មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ ធ្វើនៅកំពង់ចាម ពីថ្ងៃទី១-៣ ខែវិច្ឆិកា
- ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៩:០០ នាទី ព្រឹក

រូបភាពពីទំព័រហ្វេសប៊ុក មហោស្រពអក្សរសិល្ប៍ខ្មែរ។
«អក្សរសិល្ប៍បៃតង» ជាប្រធានបទចម្បង សម្រាប់មហោស្រពអក្សរសិល្ប៍ខ្មែរ ឆ្នាំទី៧ ដែលគ្រោងប្រារព្ធ នៅក្រុងកំពង់ចាម ពីថ្ងៃទី១-៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទីកន្លែងដែលប្រារព្ធមហោស្រពនេះ គឺនៅវិទ្យាល័យព្រះសីហនុ សាលាជំនាន់ថ្មីក្រុងកំពង់ចាម និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។

មហោស្រពអក្សរសិល្ប៍ខ្មែរ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧មក ក្រោមគោលបំណងបណ្ដុះស្មារតីអក្សរសាស្ត្រជាតិ, លើកកម្ពស់នូវកិត្តិយស និងគុណតម្លៃរបស់និពន្ធ និងបង្កើនឱកាសក្នុងការទំនាក់ទំនង។ ជាពិសេស គឺ ពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ វិស័យបោះពុម្ព និងអក្សរសិល្ប៍។
មហោស្រពអក្សរសិល្ប៍ខ្មែរ សម្រាប់ឆ្នាំទី៧នឹងមានកម្មវិធីជាច្រើន។ ដូចជា៖ មហោស្រពកំណាព្យតូច, កម្មវិធីណែនាំសៀវភៅ «រលកថ្មី៖ ស្នាដៃអក្សរសិល្ប៍ពី ២០២១ ដល់ ២០២៣», ពិព័រណ៍ «បៃតង», សិក្ខាសាលានិពន្ធច្នៃប្រតិដ្ឋ, វេទិកាពិភាក្សា «តួនាទីប្រតិបត្តិករវប្បធម៌ក្នុងការលើកកម្ពស់ និងចូលរួមការពារបរិស្ថាន», អំណានតាមទីតាំងជាក់លាក់ស្ដីអំពីខេត្តកំពង់ចាម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់មហោស្រពអក្សរសិល្ប៍ខ្មែរ នៅថ្ងៃទី១៧ ខែតុលា ដែលនៅព្រឹត្តិការណ៍នេះ ក៏មានវេទិកាសេរី «អំណានបៃតង», ទស្សនកិច្ចវប្បធម៌, កិច្ចពិភាក្សា «ជំនួបអ្នកនិពន្ធនៅកំពង់ចាម», សិក្ខាសាលា «បណ្តាំមួយនៃកវីឃុន ស្រ៊ុន», ប្រឡងសំណេរបៃតង, ប្រកាសជ័យលាភីស្នាដៃអក្សរសិល្ប៍ច្នៃប្រតិដ្ឋ និងសិល្បៈទស្សនីយភាពចម្រុះ (របាំប្រជាប្រិយ, ចាប៉ីដងវែង, ល្ខោនខោល, អាយ៉ៃ 5G នាងស៊ូស៊ូ, ល្ខោនបាសាក់, និងចាប៉ីដងវែង) ផងដែរ។
ក្នុងនាមជាអ្នកស្រឡាញ់អក្សរសិល្ប៍ខ្មែរមួយរូប អ្នកនិពន្ធជើងចាស់ ជុត ខៃ ដែលជាទូតសុច្ឆន្ទៈទី១ នៃមហោស្រពអក្សរសិល្ប៍ខ្មែរ បានអំពាវនាវសាធារណជនទាំងអស់ចូលរួមព្រឹត្តិការណ៍នេះឱ្យបានកុះករ ដើម្បីលើកទឹកចិត្តអ្នករៀបចំ និងគាំទ្រអក្សរសិល្ប៍ខ្មែរ ឱ្យនៅគង់វង្សស្ថិតសេ្ថរ ជានិរន្តរ។ « ព្រោះ អក្សរសិល្ប៍ខ្មែរ ជាព្រលឹងនៃជាតិសាសន៍យើង ។ អ្នកកវី និពន្ធខ្មែរ តែងតែនិយាយ និងសរសេរថា អក្សរសិល្ប៍រលាយ ជាតិនឹងរលត់»។ នេះជាការលើកឡើងរបស់និពន្ធ ជុត ខៃ ក្នុងវីដេអូជាង២នាទី ដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមមហោស្រពអក្សរសិល្ប៍ខ្មែរ នាថ្ងៃទី១៩ ខែតុលា។
ដើម្បីឱ្យសាធារណជនយល់កាន់តែច្បាស់ពីព្រឹត្តិការណ៍នេះ «មហោស្រពអក្សរសិល្ប៍ខ្មែរ» នឹងធ្វើសន្និសីទសារព័ត៌មាន នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១៧រសៀល ដល់ម៉ោង ១៩យប់ ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: