ថ្នាល verify.gov.kh ត្រូវបានជ្រើសរើសជាគំរូមួយ ក្នុងចំណោមថ្នាលឌីជីថលនៅទូទាំងពិភពលោក
- ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង ២:០០ នាទី រសៀល

រូបតំណាង៖ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ របស់រាជរដ្ឋាភិបាល verify.gov.kh» បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ នាប្រទេសសិង្ហបុរី កាលពីខែមករា_។
ថ្នាល verify.gov.kh របស់កម្ពុជា ត្រូវបានជ្រើសរើសជាគំរូមួយក្នុងចំណោមកម្មវិធី និងថ្នាលឌីជីថលនៅទូទាំងពិភពលោក ពីការបង្ហាញការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលថ្នាលនេះ អាចឱ្យប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័នរដ្ឋាភិបាលពិនិត្យមើល និងបញ្ជាក់ពីភាពត្រឹមត្រូវនៃឯកសារ ចេញដោយស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំសាធារណៈ ឬឯកជន តាមរយៈការស្កេន QR ស្តង់ដា។

កាលពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ លោក ជា សេរីវឌ្ឍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃក្រសួងប្រៃសណីយ៍ បាននាំយកថ្នាល verify.gov.kh របស់កម្ពុជាទៅបង្ហាញនៅក្នុងកិច្ចប្រជុំកំពូល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោក ដែលធ្វើឡើងនៅប្រទេសអេហ្ស៊ីប។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងជាង ១០០ ប្រទេស និងភាគីពាក់ព័ន្ធមកពីរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ដោយផ្តោតសំខាន់លើការបង្ហាញសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) និងការជំរុញការធ្វើបរិវត្តកម្មឌីជីថលទូទាំងពិភពលោក។
« នាឱកាសនោះ ថ្នាល verify.gov.kh របស់កម្ពុជាយើងត្រូវបានជ្រើសរើសជាគំរូមួយក្នុងចំណោមកម្មវិធី និងថ្នាលឌីជីថលនៅទូទាំងពិភពលោក ដែលបានបង្ហាញពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល។ ថ្នាល verify.gov.kh អាចឱ្យប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័នរដ្ឋាភិបាលអាចពិនិត្យមើល និងបញ្ជាក់ពីភាពត្រឹមត្រូវនៃឯកសារ ដែលចេញដោយស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំសាធារណៈ ឬឯកជន តាមរយៈការស្កេន QR ស្តង់ដារ»។ នេះជាការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ នាព្រឹកថ្ងៃទី១៨ ខែតុលា នេះ។
ថ្នាល verify.gov.kh ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ហើយត្រូវបានរដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ផ្លូវការ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ។ បណ្តាក្រសួង ស្ថាប័នសាធារណ និងឯកជន បានសហការជាបន្តបន្ទាប់ក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារនេះ។ ថ្នាល verify.gov.kh ដើរតួនាទីសំខាន់ក្នុងការលុបបំបាត់ការក្លែងឯកសារសាធារណៈ និងបង្កើនជំនឿទុកចិត្តដល់ពលរដ្ឋ។
ថ្នាលនេះ បានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១ ខែកុម្ភៈ។ នេះជាលើកទីមួយហើយ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយ ឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន។ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីប្រៃសណីយ៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានគូសបញ្ជាក់ថា៖ «សមិទ្ធផលនេះ មានការទទួលស្គាល់មិនត្រឹមតែក្នុងក្របខណ្ឌកម្ពុជាទេ តែជាការទទួលស្គាល់នូវជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិ»។
Relate
កាលពីថ្ងៃទី១១ ខែមីនា រដ្ឋាភិបាលប្រទេសឡាវ សម្រេចយកថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ទៅអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។ឡាវ ជាប្រទេសដំបូង ដែលនឹងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh របស់កម្ពុជា៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: