ជំនាញប្រែប្រួលអាកាសធាតុជាដើម ព្រោះវាអាចមានឱកាសការងារខ្ពស់។ ឯខាងសាលា គេក៏ប្រាប់ឱ្យខ្ញុំប្តូរមុខវិជ្ជាដែរ ដោយសារតែសញ្ញាបត្ររបស់ខ្ញុំ គេមិនទទួលស្គាល់។ ទោះជាដូច្នេះក្តី ខ្ញុំប្រាប់គេវិញថា ខ្ញុំមិនប្តូរចិត្តទេ ព្រោះខ្ញុំស្រលាញ់មុខវិជ្ជានេះខ្លាំង»។ ណាវេន រៀបរាប់បែបនេះ។
ទៅជាបានជួបឧបសគ្គផ្ទួនៗក្តី ណាវេន មិនដែលមមៃគិតពីការបោះបង់ក្តីស្រមៃរបស់ខ្លួនឡើយ។ ជំនឿចិត្តលើខ្លួនឯង និងជម្នះដើរតាមក្តីស្រលាញ់របស់ខ្លួននេះហើយ ជាគន្លឹះសំខាន់បំផុតដែល យុវជនរូបនេះប្រើដើម្បីស្វែងរកភាពជោគជ័យក្នុងជីវិតសិក្សា។
«យើងជាអ្នកសម្រេចចិត្តខ្លួនឯង ហើយយើងក៏ច្បាស់លាស់និង ជឿជាក់ខ្លួនឯងដែរ។ ដូច្នេះហើយទោះជា វាលំបាកវេទនាយ៉ាងម៉េចក៏យើងមិនអាចបោះបង់ ឬងាកក្រោយទេព្រោះវាជ្រុលហើយ»។ ណាវេនពន្យល់ដូច្នេះ ហើយក៏បន្តសើចរលាក់តិចៗផង។
ដោយសារតែអាចរក្សាជំហររឹងមាំ និងកំណត់គោលដៅសិក្សារបស់ខ្លួនច្បាស់លាស់ ណាវេន ក៏ត្រូវបានសាកលវិទ្យាល័យ និងម្ចាស់ជំនួយអនុញ្ញាតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញ អេកូឡូស៊ី និងជីវៈចម្រុះ ដូចបំណងមែន។ ប៉ុន្តែពេលវេលាសិក្សាថ្នាក់បិរញ្ញាបត្រជាន់ខ្ពស់របស់ណាវេន ត្រូវកើនឡើងរហូតដល់បីឆ្នាំ។ នេះក៏ព្រោះថា មួយឆ្នាំដំបូង រូបគេត្រូវរៀនមុខវិទ្យាគោលៗដើម្បីជាស្ពានដើម្បីតទៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីរឆ្នាំទៀត។
បើផ្តោតលើការសិក្សាសញ្ញាបត្រជាន់ខ្ពស់ជំនាញ អេកូឡូស៊ី និងជីវៈចម្រុះ ណាវេន ត្រូវសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រសំខាន់ៗជាច្រើន ដែលមានដូចជា ដើមកំណើត និងការវិវត្តរបស់មនុស្ស ប្រវត្តិនៃការកកើតរបស់រុក្ខជាតិ អន្តរកម្មរបស់រុក្ខជាតិ និងជំនាញវិទ្យាសាស្ត្រផ្សេងទៀតដែរ។ លោករៀបរាប់បែបនេះ៖ «ខ្ញុំចាំច្បាស់ថា មុខវិជ្ជាទាំងនេះសំខាន់ៗគួរឱ្យចង់សិក្សា។ ជាឧទាហរណ៍ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាចេកមានស្លឹកធំ? ហេតុអ្វីប្រជៀវចេញក្រៅតែពេលយប់? សំណួរអ៊ីចឹងៗគួរឱ្យចាប់អារម្មណ៍ណាស់»។
ពេលសាកសួរថា តើដែលធ្លាប់សោកស្តាយដែរឬទេ បើសិនកាលនោះរូបគេមិនបានជ្រើសយកជំនាញ ជីវៈចម្រុះ ណាវេន ក៏ឆ្លើយតបវិញឥតស្ទាក់ស្ទើដូច្នេះថា៖ «ពិបាកនិយាយថា ស្តាយឬអត់ដែរ។ មិត្តភក្តិខ្ញុំផ្តល់យោបល់ឱ្យរៀនជំនាញផ្សេង ក៏ព្រោះតែគាត់មានគោលបំណងឱ្យយើងល្អ។ ដូចដឹងហើយ សញ្ញាបត្រប្រែប្រួលអាកាសធាតុក៏ល្អដែរ ប៉ុន្តែវាគ្រាន់តែទូលាយពេក»។
ជីវិតជាសិស្សអាហារូបករណ៍ដែលរស់នៅក្រៅប្រទេសប្រឈមនឹងការលំបាកស្រាប់ទៅហើយ ប៉ុន្តែការសម្រេចចិត្តរៀនសិក្សាផ្នែក អេកូឡូស៊ី និងជីវៈចម្រុះនេះ ធ្វើឱ្យ ណាវេនពិបាកទ្វេដង។ ពិបាកត្រង់ថា វាទាមទារឱ្យ ណាវេន សិក្សាមុខវិជ្ជាវិទ្យាសាស្ត្រច្រើនជាពិសេសពាក់ព័ន្ធនឹងការគិតលេខ និងទិន្នន័យវិទ្យាសាស្ត្រ ដែលសុទ្ធសឹងជាមុខវិជ្ជាពិបាកៗ និងទាមទារមូលដ្ឋានគ្រឹះរឹងមាំ។
«ពេលចូលរៀនឆ្នាំទីមួយ ខ្ញុំមានអារម្មណ៍ថា វាដូចឡើងភ្នំអ៊ីចឹង។ វេទនាណាស់! គេផ្សេងទៀតដែលមករៀនជាមួយ គេសុទ្ធតែរៀនជំនាញផ្សេង។ អ៊ីចឹង យើងគ្មានអ្នកណាប្រឹក្សាឬពិភាក្សាជាមួយទេទេ។ ប៉ុន្តែជីវិតបីឆ្នាំនៅទីនោះ វាមានល្វីងផង ផ្អែមផង ហើយមិនអាចបំភ្លេចបានទេ»។ បុរសវ័យ ៣៩ឆ្នាំ រៀបរាប់ពិសោធន៍សិក្សារបស់ខ្លួនដូច្នេះ។
ដោយឡែក ការលំបាក និងការប្រឹងប្រែងរបស់ ណាវេន ក្នុងពេលសិក្សានៅនូវែលសេឡង់ មិនមែនបង់ទៅឥតអំពើទេ។ និក្ខេបបទថ្នាក់អនុបណ្ឌិតដោយផ្តោតលើ«ចំណីអាហារសត្វទោច» និងបំណិនជីវិតផ្សេងទៀតដែលបានមកការសិក្សានេះហើយ បានជួយត្រួសត្រាយផ្លូវឱ្យ ណាវេន ឈានទៅបន្តថ្នាក់បណ្ឌិតទៀត ក្នុងពេលប្រាំមួយឆ្នាំបន្ទាប់។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ការស្រាវជ្រាវថ្នាក់បណ្ឌិតលើកនេះ ណាវេន ជ្រើសរើសយកប្រធានបទដែលមានសារសំខាន់ និងឥទ្ធិពលសម្រាប់សហគមន៍ធំជាងមុន ដោយផ្តោតលើប្រយោជន៍រុក្ខជាតិព្រៃជាអាហារ និងឱសថសម្រាប់សហគមន៍វិញម្តង។
ប្តូរពីស្រាវជ្រាវរុក្ខជាតិជាចំណីសត្វ ទៅផ្តោតលើរុក្ខជាតិព្រៃជាចំណីមនុស្ស
មកដល់កម្ពុជាវិញក្នុងឆ្នាំ ២០១៦ យុវជន ណាវេន បានត្រឡប់មកបំពេញការងារជាអ្នកប្រឹក្សាដល់ ស្ថាប័នចាស់ «អង្គការអភិរក្សអន្តរជាតិកម្ពុជា» វិញ។ បន្ទាប់មកទៀត ណាវេន ក៏បានទទួលតួនាទី ជាប្រធានគម្រោងអភិរក្ស ដោយមានការងារចម្បងដែលត្រូវផ្តោតការអភិវឌ្ឍជីវភាពប្រជាជន ការអនុវត្តច្បាប់ និងការស្រាវជ្រាវពីជីវៈចម្រុះ។
បំពេញការងារជាប្រធានគម្រោង ណាវេនអាចមានលទ្ធភាពអភិវឌ្ឍខ្លួន និងរៀនសូត្រពីការងារជាក់ស្តែងបានច្រើន។ ប៉ុន្តែច្រើនយ៉ាងណាក៏ ណាវេននៅតែចិញ្ចឹមចិត្តបន្តការស្រាវជ្រាវបន្តក្នុង កម្រិតខ្ពស់បន្ទាប់ ដ្បិតតែខ្លួនយល់ថា ចំណេះខ្លួនមិនទាន់ខ្ពស់ល្មមឡើយ។
ឆ្នាំ ២០២២ ណាវេនបានទទួលអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី ដោយលោកបន្តជ្រើសរើសយកការស្រាវជ្រាវលើរុក្ខជាតិជាចំណី និងឱសថ។ លើកនេះស្រាវជ្រាវលើចំណីមិនមែនសម្រាប់សត្វទេ ប៉ុន្តែតែសម្រាប់មនុស្សវិញម្តង ដោយកំណត់គោលដៅចម្បងលើសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី និងស្ទឹងត្រែង។
«បើសិនយើងស្រាវជ្រាវពីចំណីសត្វទោចដដែល វាប្រាកដជាងាយស្រួលព្រោះយើងមានគ្រឹះស្រាប់។ ប៉ុន្តែខ្ញុំចង់ឱ្យការស្រាវជ្រាវមានឥទ្ធិពលធំជាងមុន។ គិតដូច្នេះ ខ្ញុំក៏សម្រេចប្តូរប្រធានបទវិញ»។ លោកសង្កត់ធ្ងន់បែបនេះ។
បន្តរៀបរាប់ដោយសម្តីម៉ាត់ៗ ណាវេនប្រាប់ថា មុនសម្រេចជ្រើសរើសប្រធានបទស្រាវជ្រាវនេះ ខ្លួនចំណាយពេលវេលាច្រើនគួរសមដែរ ដើម្បីអានច្រើនសៀវភៅ និងឯកសារស្រាវជ្រាវក្នុងវិស័យពាក់ព័ន្ធក្នុងនោះមានសារធាតុចិញ្ចឹម និងអត្ថប្រយោជន៍ដែលរុក្ខជាតិព្រៃមាន ទាំងតម្លៃផ្នែកឱសថ និង អាហារូបត្ថម្ភផង។
យុវជន ណាវេន បានលើកឡើងថា៖«ខ្ញុំឃើញផងដែរថា ការសិក្សារបស់យើងមានតិចតួចណាស់ដែលផ្តោតលើអត្ថប្រយោជន៍នៃរុក្ខជាតិព្រៃ។ វាមានអ្នកស្រាវជ្រាវដែរ ប៉ុន្តែភាគតិចណាស់ដែលគេចាប់អារម្មណ៍លើប្រភេទរុក្ខជាតិ។ ភាគច្រើនគេចាប់អារម្មណ៍លើសត្វ»។
មួយផ្នែកធំនៃការសម្រេចចិត្តរើសយកប្រធានបទនិក្ខេបបទស្តីពីអត្ថប្រយោជន៍នៃរុក្ខជាតិព្រៃ គឺដោយសារបទពិសោធដែលខ្លួនមានតាំងពីក្មេង ដែលពឹងពាក់អាស្រ័យផលលើរុក្ខជាតិព្រៃជាចំណីអាហារ។
«ភាគច្រើនពីក្មេង ខ្ញុំឆ្ងល់ ហេតុម្តេចបានជាស្លឹករុក្ខជាតិហ្នឹងចត់ ឬល្វីង ដូចជា ស្លឹកស្មាច់ និងស្លឹកពោន ដែលយើងទម្លាប់តែហូបនៅស្រុកស្រែ។ ដោយមានពិសោធន៍បែបនេះ ខ្ញុំឯណេះកាន់តែចង់សិក្សា ដោយចង់យកវាទៅពិនិត្យនៅមន្ទីរពិសោធន៍ដើម្បីរកឱ្យឃើញថា វាមានសារធាតុអ្វីខ្លះ ហើយវាមានសារសំខាន់បែបណា»។ នេះជាការពន្យល់របស់ ណាវេន។
ចងក្រងចំណេះដឹងប្រពៃណីក្នុងការប្រើប្រាស់រុក្ខជាតិព្រៃជាអាហារ
បើតាមការសង្កេតរបស់អ្នកស្រាវជ្រាវដូចជា ណាវេនការចង់ដឹងពីសារធាតុសំខាន់ៗក្នុងរុក្ខជាតិព្រៃមួយមុខមិនទាន់អស់ទេ ប៉ុន្តែក្តីបារម្ភពីការហិនហោចទៅនៃរុក្ខជាតិព្រៃខ្លះដោយជំនួសវិញដោយដំណាំកសិកម្មពីមួយជំនាន់ទៅមួយជំនាន់នៅជាហេតុផលសំខាន់មួយទៀត។ ចង់មិនចង់ វាហិនហោចបាត់ ដោយនាំទៅជាមួយចំណេះប្រពៃណីរបស់ពលរដ្ឋក្នុងសហគមន៍ក្នុងការប្រើប្រាស់រុក្ខជាតិព្រៃទាំងនោះជាថ្នាំឬជាអាហារផង។
ព្រោះក្តីបារម្ភនេះហើយ បេសកកម្មរបស់ បេក្ខជនបណ្ឌិតរូបនេះ គឺមិនត្រឹមតែរំលេចឱ្យឃើញពីអត្ថប្រយោជន៍នៃរុក្ខជាតិព្រៃប៉ុណ្ណោះទេ ប៉ុន្តែរួមចំណែកជំរុញឱ្យមានការចងក្រងវិធីសាស្ត្រប្រពៃណីដែលមានស្រាប់ក្នុងសហគមន៍នីមួយៗក្នុងការចម្អិន និងរៀបចំរក្សាទុកប្រភេទរុក្ខជាតិព្រៃ។ ធ្វើបែបនេះ ណាវេនមិនត្រឹមតែជួយប្រជាជនឱ្យបានដឹងពីអត្ថប្រយោជន៍នៃរុក្ខជាតិព្រៃប៉ុណ្ណោះទេ ប៉ុន្តែរូបលោកអាចមានចំណែកជួយសហគមន៍ធានាសន្តិសុខស្បៀង និងទប់ស្កាត់ការបាត់បង់ចំណេះប្រពៃណី និងការផុតពូជនៃរុក្ខជាតិទាំងនោះនៅពេលអនាគតផង។
«រឿងចងក្រងឯកសារពីរុក្ខជាតិព្រៃជាគោលបំណងមួយរបស់ខ្ញុំដែរ។ បើទៅមុខក៏ចង់បោះពុម្ពវាជាសៀវភៅ ហើយរៀបជាសៀវភៅណែនាំក៏សំខាន់ម្យ៉ាង។ ប៉ុន្តែអាចថា នេះជាគោលដៅរយៈពេលវែងរបស់ខ្ញុំ»។ ណាវេនបញ្ជាក់ដូច្នេះ មុននឹងរៀបរាប់ពីទំនោរនៃការបាត់បង់ចំណេះដឹងប្រពៃណីនៅតាមសហគមន៍ ដោយសារការប្រែប្រួលនៃសង្គម និងសេដ្ឋកិច្ច។
ពេលប្រៀបធៀបសហគមន៍នៅតំបន់កសិកម្ម និងសហគមន៍នៅតំបន់ព្រៃ អ្នកជំនាញរូបនេះមើលឃើញមានចំណុចខុសគ្នាច្រើន។ ខុសគ្នាត្រង់ថា នៅតំបន់កសិកម្ម ប្រជាជនខ្លះហាក់ភ្លេចប្រភេទរុក្ខជាតិព្រៃអស់ហើយ ហើយប្រជាជនទាំងនោះក៏រឹតតែមិនបានដឹងទេថា រុក្ខជាតិទាំងនោះអាចយកទៅបរិភោគបាន ឬអាចប្រើបានជាឱសថព្យាបាលជំងឺទៀត។
«អាចថា ពលរដ្ឋយើងទម្លាប់ហូបអាហារពីផ្សារ និងដំណាំកសិកម្មច្រើនជាង។ ម្យ៉ាងយើងខ្វះការកត់ត្រាទុកពីរបៀបចម្អិន។ មួយទៀត បើគាត់គ្មានទម្លាប់ហូបទេ គាត់ក៏មិនចង់ហូបដែរ»។ ណាវេនរៀបរាប់ដូច្នេះ ហើយទាញយកឧទាហរណ៍ពីរបៀបធ្វើក្តួចដើម្បីបរិភោគនៅតាមសហគមន៍មកពន្យល់បន្ថែម។
លោកបកស្រាយបន្ថែមដូច្នេះ៖ «ក្តួចនេះមានរបៀបធ្វើ។ បើធ្វើមិនត្រូវឬមិនចេះធ្វើទេ វាអាចពុល។ ប៉ុន្តែចំណេះដឹងប្រពៃណីស្តីពីការច្នៃអាហារព្រៃរបៀបនេះ វាស្ទើបាត់បង់បន្តិចម្តងៗរួចទៅហើយ។ អ៊ីចឹងហើយ បើវាហិនហោចទៅ វាបាត់ទាំងវប្បធម៌ ហើយទាំងអត្តសញ្ញាណរបស់សហគមន៍គាត់»។
មកដល់ពេលនេះ ដំណើរស្រាវជ្រាវនិក្ខេបបទបណ្ឌិតរបស់ ណាវេនដើរបានជិតពាក់កណ្តាលទីហើយ។ ណាវេនបានប្រមូលសំណាករុក្ខជាតិព្រៃដែលខ្លួនត្រូវការសម្រាប់ពិសោធន៍បានទាំងស្រុងហើយ។ ទោះជាការស្រាវជ្រាវហាក់សម្រេចបានមួយផ្នែកធំតាមរយៈការប្រមូលទិន្នន័យក្តី ការវិភាគសំណាក និងការវាយតម្លៃ និងវិភាគទិន្នន័យផ្សេងទៀតជាកិច្ចការបន្ទាប់ដ៏លំបាកដែល ណាវេនត្រៀមធ្វើ ក្រោយត្រឡប់ទៅអូស្ត្រាលីវិញនៅដើមខែមករា ឆ្នាំ ២០២៥ខាងមុខ។
បើសិនរុក្ខជាតិព្រៃហិនហោចទៅ...
គម្រោងស្រាវជ្រាវបែបវិទ្យាសាស្ត្រដើម្បីគាស់កកាយពីអត្ថបទប្រយោជន៍នៃរុក្ខជាតិព្រៃ រួមជាមួយកង្វល់ទាំងអម្បាលម៉ានដែល ណាវេនបានរៀបរាប់ជុំវិញការហិនហោចនៃរុក្ខជាតិព្រៃនៅកម្ពុជា ប្រាកដជាទាញអារម្មណ៍គ្រប់គ្នាឱ្យងាកទៅផ្តោតលើបញ្ហាចំពោះមុខដែលសហគមន៍អាស្រ័យផលលើរុក្ខជាតិព្រៃកំពុងជួបប្រទះ។
ប្រាកដហើយ លើសពីការបាត់បង់វប្បធម៌ និងអត្តសញ្ញាណរបស់សហគមន៍ ណាវេន ក៏សំឡឹងឃើញដែរពីផលអវិជ្ជមានផ្សេងទៀតដែលអាចកើតឡើង ក្នុងនោះមានការបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច និងផលប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ។
«ការបាត់បង់ផ្នែកសេដ្ឋកិច្ចចម្បង ខ្ញុំអាចនិយាយបានថា វាអាចប្រឈមនឹងការបាត់បង់ចំណូល ដ្បិតរុក្ខជាតិព្រៃដែលយើងមានខ្លះ មានតម្លៃខ្ពស់ គ្រាន់តែយើងមិនបានយកចិត្តទុកដាក់ស្រាវជ្រាវបន្ថែមដើម្បីស្វែងយល់ពីអត្ថប្រយោជន៍វា។ ដូចដែលយើងដឹងដូចជា រុក្ខជាតិ Saffron មានតម្លៃខ្ពស់ណាស់»។ ណាវេនបញ្ជាក់ដូច្នេះ។
«រុក្ខជាតិព្រៃផ្សេងទៀតក៏អាចមានតម្លៃផ្នែកវេជ្ជសាស្ត្រខ្ពស់ គ្រាន់តែយើងមិនបានដឹងប៉ុណ្ណោះ។ ចំណែកអត្ថប្រយោជន៍ផ្នែកអាហារូបត្ថម្ភក៏វាមានដូចគ្នា ព្រោះ រុក្ខជាតិព្រៃខ្លះមានផ្ទុកសារធាតុចិញ្ចឹម និងសាធាតុរ៉ែខ្ពស់»។
បើតាមការពន្យល់របស់អ្នកជំនាញរូបនេះ រុក្ខជាតិព្រៃដែលភាគច្រើនគេស្គាល់ថា ងាយស្រួលដាំ និងមានអត្ថប្រយោជន៍សម្បូរបែបនេះ ក៏ជាប្រភេទដំណាំដែលមានភាពធន់នឹងអាកាសធាតុដែរ។ ក្នុងបរិបទប្រែប្រួលអាកាសធាតុដូចបច្ចុប្បន្ន ណាវេន ពន្យល់ថា រុក្ខជាតិព្រៃមានភាពធន់ជាងដំណាំកសិកម្មធម្មតា ហើយវាក៏ងាយស្រួលដាំនៅតាមផ្ទះ ឬព្រៃក្បែរផ្ទះដែរ។
បើតាម ណាវេន ការផុតពូជរុក្ខជាតិ មិនគួរឱ្យខ្លាចដូចការផុតពូជនៃសត្វទេ ប៉ុន្តែវាចាំបាច់ត្រូវមានការយកចិត្តទុកដាក់ខ្ពស់។ ជាធម្មតា រុក្ខជាតិព្រៃងាយស្រួលទាញត្រឡប់ និង ងាយបញ្ចូលវត្តមានរុក្ខជាតិទាំងនោះទៅក្នុងបរិស្ថានវិញដែរ បើសិនមានរក្សាទុកពូជរបស់វាបានស្រួលបួល។
«ដូច្នេះហើយ បានជាប្រទេសខ្លះគេរៀបចំរក្សាទុកពូជរុក្ខជាតិនៅតាមធនាគារហ្សែន ដែលមានបំពាក់បច្ចេកវិទ្យាទំនើបអាចរក្សាពូជរុក្ខជាតិមិនឱ្យខូចឬរលួយ ត្រៀមទុកបម្រុង បើសិនជាវាបាត់បង់ទៅក្នុងពេលណាមួយ។ ប្រទសខ្លះគេបង្កើតសួនរុក្ខជាតិឱ្យច្រើនដើម្បីរក្សាដាំដុះរុក្ខជាតិចម្រុះច្រើនប្រភេទក្នុងគោលដៅបញ្ចៀសការផុតពូជដូចគ្នា»។ ណាវេនពន្យល់បន្ថែមបែបនេះ។
បើសិនជាអ្វីគ្រប់យ៉ាងដំណើរការរលូនដូចការរំពឹងទុក ណាវេននឹងបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យជាតិអូស្ត្រាលីនៅចុងឆ្នាំ ២០២៧ ជាមួយនិក្ខេបបទដ៏សំខាន់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃរុក្ខជាតិព្រៃនេះ។ ទោះមិនទាន់រៀនចប់ ណាវេនគិតរំពៃរួចជាស្រេចហើយពីគោលដៅធំបំផុតរបស់ខ្លួន ហើយវាក៏មិនឆ្ងាយហួសផុតពីការប្រឹងជួយសហគមន៍តាមទីជនបទឱ្យមានជីវភាពរស់នៅល្អប្រសើរទេ។ ប៉ុន្តែអ្វីដែលសំខាន់លើកនេះ គឺគោលដៅរបស់ណាវេន នឹងផ្តោតលើការពង្រីកការស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនឹងអត្ថប្រយោជន៍រុក្ខជាតិព្រៃឱ្យបានទូទាំងប្រទេសកម្ពុជាទាំងមូល។
ផ្សព្វផ្សាយចំណេះពីរុក្ខជាតិព្រៃដល់សហគមន៍ជាគោលដៅអនាគត
«វាជាគោលដៅធំរបស់ខ្ញុំ។ យើងស្រាវជា្រវពីគុណតម្លៃនៃរុក្ខជាតិព្រៃចប់ យើងជំរុញការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមានការយកចិត្តទុកដាក់ ពង្រីកការដាំដុះ និងប្រើប្រាស់ ដើម្បីប្រយោជន៍ដល់សហគមន៍ ក៏ដូចជាពិភពលោកទាំងមូលដែរ»។ ណាវេនលើកឡើងដូច្នេះ ហើយបន្ថែមថា សកម្មភាពទាំងអស់នេះនឹងជួយដល់អ្នកបង្កើតគោលនយោបាយ ដាក់ចេញវិធានការអន្តរាគមន៍ជួយដោះស្រាយកង្វះអាហារូបត្ថម្ភរបស់ពលរដ្ឋតាមសហគមន៍ដែរនៅពេលអនាគត។
អ្វីដែលណាវែន បានរៀបរាប់ខាងលើ គឺជាគោលដៅរយៈពេលវែងក្នុងការចូលរួមជួយសហគមន៍។ ប៉ុន្តែសម្រេចគោលដៅរយៈពេលខ្លះ បន្ទាប់ពេលរៀនចប់បានសញ្ញាបត្របណ្ឌិត ជាក្តីបារម្ភធំមួយរបស់បេក្ខជនបណ្ឌិតរូបនេះ។ ដូចគេតែងលើកឡើងថា មានសញ្ញាបត្រខ្ពស់ដល់ថ្នាក់បណ្ឌិត ប៉ុន្តែពិបាករកកាងារធ្វើ។
«រឿងដែលបារម្ភជាងគេ គឺរកការងារអត់ឬបាន ដ្បិតតែសញ្ញាបត្រខ្ពស់ពេក ហើយការងារមួយចំនួនគេមិនត្រូវការសញ្ញាបត្រខ្ពស់អ៊ីចឹងទេ។ មានអ្នកនិយាយលេងដែរថា គេឃើញតែពាក្យដាក់ស្នើធ្វើការងារយើង គេលែងហ៊ានយក»។ ណាវេនរៀបរាប់ដូច្នេះ ហើយក៏ចាប់ផ្តើមសើច។ «នេះអាចថាខ្ញុំ មានគំនិត អវិជ្ជមានទៅចុះ»។
ថ្វីបើលួចបារម្ភខ្លះដែពីរឿងពិបាករកការងារធ្វើពេលត្រឡប់មកស្រុកវិញ ក្នុងងារជាបណ្ឌិតវិស័យអភិរក្សជីវៈចម្រុះក្តី បទពិសោធ និងចំណេះដឹងដ៏សំខាន់ៗដែល ណាវេន ទទួលបាន សុទ្ធសឹងតែជាដំបូន្មានសំខាន់ៗ សម្រាប់យុវជនយុវនារីដទៃដែលចង់ស្រាវជ្រាវក្នុងវិស័យនេះយកទៅពិចារណា។ បេក្ខជនបណ្ឌិតរូបនេះ ដាស់តឿនឱ្យអ្នកឯទៀត ជឿជាក់លើអ្វីដែលខ្លួនកំពុងធ្វើ និងប្រឹងប្រែងតាក់តែងផ្លូវជីវិតឱ្យបានតាមអ្វីដែលខ្លួនប៉ងប្រាថ្នា។
«បើយើងរៀបឬច្នៃជីវិតយើងឱ្យដូចយើងច្នៃគម្រោង យើងអាចធ្វើអ្វីក៏បាន។ ដូចខ្ញុំអ៊ីចឹង គោលដៅជីវិតខ្ញុំគឺរៀនបណ្ឌិត។ ចឹងខ្ញុំច្នៃជីវិតតាមហ្នឹង ហើយប្រឹងប្រែងរកផ្លូវទាល់តែសម្រេចជោគជ័យ។ ខ្ញុំធ្វើបាន អ្នកផ្សេងក៏អាចធ្វើបាន»។ ណាវេន រៀបរាប់ដោយសុទិដ្ឋិនិយមដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com