ក្រសួងប្រៃសណីយ៍ ជំរុញយុវជនរៀនជំនាញបច្ចេកវិទ្យាឌីជីថល
- ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៩:០០ នាទី យប់

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្តឱ្យសិស្សជ្រើសរើសសិក្សាជំនាញឌីជីថល ដែលជាជំនាញស្របតាមតម្រូវការទីផ្សារការងារក្នុងបរិបទសង្គមឌីជីថល។ ក្រសួងកំពុងផ្តល់អាហារូបករណ៍ជំនាញបច្ចេកវិទ្យាឌីជីថល ៥០០កន្លែង ដល់សិស្សបាក់ឌុបឆ្នាំ២០២៤។

លោក សំ សិទ្ធសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន លើកទឹកចិត្តឱ្យសិស្សជ្រើសរើសជំនាញឌីជីថល ទាំងបញ្ញាសិប្បនិម្មិត និងជំនាញផ្សេងៗ ស្របពេលដែលក្រសួងមានអាហារូបករណ៍ និងកម្មវិធីមិនគិតការប្រាក់ ដើម្បីចូលក្នុងរបត់ថ្មីនៃសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានេះ លោក សំ សិទ្ធសេរី ចង់ឃើញជំនាញឌីជីថលទូលំទូលាយជាមុន និងមានធនធានមនុស្សកាន់តែច្រើនបម្រើការងារក្នុងវិស័យឌីជីថល ដើម្បីឱ្យស្របតាមបរិបទសង្គមឌីជីថល។

ជំនាញឌីជីថលមានទីផ្សារការងារខ្ពស់ ហើយល្អបំផុតសម្រាប់យុវជន ជាពិសេសប្រាក់ចំណូលខ្ពស់។ លោក សំ សិទ្ធសេរី ថ្លែងដូច្នេះ៖ «គ្មានអ្វីដែលរៀនមិនបាននោះទេ! យើងលើកទឹកចិត្តឱ្យរៀនឌីជីថល ដើម្បីបង្កើតចំណេះដឹង។ ជាពិសេស បច្ចុប្បន្នក្រសួងបានផ្តល់អាហារូបករណ៍ជាច្រើនលើកជំនាញឌីជីថល ដូច្នេះកូន ក្មួយ គួរតែពិចារណាជ្រើសរៀនជំនាញបច្ចេកវិទ្យាឌីជីថល»។
កាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ច និងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា ដើម្បីប្រាស្រ័យទាក់ទងជាផ្លូវការលើកដំបូង ក្នុងវិស័យសាធារណៈ វិស័យអប់រំ និងសង្គមស៊ីវិល។
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ ចង់ឱ្យអ្នកប្រើប្រាស់បច្ចេកវិទ្យា AI ដែលអាចជួយបង្កើនផលិតភាពការងារប្រសិទ្ធភាពជាងមុន។ ដោយឡែក បញ្ញាសិប្បនិម្មិត មានប្រយោជន៍ច្រើនចំពោះសេដ្ឋកិច្ច សង្គម និងមានសក្តានុពលកែប្រែសមត្ថភាពប្រកួតប្រជែងរបស់មនុស្សម្នាក់ៗ ក្រុមហ៊ុនមួយៗ និងប្រទេសទៀត។ AI អាចជួយឱ្យសេវាកម្មនានាកាន់តែប្រសើរដល់អ្នកប្រើប្រាស់ ព្រោះវាដំណើរការដោយស្វ័យប្រវត្តិ ដែលមានអាចឆ្លើយសំណួរយ៉ាងរហ័ស និងត្រឹមត្រូវ។
កន្លងមក ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលឆ្នាំ២០២៤-២០៣៥ របស់រដ្ឋាភិបាលក្នុងក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ត្រូវបានបែងចែកជា៧ផ្នែក ដែលមាន២០ក្រុមជំនាញ និង៦៣មុខរបរសំខាន់។
សូមជម្រាបថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍ជំនាញបច្ចេកវិទ្យាឌីជីថល ៥០០កន្លែង ដល់សិស្សបាក់ឌុបឆ្នាំ២០២៤ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរយៈពេល៤ឆ្នាំ នៅគ្រឹះស្ថានឧត្តមសិក្សា៦ រួមមាន ៦ រួមមាន នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និង សាកលវិទ្យាល័យជាតិគ្រប់គ្រង៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: